ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​គួរ​ចាត់វិធានការ ប្រទេស​ប្រធាន​អាស៊ាន​មួយ​នេះ​គួរតែ​បំពេញ​កាតព្វកិច្ច​ដោះស្រាយ​ជម្លោះ​កម្ពុជា​-​សៀម

13 ឆ្នាំ មុន

ក្នុង​ឋានៈ​ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន ​ដែល​ទទួល​ការងារ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហ​ប្រជាជាតិ​ឲ្យ​សម្រប​សម្រួល​បញ្ហា​សង្គ្រាម​រវាង​ថៃ-​កម្ពុជា ​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​តែ​​អនុវត្ត​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​​ជា​បន្ទាន់​ ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហា​កម្ពុជា-​ថៃ ​ហើយ​គប្បី​បញ្ជូន​អ្នក​​សង្កេត​ការណ៍​យោធា​មក​កម្ពុជា​ជា​បន្ទាន់ ​ពី​​ព្រោះ​វត្តមាន​យោធា​ឥណ្ឌូណេស៊ី ​គឺ​មាន​សារ​​សំខាន់​​ណាស់​សម្រាប់​ឃ្លាំ​មើល​បទ​ឈប់​បា.ញ់

ក្នុង​ឋានៈ​ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន ​ដែល​ទទួល​ការងារ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហ​ប្រជាជាតិ​ឲ្យ​សម្រប​សម្រួល​បញ្ហា​សង្គ្រាម​រវាង​ថៃ-​កម្ពុជា ​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​តែ​​អនុវត្ត​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​​ជា​បន្ទាន់​ ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហា​កម្ពុជា-​ថៃ ​ហើយ​គប្បី​បញ្ជូន​អ្នក​​សង្កេត​ការណ៍​យោធា​មក​កម្ពុជា​ជា​បន្ទាន់ ​ពី​​ព្រោះ​វត្តមាន​យោធា​ឥណ្ឌូណេស៊ី ​គឺ​មាន​សារ​​សំខាន់​​ណាស់​សម្រាប់​ឃ្លាំ​មើល​បទ​ឈប់​បាញ់ និងកិច្ចការពារ ព្រមទាំងសង្គ្រោះ​ប្រាសាទ​ព្រះ​វិហារ និងជាការរួមវិភាគទាន​ក្នុងការ​កសាង​ជំនឿទុកចិត្តសម្រាប់ប្រទេសទាំងពីរ ក៏ដូច​ជា​ការទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀតនៃឧក្រិដ្ឋកម្ម​ប្រឆាំងនឹងវប្បធម៌។  

បន្ទាប់ពីកិច្ចប្រជុំនៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រធានអាស៊ានជា​អ្នក​សម្របសម្រួល កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ​២០១១ កម្ពុជា-ថៃ ព្រមទទួលយកក្រុមអ្នក​សង្កេតការណ៍នេះបើយោងតាមការចុះ​ផ្សាយ​​របស់សារព័ត៌មានហ្សាការតាប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី២៨ មីនា ឆ្នាំ២០១១ ។

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១១កន្លងមកនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌណេស៊ី បានផ្ញើលិខិត​មកកាន់លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងលោកកាស៊ីត ភិរម្យ រដ្ឋមន្រ្តីការបរទេសថៃ ដោយបានបញ្ជាក់ថា ឥណ្ឌូណេស៊ីបានទទួល​រួច​ហើយនូវលិខិតចុះថ្ងៃទី១៦ មីនា ឆ្នាំ២០១១ របស់កម្ពុជា និងលិខិតចុះថ្ងៃទី១៩ មីនា ឆ្នាំ​២០១១ របស់ថៃ ដែលបានឆ្លើយតបទៅ​នឹង​លិខិតរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ។ ក្នុងនោះដែរ រដ្ឋមន្រ្តីឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា​ដែលបានទទួលយកនូវលក្ខខណ្ឌប្រតិបត្តិដែល​ត្រូវបានកែសម្រួលចុងក្រោយ ហើយក៏បានកត់​សម្គាល់ផងដែរនូវ​គំនិតរបស់កម្ពុជាស្តីពីរូប​មន្ត ដើម្បីដាក់ឱ្យលក្ខខណ្ឌប្រតិបត្តិនេះចូលជាធរមានសម្រាប់ឲ្យមានការពិភាក្សាបន្តទៀត ។ ក្នុងនោះដែរ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ក៏បាន​អរគុណដល់រដ្ឋាភិបាលកម្ពុជា​ដែលបានឯកភាព​ចំពោះសំណើកោះប្រជុំគណៈកម្មការព្រំដែនទូ​ទៅ (GBC) និងកិច្ចប្រជុំគណៈកម្មការខណ្ឌ សីមាបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក៏ដូចជាការប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរ ទេសកម្ពុជា-ថៃ ដែលគ្រោងនឹងធ្វើនៅបូហ្គ័រ  ថ្ងៃទី៧-៨ មេសា ឆ្នាំ២០១១។

លោក Prawit Wongsuwon រដ្ឋមន្រ្តី​ក្រសួងការពារជាតិថៃបាននិយាយថា ការ​ប្រជុំ​គណៈកម្មការព្រំដែនទូទៅ (GBC) ដែល​គ្រោងប្រជុំនឹងធ្វើនៅបូហ្គ័រ គឺជាជំហាន​មួយដ៏​ត្រឹមត្រូវ ប៉ុន្តែកុំឱ្យមានវត្តមាន​ប្រទេស​​ឥណ្ឌូ​ណេស៊ីចូល​រួមក្នុងអង្គប្រជុំ នេះបើតាម​ការ​ផ្សាយ​របស់​​សារព័ត៌មានបាងកកប៉ុស្តិ៍ចុះថ្ងៃទី៣០ មីនា ឆ្នាំ ២០១១ ។ ថ្មីៗនេះ តាមការផ្សាយរបស់​សារព័ត៌​មានដឺហ្សាការតា កាលពីថ្ងៃទី២៨ មីនា ឆ្នាំ​២០១១ បានដកស្រង់ប្រសាសន៍លោក Marty Natalegawa រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូណេស៊ី និងជាប្រធានអាស៊ានដែល​បាន​និយាយ​ថា «អាស៊ានមានផែនការបញ្ជូនអ្នក​សង្កេត​ការណ៍យោធាទៅកាន់​តំបន់ជម្លោះថៃ-កម្ពុជាដែលត្រូវពន្យារពេលដោយរង់ចាំការ​អនុម័តពីទីក្រុងបាងកក និងភ្នំពេញ ជាពិសេស​ទាក់ទង​នឹងអ្នកសម្របសម្រួល ដើម្បីដឹងពី​ទីកន្លែង​ពិត​ប្រាកដគួរតែទៅសង្កេតការណ៍ ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សនៅ​វិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា «កិច្ចប្រជុំគណៈកម្មការ​ព្រំ​ដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈ​កម្មការ​កំណត់បង្គោលព្រំដែនរួម (JBC) ដែលគ្រោង នឹងធ្វើនៅថ្ងៃទី៧-៨មេសាឆ្នាំ២០១១ខាង​មុខនេះមិនអាចធ្វើនៅកម្ពុជា ឬថៃបានទេ គឺ​ត្រូវតែទៅប្រទេសទី៣ ។ សម្តេចបានបញ្ជាក់​បន្ថែមទៀតថា ថៃមិនអាចធ្វើម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំទាំងនោះបានទេ ដោយសារតែ​ការជជែក​គ្នាទ្វេភាគីជាច្រើនឆ្នាំណាស់មកហើយ គ្មាន​លទ្ធ​ផល ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌូណេស៊ីបានធ្វើ​លិខិត​អញ្ជើញរួចទៅហើយ ដើម្បីចូល​រួម​នៅ​ក្នុងកិច្ចប្រជុំនេះ ចំណែកអនុព័ន្ធយោធា​ថៃ​ ក៏​បាន​សរសេរលិខិតមកលោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិដោយចង់​ឱ្យមានកិច្ច​ប្រជុំ​នៅកម្ពុជា ឬនៅថៃ ប៉ុន្តែសម្តេចតេជោបាន​បញ្ជាក់ដាច់ណាត់ថា គ្មានកិច្ចប្រជុំណា​មួយនៅ​កម្ពុជា ឬថៃទេ គឺទៅប្រជុំនៅប្រទេសទី៣ ព្រោះ​ឥណ្ឌូណេស៊ីបានសរសេរលិខិតអញ្ជើញ​រួចទៅហើយ សម្តេចមិនចូលរួម​ណាមួយ​ដើម្បី​ខោក​ក្បាលឥណ្ឌូណេស៊ីនោះទេ ។    

សូមរំលឹកថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បានប្រគល់តួនាទីឱ្យប្រធានអាស៊ាន គឺឥណ្ឌូណេស៊ីជាអ្នកសម្រប​សម្រួល​កម្ពុជា-ថៃ ។ ដូច្នេះឥណ្ឌូណេស៊ី គឺជាអ្នកដើរ​តួ​សម្របសម្រួលដ៏សំខាន់ ដោយឥណ្ឌូណេស៊ីអាចមកកម្ពុជា ឬទៅថៃដើម្បីសម្រុះសម្រួល ឬហៅ​ប្រទេសទាំងពីរទៅទីក្រុងហ្សាការតាដើម្បីធ្វើការ​សម្រុះសម្រួល ដោយមិនអាចមានកិច្ចប្រជុំណា​មួយនៅកម្ពុជា ឬនៅថៃទេ។ ​ដូច្នេះ បើថៃចេះ​តែរឹងរូសដូចជាការប្រកាន់ជំហរបំពានដូចនេះ គឺជាការជាន់ឈ្លីទៅលើសេចក្តីថ្លែងការណ៍​នៃ​អង្គប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ២០១១ ដែលប្រធានអាស៊ាន​គប្បី​ពិចារណាដើម្បីការសម្រេចចិត្តក្នុងការទម្លុះទម្លាយបញ្ហានេះជាបន្ទាន់ ដែលមិនត្រូវទុកឱ្យ​ភាគីថៃធ្វើព្យុះភ្លៀង ឬអូសបន្លាយពេលវេលា បង្កការរាំងស្ទះស្រេចតែអំពើចិត្តរបស់ខ្លួននោះ​ឡើយ ៕