ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សាន ប៊ុន្នីកា ៖ ឧបករណ៍ដាំគ្រាប់ស្រូវ ច្នៃឡើងពេលកម្លំាងពលកម្មនៅជនបទងាកមកធ្វើការតាមរោងចក្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានកសិករមួយចំនួនបានកំពុងប្រើឧបករណ៍ដំាគ្រាប់ស្រូវដែលផលិតដោយកូនខ្មែរ ដែលជាប្រធានសមាគមកសិកម្មឈ្លាសវៃ (Agri Smart Association)នោះ ។ ឧបករណ៍នេះកាត់បន្ថយការប្រើប្រាស់កម្លំាងពលកម្មមនុស្សនៅក្នុងវាលស្រែ ហើយការដាំដុះទទួលបានផលចំណេញពិសេស…

រាជធានីភ្នំពេញ ៖ មានកសិករមួយចំនួនបានកំពុងប្រើឧបករណ៍ដំាគ្រាប់ស្រូវដែលផលិតដោយកូនខ្មែរ ដែលជាប្រធានសមាគមកសិកម្មឈ្លាសវៃ (Agri Smart Association)នោះ ។ ឧបករណ៍នេះកាត់បន្ថយការប្រើប្រាស់កម្លំាងពលកម្មមនុស្សនៅក្នុងវាលស្រែ ហើយការដាំដុះទទួលបានផលចំណេញពិសេស កាត់បន្ថយចំណាយលើការដាំដុះដូចជាពូជ និងជាដើម ។ ក្រសួងកសិកម្ម បានកំពុងលើកទឹកចិត្តឲ្យកសិករប្រើប្រាស់ ឧករណ៍ដាំគ្រាប់ស្រូវនេះដែរ ។

 លោក សាន ប៊ុន្នីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ ដែលជាអ្នកច្នៃផលិតឧបករណ៍ដាំគ្រាប់ស្រូវនេះ និយាយថា លោកបានផ្តើមច្នៃឧបករណ៍នេះឡើងនៅក្នុងអំឡុងឆ្នាំ ២០០០ នៅពេលកម្លំាងពលកម្មនៅជនបទបានឡើងមកធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនៅភ្នំពេញ ។ លោកបានផ្តើមច្នៃផលិតឧបករណ៍នេះ ដោយមានគំរូតាមឧបករណ៍ចាស់របស់មិត្តភ័ក្តិ លោកជាជនជាតិម៉ាឡេស៊ី បានផលិតឡើង ។

«ខ្ញុំយកមកច្នៃជាច្រើនដំណាក់កាលទើបបានឧបករណ៍មួយដែលមានការទទួលស្គាល់ពីក្រសួងកសិកម្ម ពិសេសពីប្រមុខរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ។ សម្តេចនាយករដ្ឋមន្រ្តីបានកុម្ម៉ង់ទិញ ២០ ពាន់គ្រឿងដើម្បីចែកជូនកសិករ ប៉ុន្តែខាងខ្ញុំផលិតជូនលោកបានតែជាង ៣០០ គ្រឿងប៉ុណ្ណោះរហូតមកដល់ពេលនេះ ដោយសារបញ្ហាកូវីដ ១៩ បានធ្វើឲ្យមានការយឺតយាវនៅក្នុងការផលិតនេះ» នេះជាការបញ្ជាក់របស់លោក សាន ប៊ុន្នីកា ។

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរកាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ។ ជាមធ្យមឧបករណ៍នេះ ប្រើរយ: ពេលមួយម៉ោងប៉ុណ្ណោះក្នុងដី ១ ហិកតា ហើយប្រើពលកម្មមនុស្សតែ ១ ឬ ២ នាក់ ។ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី ។ បើតាមលោក សាន ប៊ុន្នីកា ថា ជាទូទៅកសិករប្រើប្រាស់គ្រាប់ពូជស្រូវក្នុងមួយហិកតា ៣៥០ គីឡូក្រាម ប៉ុន្តែឧបករណ៍ដែលផលិតនេះប្រើ ពូជតែ ៨០ ទៅ ១២០ គីឡូក្រាមប៉ុណ្ណោះក្នុងមួយហិកតា ។ ចំណែកជីដែលទម្លាប់កសិករប្រើដល់ ៨ បាវនៅពេលដាំស្រូវដោយឧបករណ៍នេះ ប្រើអស់តែ ៤ បាវប៉ុណ្ណោះ ។ «ស្រូវដែលដាំដុះដោយឧបករណ៍នេះមានចន្លោះឆ្ងាយៗក្នុងការទទួលធ្វើឲ្យស្រូវទទួលបានខ្យល់ និងពន្លឺគ្រប់គ្រាន់ ។ ចំណាយទុនតិច ហើយងាយស្រួលថែទំា» នេះបើតាមការបញ្ជាក់របស់អ្នកផលិត ។

ឧបករណ៍ដំាគ្រាប់ស្រូវនេះមានបីប្រភេទ ឬបីទំហំដែលមានតម្លៃពីជាង ៩០០ ដល់ជាង ១ ពាន់ដុល្លារ ។ ក្រៅពីការបញ្ជាទិញពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម អង្គការសមាគម កសិករជាទូទៅក៍បានបញ្ជាទិញឧបករណ៍នេះយកទៅប្រើនដែរ ។ លោក សាន ប៊ុន្នីការ អះអាងថា ខាងលោកអាចមានលទ្ធភាពផលិតឧបករណ៍នេះក្នុងមួយខែប្រមាណជា ៣០ គ្រឿង ។ 

ជាការកត់សម្គាល់ តាមប្រពៃណីជាយូរលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជា គឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកម្លាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច ។ បច្ចុប្បន្នគេមើលឃើញថា ដោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់សម័យបានចូលមកបំពេញតួនាទីជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកម្លំាងពលកម្មមនុស្សក្នុងវិស័យកសិកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ