ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារ​សាមគ្គី ហៅ​ផ្សារប៉ា​ហ៊ី ក្នុង​ខេត្តប៉ៃលិន បើកដំណើរការឡើងវិញ​ហើយ ក្រោយបិទ​អស់​​២៥​ថ្ងៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរការ លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ឡើង​វិញ​ហើយ ក្រោយ​ពី​បិទ​ផ្សារ​ទាំងមូល​អស់​រយ​:​ពេល​២៥​ថ្ងៃ ដោយសារ​មាន​អាជីវករ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ។ គ្រាន់តែ​ឃើញ​អាជ្ញាធរ​ខេត្ត ដឹកនាំ​ក្រុមការងារ​ចុះ​កាត់​ខ្សែ​ពណ៌​លឿង ដែល​ចង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ផ្សារ​ចេញ​ភ្លាម អា​ជីវ​ករ​ម្នាក់​ៗ ត្រេកអរ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ​និង​​អរគុណ​ដល់​អាជ្ញាធរ​ម្តង​ហើយ​ម្តងទៀត ព្រោះ​​អាចបើក​លក់ដូរ ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​​ផង​ដែរ ។

បើ​យោង​តាម​លិខិត​បានឱ្យ​ដឹង​ថា ក្នុង​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ រដ្ឋបាល​ក្រុង​ត្រូវ​ដឹកនាំ​ការ​អនុវត្ត​វិធានការ​សុខាភិ​បាល និង​វិធានការ​រដ្ឋបាល ដើម្បី​ទ​ប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។ ម្យ៉ាងវិញទៀត ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការ​ពង្រឹង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​វិធានការ «៣​ការពារ ៣​កុំ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល មិន​គោរព​ដោយ​ចេតនា នូវ​វិធានការ​រដ្ឋបាល ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត បាន​ដាក់​ចេញ ដោយ​មិន​គិតដល់​បទល្មើស ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ ។

ចំណែក​​លោក​ ចេញ ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ឱ្យ​លោក​ជំទាវ បាន ស្រី​មុំ អភិ​បា​ល​ខេត្ត បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ដែល​កំពុង​នាំ​គ្នា​បើក​តូប​លក់ដូរ​ឡើង​វិញ​ឱ្យ​បន្ត​ថែរក្សា​អនាម័យ តាម​តូប​លក់ដូរ​របស់​ខ្លួន ដោយ​ប្រុង​ប្រយ័ត្ន ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​បន្ត​ទៀត ។

​លោក​បញ្ជាក់​ទៀត​ថា ការ​បិទ​ផ្សារ​បន្ថែម​ទៀត​នេះ មិនមែន​ខាង​រដ្ឋបាល​ខេត្ត មានការ​ខឹង​គុំ​គួ​ន​នឹង​អាជីវករ​ដែល​បាន​បើក​តូប​ក្នុង​ផ្សារ​លក់ដូរ​មុន​ពេល​កំណត់​នោះ​ទេ ពោល​គឺ​ដោយ​អាជ្ញាធរ​ខេត្ត ដែល​ជា​អាណាព្យាបាល មាន​ការ​យកចិត្តទុកដាក់​ចំពោះ​សុខុ​មាលភាព​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង និង​អនុវត្ត​ច្បាប់ ហើយ​រក្សា​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល ជំងឺ​កូ​វី​ដ​១៩ ក្នុង​ផ្សារ​បន្ត​ប៉ុណ្ណោះ ។ លើស​ពី​នេះ នៅ​ក្នុង​ខេត្ត​ប៉ៃលិន តាំងពី​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​មក គឺ​ប្រជាពលរដ្ឋ​កើត​ជំងឺ​នេះ មិន​ទាន់​ដល់​១០០​នាក់​នៅឡើយ​ទេ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត មានការ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សុវត្ថិភាព​។

ចំណែក​អាជីវករ ដែល​បាន​បើក​តូប​ឡើង​វិញ បាន​នាំ​គ្នា​ត្រេកអរ​សប្បាយ​រីករាយ ក៏​បាន​លើកដៃ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ពួក​គាត់ ក៏​ដូច​ជា​ប្រជា​ពល រដ្ឋ​ទូ​ទាំង​ខេត្ត ខណ​:​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ពួក​គាត់​ក៏​សូម​ជូនពរ​ដល់​អាជ្ញាធរ​ខេត្ត​ទាំងអស់ ទ​ទួ​ល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ឈ្នះ​អស់​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ដឹកនាំ​ខេត្ត​ឱ្យ​មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ