ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​បន្ត​ខកចិត្ត​បន្ថែម​ទៀត ខណៈ​អ៊ី​តា​លី​ឈ្នះ​ជើងឯក Euro ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ(វីដេអូ)

2 ឆ្នាំ មុន

អង់គ្លេស ៖ អ៊ី​តា​លី បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro 2020 ក្រោយ​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​អង់គ្លេស ដោយ​បាល់​ប៉េ​ណា​ល់​ទី​

អង់គ្លេស ៖ អ៊ី​តា​លី បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro 2020 ក្រោយ​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​អង់គ្លេស ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដោយ​លទ្ធផល ៣-២​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​១២០​នាទី​បាន​ត្រឹម​ស្មើគ្នា​លទ្ធផល ១-១​។

ជំនួប​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Euro 2020 ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Wembley ក្រោម​វត្តមាន​អ្នកគាំទ្រ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​។ ម្ចាស់ផ្ទះ​អង់គ្លេស​មានការ​ចាប់ផ្តើម​យ៉ាង​ល្អ ដោយ​បើក​ការ​នាំមុខ​មុន​តាំងពី​នាទី​២​ដើម​វគ្គ​ទី​១ ដែល​សម្រេច​បាន​ដោយ​ខ្សែការពារ Luke Shaw ក្រោយ​ទទួល​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​សំណាក់​មិត្ត​រួម​ក្រុម Kieran Trippier​។

ប៉ុន្តែ​ការ​ប្រកួត​ក្នុង​វគ្គ​ទី​២ ខ្សែការពារ​អ៊ី​តា​លី Leonardo Bonucci ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ​នៅ​នាទី​៦៧​។ ហើយ​លទ្ធផល ១-១ បាន​រក្សា​រហូត​ចប់​ការ​ប្រកួត​៩០​នាទី​។ ខណៈ​ការ​ប្រកួត​នៅ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ក្រុម​ទាំង​ពីរ​ក៏​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា ទើប​ឈាន​ដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​រក​អ្នក​ឈ្នះ​។

ក្នុង​ចំណោម​៥​គ្រាប់​របស់​អ៊ី​តា​លី ៣​គ្រាប់​សម្រេច​បាន​ដោយ​កីឡាករ Domenico Berardi, Leonardo Bonucci និង Federico Bernardeschi ។ ខណៈ​២​គ្រាប់​ទៀត ដែល​ស៊ុត​ដោយ​កីឡាករ Andrea Belotti និង Jorginho ត្រូវ​បាន​រារាំង​ដោយ​អ្នកចាំទី​អង់គ្លេស Jordan Pickford​។

ដោយឡែក​អង់គ្លេស​វិញ ២​គ្រាប់​សម្រេច​បាន​ដោយ​កីឡាករ Harry Kane និង Harry Maguire​។ ខណៈ​ដែល​៣​គ្រាប់​បរាជ័យ ដែល​ស៊ុត​ដោយ​កីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka មាន​ទាំង​ការ​រារាំង​ដោយ​អ្នកចាំទី​អ៊ី​តា​លី Gianluigi Donnarumma និង​ការ​ទាត់​ចេញ​ក្រៅ​ផង​ដែរ​។

ជ័យជម្នះ​ដ៏​ធំធេង​នេះ បាន​ធ្វើ​ឱ្យ​អ៊ី​តា​លី​ឈ្នះ​ជើងឯក​ពានរង្វាន់ Euro ជា​លើក​ដំបូង​ក្រោយ​ខកខាន​រយៈពេល​៥៣​ឆ្នាំ និង​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​កំពូល​របស់​ទ្វីបអឺរ៉ុប​មួយ​នេះ​។ ខណៈ​ដែល​អង់គ្លេស នៅ​តែ​បន្ត​ខកចិត្ត​បន្ថែម​ទៀត ដោយនៅ​តែ​មិន​ទាន់​អាច​ឈ្នះ​ពានរង្វាន់​អ្វី​ទាំងអស់​ក្នុង​រយៈពេល​៥៥​ឆ្នាំ បន្ទាប់​ពី​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់ World Cup កាលពី​ឆ្នាំ​១៩៦៦៕

https://www.youtube.com/watch?v=MKVh7alUaxc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ