ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ថោ​ង ខុន ដឹកនាំ​កិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍ CAMSOC បន្ត​លើក​ទិស​ដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំពេញ​ ៖ ​លោក​​បណ្ឌិត ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​

​រាជធានី​​ភ្នំពេញ​ ៖ ​លោក​​បណ្ឌិត ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ត្រួតពិនិត្យ​ឯកសារ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​បន្ត​លើក​ទិស​ដៅ​ឆមាស​ទី​២ ឆ្នាំ​២០២១​។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​ស​ប្តា​ហ៍​នេះ​ថា «​យើង​បាន​បូក​សរុប​៦​ខែ​នៃ​ឆមាស​ទី​១ គឺ​មាន​បញ្ហា​ប្រឈម ហើយ​យើង​បាន​ដោះស្រាយ​បញ្ហា​នានា ដែល​កើតឡើង​ហើយ​ក្នុង​៦​ខែ​នេះ​ដែរ គឺ​យើង​ឃើញ​ថា​អ្វី​ដែល​សំខាន់ គឺ​ឯ​ឧត្តម​បណ្ឌិត ថោ​ង ខុន បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជា​ច្រើន ដែល​រង​នូវ​ផល​ប៉ះពាល់ ហើយ​បាន​ដំណោះស្រាយ​នូវ​បញ្ហា​ជា​បន្តបន្ទាប់​។ ដូច្នេះ សមទ្ធផល​ទាំងឡាយ​នៅ​ក្នុង​ឆមាស​ទី​១​នេះ គឺ​យើង​ទទួល​បាន​ច្រើន​ណាស់ បើ​ទោះបីជា​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩​ក្តី​។ ប៉ុន្តែ​បើ​ទោះជា​យើង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ទាំង​អស់នោះ​ក្តី ក៏​យើង​បាន​ធ្វើ​ដំណើរ ក្នុង​បរិបទ​ថ្មី សម្រាប់​ការងារ​របស់​យើង​ដែរ​»​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​ការងារ​ដែល​ប្រឈម​មួយទៀត គឺ​ផល​ប៉ះពាល់​រឿង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​រៀបចំ​ព្យាបាល​កូ​វី​ដ​-១៩ ដូច្នេះ​យើង​បាន​រៀបចំ​ផែនការ​ថ្មី ដោយ​លើកយក​ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ក្រោយ​ពេល​បញ្ចប់ និង​ទទួល​បានការ​អនុញ្ញាតិ​ពី​រាជរ​ដ្ឋា​បាល ទើប​យើង​នឹង​ជួសជុល​កែ​លម្អ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ឡើង​វិញ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

ដំណោះស្រាយ​ទី​២ គឺ​រឿង​ការ​រៀបចំ​ការ​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ដែល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ហើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ការ​ហ្វឹកហាត់​ឲ្យ​មានការ​មាន​វិធានការ​បិទ​ខ្ទប់​ប្រកបដោយ​សុវត្ថិភាព​ត្រឹមត្រូវ នៅ​ក្នុង​ការ​បិទ​ខ្ទប់ និង​ធានា​បាន​នូវ​ភាព​កក់ក្ដៅ​របស់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ដែល​ត្រូវ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​ទីលាន​ហ្វឹកហាត់ នៅ​កន្លែង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​នៅ​តាម​ទីកន្លែង​មួយ​មួយ​ចំនួន​ទៀត ដែល​សហព័ន្ធ​កីឡា​ជាតិ​នានា​មាន​កន្លែង​រៀបរយ​របស់​គាត់​ផ្សេង​ៗ​ពី​គ្នា​។

ចំពោះ​ផែនការ​សកម្មភាព​ការងារ​បន្ត សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២១ គឺជា​ពេលវេលា​ដ៏​សំខាន់​ណាស់ សម្រាប់ CAMSOC ដែល​យើង​ដឹង​ហើយ​ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ដែល​យើង​រៀបចំ​ហ្គេ​ម សម្រាប់ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ទៅ​ហើយ​ៗ កិច្ច​ការងារ​ទាំងអស់​ត្រូវ​បញ្ចប់​នឹង​រៀបរយ​ឲ្យ​បាន​រៀបរយ​ទាំងអស់​តែ​ម្តង ដូច​ជា​ការ​កំណត់​ប្រភេទ​កីឡា ការ​កំណត់​វិញ្ញាសា​នៃ​ប្រភេទ​កីឡា​ទាំងអស់ ខណៈ​ទីលាន​ប្រកួត​ត្រូវ​បាន​កំណត់​ការ​រៀបចំ​រួចរាល់​អស់ហើយ ដោយ​ត្រូវ​កែ​លម្អ​ទីលាន​ប្រកួត​ឲ្យ​ត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​ប៉ុណ្ណោះ​។ អ្វី​ដែល​សំខាន់ គឺ​ការ​ប្រារព្ធ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​សង្កត់ធ្ងន់​ជា​ញឹកញាប់ និង​ឲ្យ​បាន​កាន់តែ​សកម្ម​បន្ថែម​ទៀត នៅ​ក្នុង​ផែនការ​នៃ​ឆមាស​ទី​២​នេះ ពោល​គឺ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំងអស់​ត្រូវ​តែ​បង្កើន​ល្បឿន​នៃ​ផែនការ​សកម្មភាព​តែ​ម្តង​។

ជាមួយ​គ្នា​នោះ នៅ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១​នេះ CAMSOC នឹង​បើក​យុទ្ធនាការ​យ៉ាងច្រើន ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ដូច​ជា​យុទ្ធនាការ ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ យុទ្ធនាការ​កម្ពុជា​ស្អាត យុទ្ធនាការ​កាត់​បន្ថយ​គ្រឿងញៀន​-​គ្រោះថ្នាក់​ចរាចរណ៍ និង​សណ្តាប់​ឆ្នា​ប់​សង្គម​ជា​ច្រើន​ទៀត និង​ប​ញ្ជូ​ល​បន្ថែម​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ និង​២​ចូលរួម ក្នុង​ពេល​ដំណាលគ្នា​នេះ​ដែរ​។ ក្នុង​នោះ យុទ្ធនាការ​ជាតិ ដ៏​សំខាន់​មួយ គឺ​CAMSOC​នឹង​បើក​យុទ្ធនាការ​ជាតិ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដោយ​រួម​គ្នា​ផ្សព្វផ្សាយ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដោយ​បណ្តា​ប្រទេស​នានា ក្នុង​អាស៊ី​អាគ្នេយ៍​ទាំងអស់ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​នីមួយ​ៗ​ជា​សមាជិក​អាស៊ី​អាគ្នេយ៍​នឹង​ជួយ​ជ្រោមជ្រែង​ដល់​ការ​ផ្សព្វផ្សាយ​នេះ​ផង​ដែរ​។ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​នឹង​ប្រកាស​បើក​ជា​ផ្លូវ​វ​ការ​ដ៏​ខ្ពង់ខ្ពស់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែ​ម្តង នៅ​ក្នុង​ក្របខ័​ណ្ឌ​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស នា​ពេល​ខាង​មុខ​។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​ឯកឧត្តម​អគ្គលេខាធិការ វ៉ា​ត់ ចំរើន​។

សូម​បញ្ជាក់​ថា កម្ពុជា​នឹង​ប្រារព្ធ «​ពិធី​រាប់​ថយក្រោយ​៥០០​ថ្ងៃ​» ដ៏​ធិ​ក​អធម​ម្តងទៀត ឆ្ពោះទៅ​ពិធី​បើក​ជា​ផ្លូវការ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នា​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​រយៈពេល​៥០០​ថ្ងៃ​គត់ គឺ​ចំ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ ដោយនៅ​ក្នុង​ពិធី​រាប់​ថយក្រោយ ៥០០​ថ្ងៃនេះ​នឹង​ស្វែងរក និង​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​ជ័យ​លា​ភី​រចនា​ភ្លើង​គុប និង​រចនា​មេដាយ ដើម្បី​បន្ត​ការ​ផ្សាយ​បន្ថែម​ទៀត ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​ឲ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ និង​អន្តរជាតិ​។ សូម​រំឭក​ថា កម្ពុជា​បាន​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ ១០០០​ថ្ងៃ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ជា​ផ្លូវការ​យ៉ាង​អធិកអធម​បំផុត​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ