ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តមណ្ឌលគិរី ចាក់​វ៉ាក់សាំង​បាន​ជាង ៦០០០​នាក់​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី បានចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ១២ ០០០​នាក់ នៅ​ស្រុក​កែវ​សីមា បន្ទាប់ពី​ទទួលបាន​នូវ​វ៉ាក់សាំង…

​ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី បានចាប់ផ្ដើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ១២ ០០០​នាក់ នៅ​ស្រុក​កែវ​សីមា បន្ទាប់ពី​ទទួលបាន​នូវ​វ៉ាក់សាំង ចំនួន ១​ម៉ឺន ២​ពាន់​ដូ​ស ពី​រាជរដ្ឋាភិបាល​។ ការចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា​នេះ ខណៈដែល​នៅតាម​បណ្តា​ក្រុង​/​ស្រុក ក្នុង​ខេត្ត នៅតែ​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ជាប្រចាំ​ថ្ងៃ​។​

​នៅ​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​នូវ​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ១២.០០០​ដូ​ស ពី​រាជរដ្ឋាភិបាល ក្នុង​វគ្គ​ទី​៣​នេះ អាជ្ញាធរខេត្ត ចាប់ផ្ដើម​ចាក់​ដល់​ពល​រដ្ឋ រស់នៅក្នុង​ឃុំ​ចំនួន ៣ គឺ​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ព្រះ និង​ឃុំ​ស្រែ​ឈូក ក្នុងស្រុក​កែវ​សីមា ជា​មុខ​សិន ហើយ​ជា​បន្ទាប់​ទៀត នឹង​ចាក់​ជូន​ពលរដ្ឋ នៅ​ក្រុង​/​ស្រុក ចំនួន ២​ទៀត មានស្រុក​ពេ​ជ្រា​ដា និង​ក្រុង​សែន​មនោ​រម្យ​។​

​ឯកឧត្តម​បន្តថា សម្រាប់​ដំណើរ​ការចាក់ នាពេលនេះ គឺមាន​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​/​ស្រុក មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក រួមទាំង​សមត្ថកិច្ច សហការគ្នា ត្រួតពិនិត្យ​ធ្វើការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​ឲ្យ​ការចាក់​វ៉ាក់សាំង​សម្រេចបាន​តាម​ផែនការ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​វ៉ាក់សាំង​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ពាក់ព័ន្ធ​នឹង​ការ​តម ឬ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ដោយ​មិន​ត្រូវមាន​ការធ្វេសប្រហែស​នោះទេ​។​

​លោក គីម​សៀន បញ្ញា ប្រធាន​ក្រុម​ឆ្លើយតប​បន្ទាន់​ជំងឺឆ្លង និង​ជា​អនុប្រធាន​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ នៃ​មន្ទីរ​សុខាភិបាល ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​ដំបូង ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា មាន​អ្នក​បាន​ចុះឈ្មោះ ចាប់ពី​អាយុ ១៨-៥៩​ឆ្នាំ មាន​ចំនួន ៦៣០​នាក់ ស្រី ២៨៧​នាក់ អ្នកទទួលបាន​ចាក់​វ៉ាក់សាំង​ចំនួន ៦២២​នាក់ ស្រី ២៨២​នាក់ និង​អ្នក​មិនអាច​ចាក់​វ៉ាក់សាំង​ចំនួន ០៨​នាក់ ស្រី ០៥​នាក់ ដោយឡែក មនុស្ស​ចាស់ អាយុ ៦០​ឆ្នាំ បាន​ចុះឈ្មោះ សរុប​ចំនួន ៣៤​នាក់ ស្រី ១៧​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់​។​

​សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ក៏បាន​អនុវត្ត​ការ​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​១៩ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំង អ្នកមាន​អទិភាព រួមទាំង​គ្រួសារ​អតីតយុទ្ធជន ប្រជាពលរដ្ឋ ចំនួន​ពីរ​វគ្គ​ផងដែរ ដោយ​វគ្គ​ទី​១ ប្រើ​វ៉ាក់សាំង​ប្រភេទ Sinopham ចាក់​ជូន​ប្រជា​ពលរដ្ឋ​​ចំនួន ២,៨៥៨​នាក់ ស្រី​ចំនួន​១,០១៧​នាក់​។ ចំណែក​វគ្គ​ទី​២ ប្រើ​វ៉ាក់សាំង​ប្រភេទ Sinovac ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣,៤៨៧​នាក់ ស្រី​ចំនួន​១,៤៨៧​នាក់ ហើយ​សរុប​ទាំងពីរ​វគ្គ មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ ក្នុង​ខេត្តមណ្ឌលគិរី ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​លើក មាន ៦,៣៤៥​នាក់ ស្រី​២,៥០៥​នាក់​៕ សាយ ករុណា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ