ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វត្ត​ជី​ហង្ស​»​អត្តខាត់​បន្តិច ​តែ​ជា​វត្ត​ដែល​ការពារ​ព្រៃឈើ​បាន​​ច្រើន​ជាងគេ​ក្នុងខេត្ត​​បាត់ដំបង​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បើ​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ «​វត្ត​ជី​ហង្ស​» មាន​អាយុកាល​២១​ឆ្នាំ​ហើយ ។ បើ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​សមិទ្ធផល​នានា ដែល​មាននៅ​ក្នុង​វត្ត​នេះ ហាក់​ពុំ​ទាន់​មាន​អ្វី​ជា​ដុំ​កំ​ភួន​ទេ តែ​ត្រូវ​បាន​មហាជន…


ខេត្តបាត់ដំបង ​៖ បើ​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ «​វត្ត​ជី​ហង្ស​» មាន​អាយុកាល​២១​ឆ្នាំ​ហើយ ។ បើ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​សមិទ្ធផល​នានា ដែល​មាននៅ​ក្នុង​វត្ត​នេះ ហាក់​ពុំ​ទាន់​មាន​អ្វី​ជា​ដុំ​កំ​ភួន​ទេ តែ​ត្រូវ​បាន​មហាជន និងពុទ្ធបរិស័ទ​ភាគច្រើន បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា ជាទី​អារាម​ដែល​បាន​អភិរក្ស​ និង​ថែទាំ​បាន​នូវ​ព្រៃ​​ឈើចម្រុះ​ពី​ធម្មជាតិ​រាប់​ពាន់​ដើម​បាន​ល្អ​ដាច់​គេ បើ​ប្រៀបធៀប​ទៅ​នឹង​វត្ត​ដទៃ​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ការ​ប្រឹងប្រែង​របស់​ព្រះសង្ឃនៅ​ក្នុង​វត្ត​នេះ​។

ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​០៥​ហិក​តា ដែល​ស្អេកស្កះ​ទៅ​ដោយ​ដើមឈើ​ចម្រុះ​ពី​ធម្មជាតិរាប់​ពាន់​ដើម​យ៉ាង​ស្រស់បំព្រង «​វត្ត​ជី​ហង្ស​» ស្ថិត​នៅ​ប៉ែក​ខាងលិច​ប្រហែល​០៣​គីឡូម៉ែត្រ​នៃ​ប្រាសា​ទបាណ​ន់ និងទីប្រជុំជន​ផ្សារ​បាណ​ន់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​ចង្កេះភ្នំ​ជី​ហង្ស ក្នុងភូមិ​ជី​ហង្ស ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​។ ទី​អារាម​មួយ​នេះ បាន​ផ្ដើមកសាង​ដំបូង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០០ ដោយ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង អាជ្ញាធរ​ដែនដី​នៅ​តំបន់​នោះ​។ នេះ​បើ​តាម​សង្ឃដីកា ព្រះ​តេជគុណ វុន សុ​ចិន ព្រះ​គ្រូ​ចៅអធិការ​វត្ត​ជី​ហង្ស ដែល​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​មុន​។

ព្រះ​តេជគុណ វុន សុ​ចិន មាន​សង្ឃដីកា​ថា វត្ត​ជី​ហង្ស បាន​កសាង​នៅ​អំឡុង​ឆ្នាំ​២០០០ តែ​ព្រះ​អង្គ​បាន​និមន្ត​ទៅ​គ្រប់គ្រង​វត្ត​នេះ​ក្នុង​ឆ្នាំ​២០១១ ក្រោយ​ចៅអធិការ​ចាស់​អង្គ​មុន ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ។ ព្រះ​អង្គ​បន្ត​ថា ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​ផង បាន​នាំ​គ្នា​កាប់​រាន​ព្រៃ​ខ្លះ​ៗ ពេល​ចាប់ផ្ដើម​កសាង​ទី​អារាម​ដំបូង តែ​គោល​ការ​ណ៍​ចម្បង​បំផុត គឺ​ត្រូវ​រក្សា​ព្រៃឈើ​នៅ​ក្នុង​បរិវេណ​វត្ត​នេះ​ឲ្យ​បាន​ច្រើន​។ បច្ចុប្បន្ន​វត្ត​នេះ ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​០៥​ហិច​តា តែ​ផ្ទៃដី​ស្ទើរ​៨០% គ្របដណ្ដប់​ទៅ​ដោយ​ដើមឈើ​ចម្រុះ​សល់​ពី​ធម្មជាតិ​។ ប៉ុន្តែ​សព្វថ្ងៃ​ព្រះ​អង្គ និង នេន​ៗ​ប៉ុន្មាន​អង្គ​ទៀត​ក៏​កំពុង​ដាំ​បន្ថែម​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​ទីតាំង​ណា​ដែល​ខ្លះ​ចន្លោះ​កូន​ឈើ​។

មិន​ខុស​ពី​សង្ឃដីកា​ព្រះ​តេជគុណ វុន សុ​ចិន ចៅអធិការ​វត្ត ដែល​បាន​ពិ​ព័រ​នា​ខាងលើ​នេះ​ទេ​។ ពេល​ទៅ​ដល់​នោះ គេ​ឃើញ​ដើមឈើ​ចម្រុះ​រាប់​ពាន់​ដើម ដុះ​ស្អេកស្កះ​ពាស់ពេញ​ផ្ទៃដី​វត្ត ស្ទើរតែ​គ្មាន​ទីធ្លា​សម្រាប់​ចត​យានយន្ត​។ ដើមឈើនីមួយ​ៗ សុទ្ធតែ​មាន​ដាក់​ស្លាក​ឈ្មោះ​ដើមឈើរ​ទៀត​ផង​។ ស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ​គួរ​ជាទី​ធ្វើ​សមាធិ​របស់​អ្នកបួស ​ឬ​អ្នក​កាន់​សិ​ល៍។ ខ្យល់​បរិសុទ្ធ អាកាសធាតុ​ត្រជាក់​ល្អ ដែល​គ្របដណ្ដប់​ទៅ​ដោយ​ម្លប់​ព្រៃ​ព្រឹក្សា​ស្ទើរ​មិន​ធ្លុះ​ពន្លឺ​ថ្ងៃ គួរ​ជាទី​ចាប់​អារ​ម្ម​ណ៍​របស់​អ្នក​សិក្សា​ និង​អ្នកទេសចរ​ណ៍​សម្ពាយ​។ បើ​និយាយ​ពី​សំណង់​អារាម​វិញ ពិតមែនតែ​«​វត្ត​ជី​ហង្ស​»​នេះ មាន​អាយុ​២១​ឆ្នាំ​កន្លង​មក​ហើយ​ក្ដី តែ​គេ​មិនឃើញ​មាន​សមិទ្ធិ​ផល​អ្វី​ជា​ដុំ​កំ​ភូ​ន​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ គេ​ឃើញ​មាន​តែ​កុដិ​ថ្ម​ដ៏​ល្អ​ប្រណីតមួយ​ប៉ុណ្ណោះ​ ។ ក្រៅពី​នេះ​ មាន​កុដិ​ឈើ​ប្រក់​ស័ង្កសី​ពី​០២​ទៅ​០៣​ខ្នង​ទៀត តែ​ទ្រុឌទ្រោម​ខ្លះ​ៗ​ទៅ​ហើយ សាលាឆាន់​ធ្វើ​ពី​ថ្ម​មួយ​ខ្នង និងរោង​បាយ​សម្រាប់​ចម្អិន​ចង្ហាន់​ព្រះសង្ឃ និងសម្រាប់​ពុទ្ធបរិស័ទ​ប្រារ​ព្ធពិធី​ធ្វើបុណ្យ​ទាន​ម្ដងម្កាល​។ សព្វថ្ងៃ​មាន​តែ​ឧបាសិការ​០២​នាក់​ទេ ដែល​ទ​ទូល​បន្ទុក​ធ្វើ​ចង្ហាន់​ព្រះសង្ឃ​។

ដោយឡែក​ បើ​និយាយ​អំពី​ព្រះ​វិហារ​វិញ គឺ​មាន​តែ​គ្រឹះ​ប៉ុណ្ណោះ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា​យ៉ាង​ជិតជុំ ជាប់​គាំង​ដោយសារ​គ្មាន​បច្ច័យ​សាងសង់​បន្ត​។ នេះ​ជា​ការ​លើក​ឡើង​របស់​ព្រះ​តេជគុណ វុន សុ​ចិន ចៅអធិការ​វត្ត​។ ជាមួយ​និង​ការ​ពិ​ព័រ​នា​យ៉ាង​ក្បោះក្បាយ​បង្ហាញ​ពី​ស្លាក​ឈ្មោះ​ដើម​រុក្ខជាតិ​នានា រាប់​ពាន់​ដើម​ដែល​ដុះ​ពេញ​វត្ត​អារាម និង ឈ្មោះ​រុក្ខជាតិ​នានា ដែល​ព្រះ​អង្គ​និង​នេន​ៗ ទើបតែនឹង​ដាំ​ថ្មី​ៗ​ផង ព្រះ​អង្គ​ក៏​បាន​និមន្ត​ចង្អុលបង្ហាញ​ផង​ដែរ នូវ​ទីតាំង​សំណង់​ព្រះ​វិហារ​ដ៏​ធំ​នៅ​ចំ​កណ្ដាល​ព្រៃ ដែល​មាន​តែ​គ្រឹស ដែល​កំពុង​ជាប់​គាំង​ដោយសារ​ខ្វះ​បច្ច័យ​សាងសង់​។

ព្រះ​ចៅអធិការ​វត្ត ដែល​មាន​ព្រះ​ជន្ម​៥៣​វស្សា បាន​លើក​ឡើង​ថា ព្រះ​អង្គ និង នេន​ៗ ក៏​ដូច​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដែរ បច្ចុប្បន្ន​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​ថែរក្សា​ដើមឈើរ​គ្រប់​ប្រភេទ ដែល​កំពុង​មាន​ស្រាប់​រាប់​ពាន់​ដើម​នៅ​ក្នុង​វត្ត​ជី​ហង្ស​នេះ ហើយ​បាន​និង​កំពុង​ដាំ​បន្ថែម​ទៀត​។ ប៉ុន្តែ​ព្រះ​អង្គ​បាន​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា « អាត្មា​បាន​ប្រឹងប្រែង​ថែរក្សា និងដាំ​ដើមឈើ​បន្ថែម​បាន​ច្រើន​ណាស់ តែ​អ្វី​ដែល​ប្រឈម គឺ អាត្មា​ខ្វះ​បច្ច័យ​សាងសង់​ព្រះ​វិហារ​បន្ត និងសាងសង់​កុដិ​សម្រាប់​នេន​ៗ​គង់នៅ​។ សព្វថ្ងៃ​មាន​ព្រះសង្ឃ​ចំនួន​០៧​អង្គ ដែល​គង់នៅ​ក្នុង​វត្ត តែ​ខ្វះខាត​កុដិ​សម្រាប់​ព្រះសង្ឃ​ស្នាក់​នៅ​»​។

ព្រះ​អង្គ​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ អំពី​បញ្ហា​«​ចង្ហាន់​» ដោយ​បាន​បញ្ជាក់​ថា «​កាល​ឆ្នាំ​មុន​ៗ នៅ​ក្នុង​វត្ត​នេះ​មាន​ពុទ្ធបរិស័ទ​ចេញចូល​ធ្វើបុណ្យ​ទាន​ច្រើន​សំបូរ​ចង្ហាន់ ហើយ​ក៏​មាន​ពុទ្ធបរិស័ទ​ជួយ​បច្ច័យ​កសាង​ច្រើន​ដែរ​។ ប៉ុន្តែ​សព្វថ្ងៃ​ស្ងាត់​ណាស់ ​ដោយសារ​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​ខ្លាំង ទើប​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជួប​និង​វិបត្តិ​ខ្លះ​ៗ​អំពី​បញ្ហា​«​ចង្ហាន់​»​នេះ​។ ពាក់​ព័ន្ធ​នឹង​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​នៅ​ក្នុង​«​វត្ត​ជី​ហង្ស​»​នេះ​ដែរ បើ​តាម​ឧបាសិកា ហាច ភូ​ង ដែល​ទ​ទូល​ខុស​ត្រូវ​ច​ង្ហា​ញ​ព្រះសង្ឃ​ប្រចាំ​វត្ត បាន​រៀបរាប់​ដែរ​ថា ចំពោះ​បញ្ហា​ចង្ហាន់​សម្រាប់​ព្រះសង្ឃ​នេះ ពេល​ខ្លះ​ក៏​ត្រូវ​ជួប​ការ​ខ្វះខាត​ខ្លាំង​ណាស់​ដែរ តែ​ជួប​ម្ដងម្កាល​ប៉ុណ្ណោះ​។ ព្រោះ​នៅ​មាន​វត្ត​មួយ​ចំនួន និង ពុទ្ធបរិស័ទ​ខ្លះ​ៗ​ផង បាន​ជួយ​ឧបត្ថម្ភ​។ ឧបាសិការ ហាច ភូ​ង ហាក់​បាន​និយាយ​គាំទ្រ​នូវ​អ្វី​ដែល​ព្រះ​គ្រួ​ចៅអធិការ​វត្ត​បាន​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​នូវ​បច្ច័យ​សម្រាប់​កសាង​វត្ត​អារាម ដែល​សំបូរ​តែព្រៃ​ឈើ តែ​ខ្វះ​ធន​ធាន​សាងសង់​។ គាត់​ដកដង្ហើម​ធំ ហើយ​បាន​ពោល​ពាក្យ​ដូច្នេះ​ថា «​អ្វី​ដែល​វត្ត​ជី​ហង្ស​កំពុង​ប្រឈម​សព្វ​ថ្ងៃនេះ​គឺ​ខ្វះខាត​បច្ច័យ​សម្រាប់​ទិញ​ចង្ហាន់​ព្រះសង្ឃ​ផង និង សម្រាប់​ក៏​សាង​វត្ត​អារាម​ផង​។

គេ​នឹង​មើលឃើញ​ព្រៃឈើ​លូតលាស់​ស្រស់បំព្រង​នា​រដូវ​ធ្លាក់​ភ្លៀង​នេះ ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​គ្រូ​ស​ក្រហម​មួយ​ខ្សែ​ពី​ទីរួមស្រុក​បាណ​ន់ ឆ្ពោះទៅ​កាន់​ទឹកដី​ឃុំ​ស្នឹង​ ។ បើ​ស្ថិត​នៅ​ខាង​មុខ គេ​មើលឃើញ​ត្រិ​ម​តែ​ខ្លោងទ្វារ ​និង​ផ្លូវ​ចូល​វត្ត​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ខាងក្នុង​នៃ​បរិវេណ​វត្ត គេ​នឹង​មាន​អារ​ម្ម​ណ៏​ស្រស់ស្រាយ ជាមួយ​អាកាសធាតុ​ត្រជាក់ និង បាន​គយគន់​ព្រៃ​ព្រឹក្សា​ចម្រុះ​យ៉ាង​ប្លែក​ភ្នែក​។ នៅ​ទីនោះ​ គេ​មិនសូវ​ប្រទះ​នឹង​ដំណាំ​ហូប​ផ្លែ​ទេ គឺ​មាន​តែព្រៃ​ឈើរ​ធម្មជាតិ​តែ​ប៉ុណ្ណោះ​។ មហាជន​ក៏​ដូច​ពុទ្ធបរិស័ទ​នានា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម​មួយ​នេះ (​វត្ត​ជី​ហង្ស​) សុទ្ធតែ​កោតសរសើរ​ថា «​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ ពិតជា​បាន​រក្សា​ព្រៃឈើរ​ឲ្យ​នៅ​គង់​វង់​បាន​ល្អ​មែន​។ ហើយ​ប្រហែល​គ្មាន​វត្ត​ណា​ផ្សេង ដែល​នៅ​សល់​ដើមឈើរ​ច្រើន​ដូច​នៅ​ក្នុង​វត្ត​ជី​ហង្ស​នេះ​ទេ​.. គួរ​ឲ្យ​សរសើ រ​ណាស់​ចំពោះ​ឆ​ន្ទះ​ព្រះសង្ឃ ដែល​ស្រឡាញ់​ព្រៃឈើ​.. ពិតជា​ល្អ​មែន​»​។

ជាមួយនឹង​ការ​អួតសរសើរ​ពី​ពុទ្ធបរិស័ទ​និង​មហាជន​ខាងលើ​នេះ ព្រះ​តេជគុណ វុន សុ​ចិន ក៏​បាន​បង្ហា ញ​នូវ​គោលដៅ​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ពិតមែនតែ​នៅ​ក្នុង​វត្ត​អាត្មា មាន​ដើមឈើរ​ចម្រុះ​ច្រើន​ពី​ធម្មជាតិ តែ​ពេល​នេះ​អាត្មា​បាន​និង​ក​ពុង​ប្រឹងប្រែង​ជាមួយ​នេន​ៗ ដើម្បី​ដាំ​កូន​ឈើរ​បន្ថែម​ទៀត នៅ​ទីកន្លែង​ដែ ល​ខ្វះចន្លោះ​។ កូន​ឈើរ​ដែល​អាត្មា​ដាំ​បន្ថែម​នោះ មាន​ដើម​ធ្នង់ ដើម​បេង ដើម​គ្រញូង និង ដើមឈើរ​កម្រ​ៗ​ដទៃ​ៗ​ទៀត​»​។

ព្រះ​អង្គ​បាន​បញ្ជាក់​ថា «​ជាមួយនឹង​ការ​ដាំ​ដើមឈើរ​បន្ថែម​នេះ គឺ អាត្មា​បាន​គូសវាស់​ប្លង់​រួចរាល់​ហើយ អំពី​ទីតាំង​សម្រាប់​សាងសង់​សំណង់ ទីធ្លា​សម្រាប់​ចត​យានយន្ត ទីតាំង​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​ព្រៃឈើរ​កំសាន្ត រួម​ទាំង​ផ្លូវ​ថ្មើ​ជើង​សម្រាប់​ភ្ញៀវ ឬ ពុទ្ធបរិស័ទ​ដើរ​លេង​កំសាន្ត​ទៀត​ផង​។ ប៉ុន្តែ​ព្រះ​អង្គ​ក៏​បាន​បង្ហើប​ផង​ដែរ​អំពី​ឧ​ប​ស័គ្គ​ដែល​បង្ក​ឡើង​ដោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ព្រះ​អង្គ​បាន​លើក​ឡើង​ថា «​ដោយសារ​តែ​ជំងឺ​ដ៏​មហន្តរាយ​នេះ ធ្វើ​ឲ្យ​វត្ត​ជី​ហង្ស​ស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ គ្មាន​ពុទ្ធបរិស័ទ​ចេញចូល​ធ្វើបុណ្យ​ទាន ទើប​ធ្វើ​ឲ្យ​វត្ត​ខ្វះ​បច្ច័យ​កសាង​ព្រះ​វិហារ​បន្ត ជាប់​គាំង​រហូត​មក​ដល់​ពេល​នេះ​»​។ ព្រះ​អង្គ​បាន​បញ្ជាក់​បន្ថែម​ថា ព្រះ​វិហារ​ដែល​ទើប​សាងសង់​បាន​ត្រិ​ម​គ្រឹស​ក្រោម​នេះ គឺ​អស់​បច្ច័យ​រាប់​ម៉ឺន​ដុល្លា​ហើយ ដែល​បច្ច័យ​ទាំងនោះ​បាន​មក​ពី​ការ​ចូលរួម​របស់​ពុទ្ធបរិស័ទ​នានា ដែល​បាន​មក​ធ្វើបុណ្យ​ទាន​នៅ​វត្ត​ជី​ហង្ស​។

ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ​ពេល​នេះ​ការ​សាងសង់​ព្រះ​វិហារ​ត្រូវ​ជាប់​គាំង ត្រិ​មការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ នេះ​តែ​ម្ដង​។ ព្រះ​អង្គ​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​ពុទ្ធបរិស័ទ​ក្ដី សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ក្ដី ដែល​មាន​សុទ្ធា​ជ្រះថ្លា​ចូលរួម​ជា​បច្ច័យ ដើម្បី​បន្ត​ការ​សាងសង់​នូវ​កុដិ និង ព្រះ​វិហារ ឬ សមិទ្ធិ​ផល​នានា​នៅ​ក្នុង​វត្ត​បន្ដ​ទៀត ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ព្រៃឈើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ សម្រាប់​ពុទ្ធបរិស័ទ​ទស្សនា​កំសាន្ត​៕ ​

អត្ថបទសរសេរ ដោយ