ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យកសិកម្ម នៅខេត្តមណ្ឌលគិរី នៅមានចរន្តល្អ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ គិតត្រឹមរយៈពេល ៧ខែ ក្នុង​ឆ្នាំ២០២១ ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តមណ្ឌលគិរី បានជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប៉ុន្តែទោះជាយ៉ាងនេះក្ដី…

ខេត្តមណ្ឌលគិរី៖ គិតត្រឹមរយៈពេល ៧ខែ ក្នុង​ឆ្នាំ២០២១ ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តមណ្ឌលគិរី បានជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិស័យកសិកម្ម នៅឯខេត្តមួយនេះ នៅមានចរន្តល្អ។ តួយ៉ាងបន្លែផ្លែឈើរបស់កសិករ កំពុងមានទីផ្សារ និងការបញ្ជាទិញច្រើន។

ដោយសារអាកាសធាតុល្អ និងប្រភេទដីក្រហម ដែលមានជីវជាតិខ្លាំង បានធ្វើឲ្យបន្លែរបស់កសិករ នៅខេត្តមណ្ឌលគិរី មានរសជាតិឈ្ងុយឆ្ងាញ់ និងកំពុងល្បីល្បាញជាខ្លាំង ជាពិសេស គឺស្ពៃក្ដោប​។ ទន្ទឹមនេះ កសិករលែងព្រួយបារម្ភពីបញ្ហា​ទីផ្សារបញ្ជាទិញ ព្រោះមានក្រុមហ៊ុន ចុះកិច្ចសន្យាបញ្ជាទិញបន្លែពីកសិករទាំងអស់ និងមានតម្លៃខ្ពស់​។

កសិករឈ្មោះ ផិន ផន ដាំបន្លែនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានប្រាប់ថា នៅក្នុងចំការរបស់លោក ដែលមានទំហំដី​ ក្បាល ៣០​ម៉ែត្រ នៅរដូវនេះ មានដាំស្ពៃក្ដោប និងស្ពៃបូកគោ ព្រោះតែបន្លែពីប្រភេទ នេះមានតម្លៃខ្ពស់ និងបានចុះកុងត្រាផ្គត់ផ្គង់ជូនក្រុមហ៊ុន ក្នុងតម្លៃ ៦ពាន់រៀល ១គីឡូក្រាម ហើយប្រសិនលក់រាយបានទៅដល់ ៧ពាន់រៀល ១គីឡូក្រាម។

កសិករដដែលបន្តថា បន្លែមណ្ឌលគិរី មានទីផ្សារល្អ តម្រូវការខ្ពស់ ហើយមន្ត្រីជំនាញ ក៏បានជួយជ្រោមជ្រែង ផ្ដល់ជូន​នូវសម្ភារៈ​ ប្រើប្រាស់ និងគ្រាប់ពូជ ព្រមទាំង​ផ្តល់​សត្វចិញ្ចឹម ដល់កសិករទៀតផង ។

កសិកររូបនេះ បញ្ជាក់ថា ផ្ទៃដីខេត្តមណ្ឌលគិរី អំណោយផលលើប្រភេទបន្លែជាច្រើន មិនមែនមានតែស្ពៃក្ដោប ស្ពៃបូកគោទេ មានច្រើនទៀត ដូចជា តាសក់ សណ្ដែកគួរ ការ៉ុត ដំឡូងបារាំង និងបន្លែស្ទើរគ្រប់ប្រភេទ  ក្នុងនោះ ដំឡូងបារាំង លក់បាន​តម្លៃខ្ពស់ជាងគេ រហូត ១ម៉ឺនរៀល ១គីឡូក្រាម​។ ​

ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា នៅឆ្នាំ២០២០ ផ្ទៃដីដាំដុះបន្លែទូទាំង​ខេត្ត មាន ១៦៥ហិកតា ហើយឈានចូលដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ បានកើនឡើងដល់ ១៧៧ហិកតា ផ្ទៃដីដាំដុះ មានការកើនឡើងរៀងរាល់ឆ្នាំ ទោះបីតិចតួចក្ដី ប៉ុន្តែពុំមានការថយចុះទេ​។

លោក សុង ឃាង បន្តថា អ្វីដែលជាសមទ្ធិផលល្អប្រសើរ គឺមន្ទីរបានចងក្រងបណ្ដុំអាជីវកម្មមួយ ជូនកសិករ ដែលមាន​ក្រុមហ៊ុន ចុះកុងត្រា ទទួលទិញបន្លែពីកសិករ ក្នុងបណ្ដុំអាជីវកម្ម ដូចនេះ កសិករមានទីផ្សារ ទទួលទិញបន្លែច្បាស់លាស់ តម្លៃសមរម្យទៀតផង ហើយមន្ទីរកសិកម្ម ក៏បាន និងកំពុងបណ្ដុះបណ្ដាលកសិករ ឲ្យចេះធ្វើកសិកម្មបែបទំនើប ដាំដុះ​បន្លែបានទាំងរដូវប្រាំង និងរដូវវស្សា អាចជួយសម្រួលជីវភាពរបស់ពួកគាត់មួយកម្រិត​។

ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងខិតខំបណ្ដុះបណ្ដាលកសិករ នៅក្នុងស្រុកពេជ្រាដា មាន ៣ឃុំ ឲ្យពួកគាត់ ចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់ទីផ្សារ ដែល​កំពុងមានតម្រូវខ្ពស់ ចំណែក​តម្លៃវិញ ក៏ល្អប្រសើរផងដែរ អាចលើកស្ទួយជីវភាពកសិករឲ្យធូរធារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ