ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញ​ថា ថ្ងៃ​បើក​តូប​លក់​ដំបូង ស្ងាត់​ម៉ូយ​ ក្រោយ​បិទ​អស់​២៥​ថ្ងៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ចាប់ផ្តើម​ដំណើរការ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ចាប់ផ្តើម​ដំណើរការ​បើក​តូប​លក់ដូរ​ជា​បណ្តើរ​ៗ​ឡើង​វិញ​ហើយ ។ តែ​អ្នកខ្លះ​នៅ​បិទ​តូប​នៅឡើយ​ទេ ខណ​:​អាជ្ញាធរ​ខេត្ត បាន​ចេញ​សេចក្តី​ប្រកាស ឱ្យ​ដំណើរការ​បើក​ផ្សារ​ឡើង​វិញ កាលពី​ថ្ងៃ​ទី​១៣ កក្កដា កន្លង​ទៅ ។ ការ​លក់ដូរ​នៅ​ថ្ងៃ​ដំបូង​នេះ ពួក​គាត់​ម្នាក់​ៗ ត្អូញត្អែរ​ថា ដូច​ជា​ស្ងាត់​ម៉ូយ​បន្តិច ទោះបីជា​យ៉ាងណា ក៏​មានការ​សប្បាយ​រីករាយ និ​ង​អរគុណ​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​ទៅ​លក់ដូរ​ដូច​ដើម​វិញ ។ គួររំលឹកថា ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ក្នុង​ខេត្ត​ប៉ៃលិន បើក​ដំណើរការ​ឡើង​វិញ​ហើយ ក្រោយ​បិទ​អស់​២៥​ថ្ងៃ

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកស្រី សោភា ជា​អាជីវករ​លក់ដូរ​សម្ភារ​:​ប្រើប្រាស់​ផ្សេងៗដូច​ជា​ ចាន ឆ្នាំង​ និង​អ្នកស្រី សា​វ៉េ​ត ព្រមទាំង​អាជីវករ​ផ្សេង​ៗ​ទៀត បានឱ្យ​ដឹង​ដូច​គ្នា​ថា ការ​បើក​លក់​នៅ​ថ្ងៃ​ដំបូង​នេះ ហាក់ដូចជា​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច ។ តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ពួកគាត់​លក់​បាន​ម្នាក់​ៗ​អាច​លក់​បាន​ថវិកា​ចំនួន​៣០០០០រៀល​ទៅ​៤០០០០​រៀល​ដែរ ។ ដូច្នេះ ទម្រាំ​តែ​ដល់​ពេល​ល្ងាច អាច​នឹង​លក់ដាច់​ខ្លះ​ៗ បន្ថែម​ទៀត ។ ​​ក្រុមអាជីវករ​ដដែល​បាន​​បន្ត​ទៀត​ថា ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ពេល​បើក​ឱ្យ​លក់ដូរឡើងវិញ​ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ពួក​គាត់​បិទ​តូប​អស់​រយ​:​ពេល​ជិត​១​ខែ​មក​ហើយ បណ្តាល​ឱ្យ​ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ពី​ជីវភាព​យ៉ាង​ខ្លាំង ។

ពួក​គាត់​បញ្ជាក់​ទៀត​ថា ទោះបីជា​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មានការ​បើក​ឱ្យ​លក់ដូរ​ឡើង​វិញ​ក៏​ដោ​យ តែ​ពួក​គាត់​មិន​ភ្លេច​នឹង​ចូលរួម​ក្នុង​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ពាក់​ម៉ាស ជាប់​ជា​និច្ច​នៅ​ពេល​លក់ដូរ ត្រូវ​លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព ព្រោះ​បើសិនជា​មាន​អាជីវករ​ណា​ម្នាក់ កើត​ជំងឺ​កូ​វី​ដ ១៩ ម្តងទៀត អាច​នឹង​ត្រូវ​បិទ​តូប​បន្ត​ទៀត ធ្វើ​ឱ្យ​ម្នាក់​ៗ​ខាតបង់​ពេលវេលា និង​ថវិកា ព្រោះ​ពួក​គាត់​ម្នាក់​ៗ​សុទ្ធ តែ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ដោយ​ចងការ​ប្រាក់​យក​មក​ទិញ​សម្ភារ​: និងរបស់របរ​ចាប់ហួយ​ផ្សេង​ៗ ដើម្បី​លក់ដូរ លុះ​ពេល​លក់ដូរ​បាន​ចំណេញ ក៏​បង់​សងបំណុល​គេ​ជា​រៀង​រាល់​ខែ​តែ​ម្តង ។

ពួក​គាត់​ទាំងអស់​គ្នា ក៏​សូម​ជូនពរ​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ជា​ពិសេស​ដល់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត ឱ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ក្នុង​ការ​ដឹកនាំ​ខេត្ត​ប៉ៃលិន​ឱ្យ​មានការ​រីក​ចម្រើន​ឈាន​ទៅ​មុខជា​រៀងរាប​ដរាប​តទៅ​ផង​ដែរ ។ លើស​ពី​នេះ ពួក​គាត់ ក៏​សូម​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១០ ដ៏​កាច​សាហាវ​មួយ​នេះ ព្រោះ​មេរោគ​នេះ ពិតជា​ធ្វើ​ឱ្យ​ម្នាក់​ៗ លំបាក​ក្នុង​ការ​រស់នៅ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​ម្នាក់​ៗ មិន​ហ៊ាន​ចេញ​ទៅ​ណា​ឆ្ងាយ​ផ្ទះ​នោះ​ឡើយ ខ្លាច​ឆ្លង​ជំងឺ​ខ្លួនឯង និង​រាលដាល​ដល់​ក្រុម​គ្រួសារ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ