ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាចទេចាប់ពីឆ្នាំ ២០២២ កសិករឈប់ពិបាករកទីផ្សារលក់កសិផល ?

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអាចទេ កសិករខ្មែរ លែងពិបាករកទីផ្សារលក់កសិផលចាប់ពីឆ្នាំ ២០២២ ទៅ ? ។ នេះជាសំណួរមួយខណៈដែលកម្ពុជាកំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន…

រាជធានីភ្នំពេញ ៖ តើអាចទេ កសិករខ្មែរ លែងពិបាករកទីផ្សារលក់កសិផលចាប់ពីឆ្នាំ ២០២២ ទៅ ? ។ នេះជាសំណួរមួយខណៈដែលកម្ពុជាកំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន នៅក្នុងនោះប្រទេសចិន ។ ចាប់ពីឆ្នាំក្រោយទៅចិននឹងក្លាយជាទីផ្សារទិញកសិផលខ្មែរកាន់តែធំ សំខាន់ជាងមុន ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅចុងឆ្នាំ ២០២១ នេះ ហើយឆ្នាំ ២០២២ ជាឆ្នាំដែលកម្ពុជាទទួលបានទីផ្សារដ៍ធំ ពីមហាយក្សចិន ។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នេះអាចនាំឲ្យកម្ពុជាទទួលបានការវិនិយោគថ្មីពីបរទេស បច្ចេកវិទ្យា ជំនាញផ្សេងៗទៀតផង ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០២០ បានដល់ដៃរដ្ឋសភាដើម្បីអនុម័តជាផ្លូវការហើយ ។ កាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះជាមួយគណៈកម្មការជំនាញរដ្ឋសភាមុខដាក់ឲ្យរដ្ឋសភាអនុម័ត ។ 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់ពីសារៈសំខាន់ៗនៅពេលកិច្ចព្រមព្រមនេះចូលធរមានថា ទីផ្សារកសិផលកម្ពុជា ធំជាងមុន និងប្រសើរជាងមុនលើទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ ។ ឯកឧត្តមបន្ថែមថា ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត ។ 

បើតាមឯកឧត្តមរដ្ឋមន្រ្តីកិច្ចព្រមព្រៀមពាណិជ្ជកម្មនេះ នឹងផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន ព្រមទំាងការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក និងការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។

កម្ពុជាមានកសិផលសំខាន់ៗសម្រាប់នាំចេញដូចជាស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច កៅស៊ូសណ្តែក ពោត ជាដើម ។ បច្ចុប្បន្នគោលដៅនាំចេញកសិផលកម្ពុជាមាន ៦២ ប្រទេស ។ អាមេរិក អឺរ៉ុប ប្រទេសអាស៊ានជាទីផ្សារសំខាន់របស់ខ្មែរ ។ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលទទួល មានបរិមាណជាង ៤ លាន ៤ សែន តោន កើនឡើងជាង ២ លានតោន ស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន ៕