ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកកាសែត​បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​រដ្ឋាភិបាល

2 ឆ្នាំ មុន
  • បាត់ដំបង

អ្នក​សារព័ត៌មាន​ដែល​ល្បីល្បាញ​ទៅ​ដោយ​រឿងអាស្រូវ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន និង​បាន​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រោម​ការ​ចោទប្រកាន់​ពី​បទ

ខេត្តបាត់ដំបង ៖ អ្នក​សារព័ត៌មាន​ដែល​ល្បីល្បាញ​ទៅ​ដោយ​រឿងអាស្រូវ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន និង​បាន​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​»​។

បើ​តាម​របាយការណ៍​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​មានឈ្មោះ កៅ ពី​សិ​ដ្ឋ អាយុ​៣២​ឆ្នាំ ជា​អ្នក​សារព័ត៌មាន រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ហើយ​អ្នក​សារព័ត៌មាន​រូប​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​កាល​ពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​ចំណុច​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​។

កោះសន្តិភាព មិន​ទាន់​អាច​ទំនាក់ទំនង​មន្ត្រី​កងរាជអាវុធហត្ថ ដើម្បី​បាន​ចម្លើយ​ពី​ជនសង្ស័យ​ឈ្មោះ កៅ ពិសិដ្ឋ នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា អ្នក​សារព័ត៌​មានឈ្មោះ កៅ ពិសិដ្ឋ នេះ ត្រូវ​បាន​ឃាត់ខ្លួន​ដោយសារ​តែ​ជន​នេះ​ដើរ​និយាយ​បំផុសបំផុល កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​។ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​សរសេរ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន រិះគន់​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​សរសេរ​សារ​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​បក្ស​ប្រជាជន ហើយ​ថែម​ទាំង​បណ្ដេញ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ចុះ​ចេញ​ទៀត​ផង​។

យោង​លើ​ខ្លឹមសារ​ដែល​អ្នកកាសែត​ឈ្មោះ កៅ ពិសិដ្ឋ បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ចំនួន​០៣​លើក នៅ​ក្នុង​អាក់​ខោ​ន​ឈ្មោះ « Kouv Piseth » ដែល​កោះសន្តិភាព ទទួល​បាន គឺ​ទី​១ នៅ​ក្នុង​អំឡុង​ខែឧសភា កន្លង​ទៅ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល ប្រកាស​ហាម​មិន​ឲ្យ​ផឹកស៊ី ឬ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម បែរជា​ជន​នេះ​ផឹកស៊ី​ថត​បង្ហោះ​ផ្គើន​នឹង​បំរាម​នេះ ។ ទី​២ ក្នុងអំឡុងពេល​ថ្មី​ៗ​នេះ អាក់​ខោ​ន​ដដែល​បាន​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​ថត​បង្ហោះ អម​ដោយ​ខ្លឹមសារ «​ពួក​ខ្ញុំ​មិន​គាំទ្រ​ទេ ការ​កាន់​អំណាច​របស់​បក្ស​ប្រជាជន ចុះ​ចេញ​ទៅ ពួក​ខ្ញុំ​ក្មេង​ជំនាន់​ក្រោយ ពួក​ខ្ញុំ​មិន​គាំទ្រ​ទេ ចុះ​ចេញ​ទៅ​» និង​ទី​៣ អាក់​ខោ​ន​នេះ ក៏​បាន​បង្ហោះ​រូបភាព​ម្ដុំ​គ្នា​ផឹកស៊ី​បង្ហាញ​កំប៉ុង​ស្រា​បៀរ​ដូច​មុខ​ៗ​ដែរ តែ​ក្លែម​ខ្លឹមសារ​ហាក់​ចាស់ដៃ​ជាង​មុន​។ ខ្លឹមសារ​នោះ​សរសេរ​យ៉ាង​ដូច្នេះ​ថា « ពួក​ខ្ញុំ​ទាំង​៣​នាក់ សូម​សំណូម​អោយ​សហគមន៍​អន្តរជាតិ ចាត់ការ​មក​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​សូម​អោយ​អន្តរជាតិ កាត់​ផ្ដាច់ជំនួយ​ទាំងអស់​»​។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ កៅ ពិសិដ្ឋ បាន​បង្ហោះ​ខ្លឹមសារ​វាយប្រហារ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្ងន់ធ្ងរ​បំផុត ការ​ប្រព្រឹត្ត​ចុង​ក្រោយ​នេះ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​។ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​បំផុសបំផុល និង​ព្យាយាម​រារាំង​មិន​ឲ្យ​អ្នកស្រុក​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង បង្ការ​កូ​វី​ដ​១៩​ទៀត​ផង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​អ្នកកាសែត ដែល​សំបូរ​រឿងអាស្រូវ​រូប​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ទូរស័ព្ទ​ដៃ​ដែល​ប្រើប្រាស​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ខ្លឹមសារ​វាយប្រហារ​ថ្នាក់ដឹកនាំ រថយន្ត​ម៉ាក​កាំ​មេ​រី ស៊េរី​ឆ្នាំ​៨៩ ពណ៌​ស​០១​គ្រឿង និង​ប័ណ្ណ​សារព័ត៌មាន​០១​សន្លឹក​។ ទោះ​យ៉ាងណា ជនសង្ស័យ​ឈ្មោះ កៅ ពិសិដ្ឋ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ