ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនួប​​រវាង​ឃឹម បូ​រ៉ា​ និង​ម៉ឺន មេ​ឃា​ ត្រូវ​លើកពេល​ទៅ​ស​ប្ដា​ហ៍​ក្រោយ​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​រវាង​កីឡាករ​ឃឹម បូ​រ៉ា​ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ ជាមួយ​កីឡាករ​ម៉ឺន មេ​ឃា ​សមាគម​

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​រវាង​កីឡាករ​ឃឹម បូ​រ៉ា​ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ ជាមួយ​កីឡាករ​ម៉ឺន មេ​ឃា ​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១០​កក្កដា​មិន​ត្រូវ​បាន​ប្រកាស​លទ្ធផល​ឡើយ​ ​ហើយ​គណៈកម្មការ​ប្រកួត​សម្រេច​លើក​ការ​ប្រកួត​នេះ​ទៀត​នៅ​ពេល​ក្រោយ​វិញ​។

ការ​ប្រកួត​រវាង​កីឡាករ​ឃឹម បូ​រ៉ា​ ជាមួយ​កីឡាករ​ម៉ឺន មេ​ឃា​ គឺជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ដែល​មានឈ្មោះ​ថា​ «​ជើងឯក​ប៉ះ​គ្នា​» ដែល​មាន​ប្រាក់​រង្វាន់​អមរ​ហូត​ដល់​ទៅ​២០​លាន​រៀល​ឯណោះ​ ។ ​ប៉ុន្តែ​ដោយសា​តែ​ការ​ប្រកួត​រវាង​គេ​ទាំង​ពីរ​មាន​ភាព​មិន​ប្រក្រតី ខណៈ​ពេល​ដែល​កីឡាករ​ម៉ឺន មេ​ឃា​ ធ្វើ​ឱ្យ​ខុស​ទៅ​នឹង​ច្បាប់​ប្រកួតបាន​ចាប់​កីឡាករ​ឃឹម បូ​រ៉ា​ បោក​ផ្ទប់​ទៅ​នឹង​តា​ពី​នៅ​ត្រឹម​ទឹក​ទី​៣​បណ្ដាល​ឱ្យ ឃឹម បូ​រ៉ា​ រហូត​ដល់​ថ្នាក់​សន្លប់​ ។ ​ម្យ៉ាងវិញទៀត​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​ចៅក្រម ការ​ប្រកួត​នេះ​ទៀត​ ឃឹម បូ​រ៉ា​ ឈ្នះ​ដាច់​៣​ទឹក​រួច​ទៅ​ហើយ​ ។ ​មាន​មតិ​មហា​ជាន​ភាគច្រើន​សុទ្ធតែ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ដោយសា​តែ​ម៉ឺន មេ​ឃា ​មានចិត្ត​ចង់​ឈ្នះ​ពេក ទើប​ធ្វើ​ឱ្យ​គេ​ភ្លេច​គិត​ពី​ច្បាប់​ប្រកួត​អស់ ហើយ​បាន​ប្រើ​កម្លាំង​ចាប់​ក្រៀក បូ​រ៉ា​បោក​ផ្ទប់​ទៅ​នឹង​ក្ដា​រេញ​រហូត​ដល់​ថ្នាក់​សន្លប់​តែ​ម្ដង​ ។ ​

បើ​អនុវត្ត​តាម​ច្បាប់​ប្រកួត​ម៉ឺន មេ​ឃា​ ជា​អ្នក​ខុស​ទាំងស្រុង ហើយ​បើសិនជា​ការ​ប្រកួត​ធម្មតា​គេ​ពិតជា​ឱ្យ​ម៉ឺន មេ​ឃា​ ចាញ់​ដោយ​ស្វ័យប្រវត្ត​ក៏​ប៉ុន្តែ វា​គឺជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ដូច្នេះ​ទាំង​គណៈ​កម្មការ​ប្រកួត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ខាង​ស្ថានីយ៍ទូរទស្សន៍​ក៏​ដូច​ជា​ខាង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី បាន​ឯ​ភាព​គ្នា​លើក​ការ​ប្រកួត​ទៅ​ស​ប្ដា​ហ៍​ក្រោយ​ៗ​ទៀត តាម​ស្ថានភាព​ជាក់ស្ដែង ជា​ពិសេស​គឺ​សម្រេច​ទៅ​លើ​កីឡាករ​ឃឹម បូ​រ៉ា​ ដែល​ជា​អ្នក​រង​គ្រោះ​បើសិនជា​គេ​ថា​អាច​ប្រកួត​ពេល​ណា​បាន​គឺ​ប្រកួត​ពេល​នោះ​ភ្លាម​។

លោក​ម៉ា ស៊ី​ថេ​ត ​អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អិន​ស៊ី​ បានឱ្យ​ដឹង​ថា ចំពោះ​កីឡាករ​ម៉ឺន មេ​ឃា​ ចាប់​បោក​គូប្រកួត​ឱ្យ​សន្លប់​នោះ​ វា​ពិតជា​ខុស​ទៅ​នឹង​ច្បាប់​ប្រកួត​១០០% ហើយ​គេ​ប្រាក​ដ​ជា​ឱ្យ​ឃឹម បូ​រ៉ា ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ហេតុផល​របស់​វា​គឺ​នៅ​ត្រង់​ថា ឃឹម បូ​រ៉ា​ ជា​ម្ចាស់​ខ្សែក្រវាត់​ ស្រាប់​បើសិនជា​គណៈកម្មការ​ប្រកួត​ឱ្យ​បូ​រ៉ា ឈ្នះ​គឺ​បាន​ន័យ​ថា​បូ​រ៉ា នឹង​បាត់បង់​សេចក្ដី​ថ្លៃថ្នូ​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​រួច​ទៅ​ហើយ ៗ​ក៏​មាន​មតិ​ភាគច្រើន​ធ្វើការ​រិះគន់​មិន​ខាន ព្រោះ​អី​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​មិន​ត្រូវ​ឈ្នះ​ដោយ​បែប​នេះនោះ​ទេ គឺ​ត្រូវ​តែ​ប្រើ​ប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន​។

លោកបន្ត​ថា ​មួយវិញទៀត​ បើសិនជា​ឱ្យ​ម៉ឺន មេ​ឃា​ ឈ្នះ​ក៏​មាន​មហាជន​ជា​ច្រើន​ធ្វើការ​រិះគន់​ផង​ដែរ​ ។​ ដូ​ច្នះ​ហើយ​ទើប​គណៈ​កម្មការ​ប្រកួត​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បូក​រួម​ទាំង​សាមី​ភាគី​ទាំង​សងខាង​ក៏ បាន​ឯកភាព​គ្នា​តាម​ការ​ស្នើ​សំ​ទៅ​ស​ប្ដា​ហ៍​ក្រោយ​ដូច​គ្នា​។​ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​សហព័ន្ធ​នឹង​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​ទៅ​លើ ម៉ឺន មេ​ឃា​ ដោយ​របៀប​ណា ចំពោះ​ករណី​ដែល​គេ​បាន​បង្ករ​ឱ្យ​មាន​កំហុស​បែប​នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ