ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែចង់​កាត់​បន្ថយ​ការ​នាំ​ចូល​​សត្វ​ពី​ប្រទេស​ជិត​ខាងទៀត

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ និង​កាត់​បន្ថយ​ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី​ ៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ និង​កាត់​បន្ថយ​ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​បើក​វគ្គ​សិក្ខាសាលា​ស្តី​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ (ASPIRE) ដល់​ប្រជា​កសិករ​ចំនួន៦០​គ្រួសារ មក​ពី​សង្កាត់​ទាំង០៤​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​គិតគូរ និង​ជំរុញ​ដល់​ប្រជា​កសិករ​ទាំងអស់ ត្រូវ​ខិតខំ​ពង្រីក​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ការ​ចិញ្ចឹមសត្វ ឲ្យ​មានការ​រីក​ចម្រើន ដើម្បី​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ និង​ជា​ចំណូល​ក្នុង​គ្រួសារ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម បញ្ជាក់​ថា នៅ​ក្នុង​មណ្ឌលគិរី មិន​ទាន់​មាន​កសិករ​ចិញ្ចឹមសត្វ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ គឺ​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​មានការ​ខ្វះខាត សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ព្រោះ​បច្ចុប្បន្ន សាច់សត្វ​ដែល​យើង​បរិភោគ​នេះ ភាគច្រើន​នាំ​ចូល​ពី​បណ្តា​ខេត្ត​ផ្សេង​ៗចូល​ក្នុងស្រុក ។ ដូច្នេះ មន្ទីរ​ក៏​បាន​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ​ឡើង ទី​១. ដើម្បី​ឲ្យ​ប្រជា​កសិករ​មានការ​យល់​ដឹង និង​ចេះ​ផ្គត់ផ្គង់​ជីវភាព​សម្រាប​គ្រួសារ ទី​២ ដើម្បី​ឈាន​ទៅ​ការ​ពង្រីង​ចិញ្ចឹមសត្វ​ឲ្យ​មាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ សម្រាប​ផ្គត់ផ្គង់​ចូល​ក្នុង​ទីផ្សារ​។ លោក​សង្ឃឹមថា ក្រោយ​ពី​មន្ត្រី​ជំនាញ ចុះ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស និង​ការ​ថែទាំ​ការ​ចិញ្ចឹមសត្វ​នេះ សូម​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ទទួល​បាន​នូវ​ចំណេះដឹង នឹង​យក​ទៅ​ខិតខំ​ពង្រីក​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ សម្រាប​ផ្គត់ផ្គង់​ក្នុង​គ្រួសារ បង្កើន​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

លោក ហេង ផា​នី​ត ជា​កសិករ នៅ​ភូមិ​ជ្រៃ​សែន សង្កាត់ មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រៀបចំ​បើក​វគ្គ​សិក្ខាសាលា​ស្តី​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់​នេះ ដល់​រូប​លោក ក៏​ដូច​ជា​កសិករ​ដទៃ​ទៀត មានការ​យល់​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ចិញ្ចឹម​មាន់ ការ​ជ្រើសរើស​ពូជ និង​ការ​ចាក់​ថ្នាំ​ការពារ ដែល​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ពួក​គាត់​យក​ទៅ​ចិញ្ចឹម​ ។ លោក ហេង ផា​នី​ត តំណាង​ឲ្យ​កសិករ​ទាំងអស់ បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ដែល​បាន​គិតគូរ និង​យកចិត្តទុកដាក់​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ ដើម្បី​ឲ្យ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ពួក​គាត់​។

សូម​បញ្ជាក់​ថា សម្ភារ​ដែល​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ផ្តល់​ជូន​កសិករ​ចំនួន ៦០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន ចំណី​មាន់​១៥​គីឡូក្រាម ស្នូក​ដាក់​ចំណី ១ ស្នូក​ដាក់​ទឹក ១ កូន​មាន់​ចំនួន ១៥​ក្បាល និង​វ៉ាក់សាំង​ការពារ​មាន់​ចំនួន ២​មុខ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ