ខេត្តកំពត៖ ការផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដោយស្ម័គ្រចិត្តជូនពលរដ្ឋទូទៅ នៅខេត្តកំពត គិតមកដល់ពេលនេះ មានចំនួន ៣លើកហើយ។ លើកទី៣នេះ បន្តចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទូទៅប្រមាណជាង ១៣៥ ០០០ដូសបន្ថែមទៀត ដោយចាប់ផ្ដើមដំបូង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ទៅលើប្រជាពលរដ្ឋក្នុងក្រុងកំពត ក្រុងបូកគោ និងពលរដ្ឋរស់នៅទីប្រជុំជននៃស្រុកទឹកឈូស្រុកជុំគិរី និងស្រុកកំពង់ត្រាច។
ក្នុងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃទី១៣ ខែកក្កដា លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងជុំវិញខេត្ត បានទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីជំរុញការលើកទឹកចិត្តដល់គ្រូពេទ្យ និងប្រជាពលរដ្ឋផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ លោក ជាវ តាយ អភិបាលខេត្ត លើកបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ គឺជាបញ្ហាសកលទូទាំងពិភពលោក ដែលបានផ្ដោតការយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺដ៏កាចសាហាវនេះ ទាំងអស់គ្នា។ ដោយឡែក សម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំង អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបានដាក់ចេញនូវចំណាត់ការ និងវិធានការសំខាន់ៗ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះប៉ុណ្ណោះទេ សម្តេច ថែមទាំងបានខិតខំស្វះស្វែងរកជំនួយនិងការទិញវ៉ាក់សាំង ដើម្បីចាក់ការពារសុខភាពជូនប្រជាពលរដ្ឋ ក្នុងគោលដៅឲ្យបានយ៉ាងតិចចំនួន ១០លាននាក់។ មកដល់ពេលនេះកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៥លាននាក់ ស្មើនឹងប្រមាណជាង ៥០% ហើយដែរ។
ដោយឡែក សម្រាប់ខេត្តកំពត សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏បាន សម្រេចផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ ជាបន្តបន្ទាប់ ចំនួន ៣លើក គិតមកដល់ពេលនេះ ដែលមានចំនួនសរុប ១៧៦ ៨៥៦ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ឲ្យយកចិត្តទុកដាក់ ក្នុងការផ្ដល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឲ្យបានល្អ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅពេលវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ និងត្រូវអនុវត្តតាមវិធានការខាភិបាល ពិសេសតាមការអំពាវ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ បើទោះបីបានចាក់វ៉ាក់សាំងហើយក្ដី ក៏ត្រូវតែប្រកាន់ខ្ជាប់ នូវការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងពេលនេះ មានមណ្ឌលផ្តល់វ៉ាក់សាំងចំនួន ៦ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត សាលាបឋមសិក្សា ហ៊ុន សែន ១មករា មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល មណ្ឌលសុខភាពត្រពាំងរពៅ មណ្ឌលសុខភាពត្រពាំងសង្កែ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី។
ចំណែកវ៉ាក់សាំងកូវីដ១៩ ដែលត្រូវចាក់ មានពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥ ៨៥២ដូស៕ ប្រាក់ សារិទ្ធ
ចែករំលែកព័តមាននេះ