ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពន្យា​រ​ពេល​ស៊ី​ហ្គេ​ម​ដល់​ឆ្នាំ​២០២២ ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡា​រាំ​កម្ពុជា​ក្នុង​ការ​ពង្រឹងសមត្ថភាពនិង​​​​បច្ចេកទេស​បន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​

រាជធានី​ភ្នំពេញ ​៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ការ​ពន្យារពេល​នៃ​ស៊ី​ហ្គេ​ម លើក​ទី​៣១ របស់​ម្ចាស់ផ្ទះ​វៀតណាម ទៅ​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២២ គឺជា​ឱកាសល្អ​សម្រាប់​កីឡាករ កីឡាការិនី​រាំ​ជម្រើសជាតិ​កម្ពុជា​ដើម្បី មាន​ពេលវេលា​កាន់តែ​ច្រើន ក្នុង​ការ​បង្កើន​គុណភាព​បច្ចេកទេស​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេ​ម​នេះ​។

លោកស្រី​អគ្គលេខាធិការ​បាន​លើក​ឡើង​ថា ដោយសារ​តែ​នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ក្រុម​ជម្រើសជាតិ​កីឡា​រាំ​ក៏​ដូច​ជា​ក្រុម​ជម្រើសជាតិ​ជា​ច្រើន​ទៀត កំពុង​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​មិន​មានការ​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​នោះ​ឡើយ​។ ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ ដោយ​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​ពី​គ្រូបង្វឹក​តាម​ប្រព័ន្ធ​អន​ឡាញ​បែប​នេះ មិន​អាច​បង្កើន​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ​។

បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា មាន​កីឡាករ​៥​នាក់ និង​កីឡាការិនី​៥​នាក់ កំពុង​បន្ត​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នៅឡើយ ហើយ​សហព័ន្ធ​ក៏​កំពុង​រង់ចាំ​ការ​រៀបចំ​ការ​ហ្វឹកហាត់​បិទ​ខ្ទប់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដើម្បី​បង្ការ​ឲ្យ​ផុត និង​ធានា​ឲ្យ​បាន​សុវត្ថិភាព​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ជាមួយ​និង​ការ​ពន្យារពេល​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម លោកស្រី ហង់ ស៊ី​មន សង្កត់ធ្ងន់​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា មាន​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ការ​ហ្វឹកហាត់​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ក្នុង​គោលដៅ​ប្រើប្រាស់​ពេលវេលា​ហ្វឹកហាត់​ប្រមាណ​១​ឆ្នាំ​ទៀត​នេះ ដើម្បី​ឆ្ពោះទៅ​ស្វែងរក​មេដាយ ក្នុង​កម្រិត​ណាមួយ ពី​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់ CAMSOC ពីព្រោះ​ថា ស៊ី​ហ្គេ​ម លើក​ទី​៣១​នេះ គឺជា​ហ្គេ​ម​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់​កម្ពុជា ក្នុង​ការ​សម្រេច​លទ្ធផល​ដ៏​គាប់ប្រសើរ​មួយ នៅ​ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​របស់​ខ្លួន​។

លោកស្រី ហង់ ស៊ី​មន បញ្ជាក់​ចុង​ក្រោយ​ថា សម្រាប់​ការ​ត្រៀម​លើ​វិញ្ញាសា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម​នេះ គឺ​សហព័ន្ធ​នៅ​តែ​រក្សា​ការ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ទាំងអស់ ដែល​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម វៀតណាម បាន​កំណត់​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ ដោយ​គ្រាន់តែ​មិន​ទាន់​បញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស Technical Handbook នៅឡើយ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ចំណោម​ពីរ​ប្រភេទ​ធំ​ៗ​នេះ គឺ​ប្រភេទ Standard Dance មាន​៥​វិញ្ញាសា និង​ប្រភេទ Latin Dance មាន​៥​វិញ្ញាសា​។ នៅ​ពេល​នេះ​មិន​ទាន់​ដឹង​ថា មាន​ប៉ុន្មាន​ប្រទេស​ចូលរួម​ប្រជែង​មេដាយ សម្រាប់​ស៊ី​ហ្គេ​ម នៅ​វៀតណាម​លើក​នេះ​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ស៊ី​ហ្គេ​ម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន មាន​ប្រទេស​ចូលរួម​ចំនួន​៨ ក្នុង​ចំណោម​១១​ប្រទេស​នៃ​អាស៊ី​អាគ្នេយ៍​។ ប្រទេស​ខ្លាំង​ៗ ក្នុង​តំបន់​នេះ មាន​ដូច​ជា​ថៃ វៀតណាម និង​ហ្វី​លី​ពី​ន​ជាដើម​។

លោកស្រី​អគ្គលេខាធិការ​បន្ថែម​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ទើបតែ​ចូលរួម ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន​តែ​ម្តង​ប៉ុណ្ណោះ ដែល​មិន​ដណ្តើម​បាន​មេដាយ ដោយ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​២​វិញ្ញាសា​ដែរ ក្នុង​ចំណោម​៨​ប្រទេស​។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោកស្រី​បាន​បង្ហាញ​នូវ​ឆន្ទៈ​មុះ​មុត​របស់​សហព័ន្ធ​រាំ​កម្ពុជា​ដែរ​ថា នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​ជា​លើក​ទី​២ ក្នុង​ស៊ី​ហ្គេ​ម លើក​ទី​៣១ គឺ​កីឡាករ កីឡាការិនី ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ក្រោម​ការ​ជ្រោមជ្រែង​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​ថ្នាក់ដឹកនាំ ដើម្បី​ប្រជែង​បាន​នូវ​កិត្តិយស និង​មេដាយ​ជូន​ជាតិ តាម​រយៈ​ការ​បណ្តុះ​ស្មារតី​ឲ្យ​ខិតខំ​ហ្វឹកហាត់​បង្កើន​បច្ចេកទេស និង​កែប្រែ​នូវ​ចំណុចខ្សោយ​កន្លង​មក ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ឧត្តមភាព​កាន់តែ​ល្អ​លើ​ឆាក​អន្តរជាតិ​នៃ​ហ្គេ​ម​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

សូម​រំឭក​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា ធ្លាប់​ប្រជែង​មេដាយ​អន្តរជាតិ​ជា​ច្រើន​លើក ដូច​ជា​បាន​ចូលរួម​ប្រកួត Indoor Game នៅ​ប្រទេស Turkmenistan បាន​ចំណាត់ថ្នាក់​លេខ​៥ និង​លេខ​៦ ក្នុង​ចំណោម​១៥​ប្រទេស ឆ្នាំ​២០១៧, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី​នៅ​តៃវ៉ាន់ ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ឆ្នាំ​២០១៨, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី និង Open នៅ​ហុងកុង ទទួល​បាន​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង ឆ្នាំ​២០១៨, បាន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី Singapore Superstar Championship 2019 ដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង នៅ​ប្រទេស​សឹ​ង្ហ​បុរី ឆ្នាំ​២០១៩, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​អាស៊ី ADSF Asian Open Latin Dance ឆ្នាំ​២០១៩ នៅ​តៃវ៉ាន់ ដណ្តើម​បាន​មេដាយមាស​១​គ្រឿង និង​មេដាយ​ប្រាក់​២​គ្រឿង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ