ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​ចំ​ពេល​អាជ្ញាធរ​កំពុង​ជន្លៀស​ចេញពី​ទឹកជំនន់

2 ឆ្នាំ មុន
  • បាត់ដំបង

ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ បាន​ឈឺពោះ​ឆ្លងទន្លេ ខណៈ​ពេល​ដែល​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជួយ​ដឹក​ជន្លៀស​គាត់ និង​ក្រុម​គ្រួសារ​ចេញពី​គ្រោះ​ទឹកជំនន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​

ខេត្តបាត់ដំបង​៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ បាន​ឈឺពោះ​ឆ្លងទន្លេ ខណៈ​ពេល​ដែល​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជួយ​ដឹក​ជន្លៀស​គាត់ និង​ក្រុម​គ្រួសារ​ចេញពី​គ្រោះ​ទឹកជំនន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​គាត់​បាន​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​លើ​ទីទួល​ពាក់កណ្ដាល​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​បួរ លោកស្រី កង សុ​ផា បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ​ពេល​កំពុង​សង្គ្រោះ​ចេញពី​ទឹកជំនន់​នោះ​មានឈ្មោះ ឃី ចំប៉ី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។ គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ ស្រប​ពេល​កំពុង​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ខ្លាំង​។

លោកស្រី កង សុ​ផា បាន​ប្រាប់​បន្ត​ថា អាជ្ញាធរ​ស្រុក និង​មន្ត្រីឃុំ បាន​ចុះ​ជួយ​ដឹក​ជន្លៀស​គាត់ និង​ក្រុម​គ្រួសារ​ចេញពី​លំនៅ​ឋាន ដែល​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ដើម្បី​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព តែ​ចៃដន្យ​អី​ស្ត្រី​រូប​នេះ ក៏​បាន​ឈឺពោះ​ឆ្លងទន្លេ ពេល​ដែល​អាជ្ញាធរ​កំពុង​ជួយ​ដឹក​ជន្លៀស​រូប​គាត់​ឆ្លងកាត់​ទឹកជំនន់​ដល់​ពាក់កណ្ដាល​ផ្លូវ​ទៅ​ហើយ​។

មន្ត្រី​រដ្ឋបាល​ស្រុក​ភ្នំព្រឹក ក៏​បាន​និយាយ​ដែរ​ថា ពេល​កំពុង​ត្រូវ​បាន​ជន្លៀស​ចេញពី​លំនៅ​ឋាន​តាម​ផ្លូវ​ដែល​លិចលង់​ទៅ​ដោយ​ជំនន់​ទឹកភ្លៀង​នោះ ស្រាប់តែ​ស្ត្រី​រូប​នេះ​ឈឺពោះ​ខ្លាំង​នៅ​កណ្ដាល​ទឹក អាជ្ញាធរ​ក៏​សម្រេច​រក​ទីតាំង​ដែល​គោក ដើម្បី​ឲ្យ​គាត់​សម្រាក និង​បាន​ទំនាក់ទំនង​សុំ​អន្តរាគមន៍​ពី​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​បួរ ឲ្យ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​មន្ត្រី​បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ ឃី ចំប៉ី បាន​សម្រាល​បានកូន​ប្រុស​ម្នាក់​ដែល​ជា​កូន​ទី​០២ ហើយ​ក្រុម​ពេទ្យឆ្មប​ក៏​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ឆ្លងទន្លេ​បាន​ដោយ​សុវត្ថិភាព​ផង​ដែរ​។ ពេល​នេះ​ទាំង​ម្ដាយ និង​កូន គឺ​មាន​សុខភាព​ល្អ​ប្រសើរ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជូន​គាត់​ទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​មណ្ឌល​សុខភាព​បួរ មុន​ពេល​ឲ្យ​គាត់​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។

សូម​បញ្ជាក់​ថា ឃុំ​ចំនួន​០៤ នៅ​ក្នុងស្រុក​ភ្នំព្រឹក បាន​រង​នូវ​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​១៤ និង​បន្ត​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ដែល​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្លូវថ្នល់ ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។

បើ​តាម​របាយ​ការ​ណ៏​សាខា​កាកបាទក្រហម​ខេត្ត ដែល​បាន​រាយ​ការ​ណ៏​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា​នោះ បាន​ឲ្យ​ដឹង​ថា ឃុំ​ចំនួន​០៤ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នោះ មាន​ឃុំ​បួរ ឃុំ​ពេ​ជ​ញរ​ចិន្តា ឃុំ​ភ្នំព្រឹក និង​ឃុំ​បារាំង​ធ្លាក់​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជំនន់​ទឹកភ្លៀង​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៦៥៦​ខ្នង ក្នុង​នោះ​មាន​ចំនួន​៧៤​ខ្នង​ខូចខាត​ទាំងស្រុង​។ ប៉ុន្តែ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ទេ ហើយ​របាយការណ៍​ដដែល​ក៏​មិន​ទាន់​និយាយ​ពី​ផល​ប៉ះពាល់​លើ​ដំណាំ​កសិកម្ម​ដែរ​។

យ៉ាងណា​ក្ដី ពេល​នេះ អាជ្ញាធរ និង​សាខា​កាកបាទក្រហម បាន​និង​កំពុង​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​បន្ត ដើម្បី​រៀបចំ​ជា​អំណោយ​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ