ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​វិសាខា​ បង្ហាញ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​១រូប ជំនួស​តំណែង​កីឡាករ​អង់គ្លេស​ដែល​ចាកចេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្លឹ​ប​បាល់ទាត់ វិសាខា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ បាន​បង្ហាញ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី ១​រូប គឺ​កីឡាករ​ប្រេ​ស៊ី​ល

​រាជធានី​ភ្នំពេញ ​៖ ក្លឹ​ប​បាល់ទាត់ វិសាខា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ បាន​បង្ហាញ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី ១​រូប គឺ​កីឡាករ​ប្រេ​ស៊ី​ល Cristian Alex ដែល​ទំនង​ត្រូវ​បំពេញ​កូតា​កីឡាករ​បរទេស ជំនួស​កៅអី​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​កីឡាករ Charlie Machell ដែល​បាន​ចាកចេញ កាលពីដើម​ខែឧសភា ដើម្បី​ត្រៀម​ជើង​ទី​២ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២១​។

កីឡាករ​Cristian Alex មាន​វ័យ ២៧​ឆ្នាំ​គេ​មានបទពិសោធន៍​លើ​ទីលាន​ជាង​១០​ឆ្នាំ​មក​ហើយ ទាំង​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី ពិសេស​នៅ​អាស៊ាន​។ រូបគេ​ធ្លាប់​លេង​ឲ្យ​ក្លឹ​ប​ជា​ច្រើន​នៅ​ថៃ ជាក់ស្ដែង ៣​រដូវ​កាល​ចុង​ក្រោយ កីឡាករ​កម្ពស់​១.៨៨​ម៉ែត្រ​រូប​នេះ បាន​លេង​ឲ្យ​ក្លឹ​ប Chiangmai FC នៅ​ឆ្នាំ​២០១៨ មុន​ផ្ទេរ​ទៅ​ក្លឹ​ប Khonkaen FC (​ខ្ចី​ជើង​) កាលពី​ឆ្នាំ​២០១៩ និង​ចុង​ក្រោយ​លេង​ឲ្យ​ក្លឹ​ប Songkhla FC ក្នុង​រដូវ​កាល​ឆ្នាំ​២០២០-២០២១ មុន​ផ្ទេរ​មក​វិសាខា​ពេល​នេះ​។

ក្រុម​ម្ចាស់​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នេះ បាន​បញ្ជាក់​ថា «​តាង​នាម​គ្រួសារ​បាល់ទាត់​វិសាខា សូម​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​យើង Cristian Alex​។ ពួក​យើង​សង្ឃឹមថា វត្តមាន​របស់ Alex នឹង​រួមចំណែក​ជួយ​ក្លឹ​ប​របស់​យើង ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត នា​រដូវ​កាល​ក្នុង​នេះ ហើយ​បង្ហាញ​នូវ​អ្វី​ដែល​ថ្មី និង​អស្ចារ្យ​ជូន​ដល់​បងប្អូន​អ្នកគាំទ្រ​របស់​យើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​»​។

សូម​បញ្ជាក់​ថា ការ​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​នេះ ធ្វើ​ឡើង​ជាង​១​ស​ប្ដា​ហ៍ មុន​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ នៅ​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ខណៈ​ទីផ្សារ​ដោះ​ដូរ​កីឡាករ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​។ បច្ចុប្បន្ន ក្រុម​វិសាខា ទើប​ប្រកួត​ជើង​ទី​១ បាន​៦​ប្រកួត​ប៉ុណ្ណោះ ដោយ​រកបាន​១២​ពិន្ទុ​ក្នុង​ដៃ ជាមួយ​លទ្ធផល​៦​ប្រកួត ឈ្នះ​៣ និង​ស្មើ​៣ និង​មិន​ទាន់​ស្គាល់​ចាញ់​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ