ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ​ស៊ីដាច់​៧៦​ម៉ឺន​ដុល្លារ​រឿង​រត់ការ​ឲ្យ​ចិន​ចូលសញ្ជាតិ​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​សំណុំរឿង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ ដែល​ស៊ីដាច់​ប្រាក់​ថៅកែ​ជនជាតិ​ចិន​ប្រមាណ​៧៦​ដុល្លារ​អា​មេ​រិ​កថា

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​សំណុំរឿង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ ដែល​ស៊ីដាច់​ប្រាក់​ថៅកែ​ជនជាតិ​ចិន​ប្រមាណ​៧៦ម៉ឺន​​ដុល្លារ​អា​មេ​រិ​កថា យក​ទៅ​រត់ការ​ចូល​សញ្ញា​តិ​ខ្មែរ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​២០០​លាន​រៀល និង​សង​សំណង​រដ្ឋបវេណី ២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ ស៊ិ​ន ដា​វុ​ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​B១០ ផ្លូវលំ ភូមិ​បឹង​ឈូក ស្ថិត​ក្នុង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជានា​យក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ហ្គោ​ល​វែ​ល ។

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​ថៅកែ​ជនជាតិ​ចិន​៣​នាក់​ប្តឹង​រឿង​ស៊ីដាច់​ប្រាក់​៧៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​យក​ទៅ​រត់ការ​ឲ្យ​ចូល​សញ្ញា​តិ​ខ្មែរ តែ​មិន​បាន​សម្រេច។

តាម​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ ស៊ិ​ន ដា​វុ​ធ យក​ជូន​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ពាក្យបណ្តឹង​របស់​ថៅកែ​ចិន​៣ នាក់​នោះ ។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ថៅកែ​ចិន​ម្នាក់​ជានា​យក​ក្រុមហ៊ុន បាន​ពឹងពាក់​ឲ្យ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ហ្គោ​ល​វែ​ល ឲ្យ​ជួយ​រត់ការ​ដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ ចំពោះ​ជនជាតិ​ចិន​៣​នាក់ ក្នុង​មាន​ប្រុស​២​នាក់ និង​ស្ត្រី​ម្នាក់ ជា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នោះ ។ បន្ទាប់​មក​ឈ្មោះ ស៊ិ​ន ដា​វុ​ធ បាន​តម្រូវ​ឲ្យ​ថៅកែ​ចិន ប្រគល់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មក​ឲ្យ​គេ (​ស៊ិ​ន ដា​វុ​ធ​) ដើម្បី​យក​ទៅ​រត់ការ​ដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ​នោះ ហើយ​បាន​សន្យា​ជាមួយ​គ្នា​ថា ក្នុង​រយៈពេល​៩០​ថ្ងៃ ទើប​ចេញ​លទ្ធផល ។ ពេល​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ថៅកែ​ចិន​ជា (​នាយក​ក្រុមហ៊ុន​) បាន​ប្រគល់​សែក​១០​សន្លឹក​របស់​ធនាគារ​សហ​ពាណិជ្ជ​.​ក​.​អ មាន​ទឹកប្រាក់​សុ​រប​ចំនួន​៧៦ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ។

លុះដល់​ថ្ងៃ​កំណត់ ស្រាប់តែ​មិនឃើញ​មានការ​កោះហៅ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទៅ​ស្បថ​ប្រកាស​ចូលសញ្ជាតិ​តាម​បែបបទ​រដ្ឋបាល​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ទេ ដោយសារ​តែ​មូលហេតុ​យ៉ាង​ដូច្នេះ ហើយ ទើប​ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ តែ​ជន​នេះ​បាន​គេចវេស និង​មិន​បាន​ជួប​ចរចា​គ្នា​ដូច​ការ​សន្យា មុន​ពេល​ទទួលយក​ប្រាក់​នោះ​ទេ ថែម​ទាំង​ព្យាយាម​គេចខ្លួន​ទៀត​ផង ។

លុះដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ នាយក​ក្រុមហ៊ុន​បាន​តាម​រក​ឃើញ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ ពេល​នោះ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ បាន​និយាយ​ថា ខ្លួន​មិន​បាន​យក​ប្រាក់​នោះ​ទៅ​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ទេ គឺ​យក​ទៅ​ប្រើប្រាស់​ប្រយោជន៍​ផ្ទាល់ខ្លួន តែ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ បាន​សន្យា​ថា នឹង​សង​ប្រាក់​នោះ​ទាំងអស់​វិញ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន​នៅ​តែ​មិន​សង ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ ទើប​នាយក​ក្រុមហ៊ុន (​ថៅកែ​ចិន​) សម្រេចចិត្ត​ពឹងពាក់​មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ គឺ​លោក លី តៃ​សេង ដើម្បី​ប្តឹង​ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ដា​វុ​ធ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​សាកសួរ តែ​ជនសង្ស័យ​នៅ​មិន​ព្រម​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ដដែល ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ នៅ​ពេល​សវនាការ​ជនជាប់ចោទ​បាន​ទទួលស្គាល់​ថា ពិតជា​បាន​យក​ប្រាក់​ពី​ថៅកែ​ចិន​នោះ​មែន ប៉ុន្តែ​ទទួល​ត្រឹម​៦០​ម៉ឺន​ដុល្លារ មិនមែន​៧៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ ចំពោះ​ការ​កាត់ក្តី​នេះ ជនជាប់ចោទ បាន​និង​កំពុង​សិក្សា​ជាមួយ​មេធាវី ដើម្បី​ប្តឹង​ឧទ្ធរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ