ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ត្រូវ​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​នានា និង​កុំ​បេះ​ប្រភេទ​ផ្កា​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រពល​រដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង​ការ​កម្សាន្ត​ធម្មតា និង​ទាំង​លក្ខណៈ​ផ្សងព្រេង មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដោយ​វេច​ខ្ចប់ និង​ទុកដាក់​សំណល់​រឹង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​នានា​ជា​ពិសេស​គួរ​កុំ​បេះ​ប្រភេទ​ផ្កា​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ ដើម្បី​រក្សា​ពូជ​និង​សោភ័ណ​ភាព​រមណីយដ្ឋាន​ឱ្យ​បាន​ស្អាត​សម្រាប់​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែល​ចូល​ចិត្ត និង​ស្រឡាញ់​ធម្មជាតិ​។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រពល​រដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង​ការ​កម្សាន្ត​ធម្មតា និង​ទាំង​លក្ខណៈ​ផ្សងព្រេង មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដោយ​វេច​ខ្ចប់ និង​ទុកដាក់​សំណល់​រឹង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​នានា​ជា​ពិសេស​គួរ​កុំ​បេះ​ប្រភេទ​ផ្កា​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ ដើម្បី​រក្សា​ពូជ​និង​សោភ័ណ​ភាព​រមណីយដ្ឋាន​ឱ្យ​បាន​ស្អាត​សម្រាប់​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែល​ចូល​ចិត្ត និង​ស្រឡាញ់​ធម្មជាតិ​។

ការ​អំពាវនាវ​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​តូច​មិន​ទាន់​បាន​គោរព​ត្រឹមត្រូវ​នូវ​វិធាន​អនាម័យ​បរិស្ថាន និង​ពេល​ខ្លះ​បាន​បេះ​ផ្កា​មួយ​ចំនួន​ដូច​ជា​ប្រភេទ​ផ្កា​បំពង់​ក្រ​ឡោម​ជាដើម ដែល​ជា​ប្រភេទ​រុក្ខជាតិ​ដែល​កំពុង​រង​គ្រោះ​បាត់បង់​ពូជ​ដើម្បី​ថតរូប​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ខ្លួន​។ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូប​នេះ​ថ្លែង​ថា ប្រសិនបើ​ស្រឡាញ់ និង​សរសើរ​ថា រុក្ខជាតិ​ទាំងនេះ​ស្អាត​គួរ​ថែរក្សា​វា​នៅ​លើ​ដើម​ដើម្បី​ទុក​ឱ្យ​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​បានឃើញ​សម្រាប់​ដ៏​ស្អាត​នៃ​ជីវៈចម្រុះ​ទាំងនេះ​ផង​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា៖

យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ ផ្កា​បំពង់​ក្រ​ឡោម​, បំពង់​ស្រមោច ឬ​អ្នកខ្លះ​ហៅ​ថា «​ផ្កា​បំពង់​លុក​» ឬ «​ផ្កា​ក្រឡូម​ពារ​» ភាសា​បច្ចេកទេស Pitcher plants (Nepenthes) គឺជា​ពួក​រុក្ខជាតិ​ស៊ីសាច់ ដែល​គេ​បានដឹង​តិចតួច​ណាស់​នៅ​កម្ពុជា​។ គេ​ហៅ​វា​ថា​ជា​រុក្ខជាតិ​ស៊ីសាច់​ព្រោះ​វា​អាច​ចាប់​សម្លាប់ និង​រំលាយ​សត្វ​ដែល​ចូល​ទៅ​ក្នុង​ទម្រង់​ស្លឹក​ពិសេស​របស់​វា​។ រុក្ខជាតិ​នេះ​មាន​ដុះ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា នៅ​កម្ពុជា​ហើយ​ទីតាំង​ដែល​មានឈ្មោះ​ល្បី​គឺ​ដូច​ជា​នៅ លើ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ នៅ​តំបន់​ខ្នង​ផ្សារ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ក្រ​វ៉ា​ញ​កណ្តាល​ជាដើម​។

ផ្កា​បំពង់​ក្រ​ឡោម​ជា ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​មាន​រាង​ដូច​បំពង់ ហើយ​ផ្ទុក​សារធាតុ​ម្យ៉ាងដែ​លអាច​ទាក់ទាញ​សត្វល្អិត​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់​របស់​វា ហើយ​ក៏​លង់ទឹក​ក្នុង​បំពង់​នោះ​រហូត​ដល់​ស្លាប់​។ នៅ​ពេល​សត្វល្អិត​ងាប់​ហើយ​នោះ សរីរាង្គ​ពិសេស​របស់​វា​ក៏​ចាប់ផ្ដើម​បំបែក​រំលាយ​សាកសព​សត្វល្អិត​ទៅ​ជា​សារធាតុចិញ្ចឹម ធ្វើ​ឱ្យ​រុក្ខជាតិ​ប្រភេទ​នេះ​លូតលាស់​បាន​ល្អ​។ លោក​ក៏​បាន​ថ្លែង​ថា នៅ​លើ​ពិភពលោក ផ្កា​បំពង់​ក្រ​ឡោម​នេះ​មាន​ដល់​ទៅ ១២៩​ប្រភេទ​ក្នុង​នោះ​មាន​ប្រាំ​ប្រភេទ​បាន និង​កំពុង​ដុះ​លូតលាស់​នៅ​ប្រទេស​កម្ពុជា​ដែល​រួម​មាន​៖ ទី​១៖ Nepenthes bokorensis ជា​ប្រភេទ​ដែល​មាន​វត្ត​មាននៅ​តំបន់​ភ្នំ​ពពក​វិល វាលស្រែ​៥០០ វាលស្រែ​១០០ នៃ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស «​បូកគោ​»​។

ទី​២៖ Nepenthes holdenii មាន​ដុះ​នៅ​តាម​តំបន់​ភ្នំ​នៃ​ភាគ​និរតី​ប្រទេស​កម្ពុជា ដូច​ជា​នៅ​តាម​តំបន់​ជួរ​ភ្នំក្រវាញ​ជាដើម​។ ទី​៣៖ Nepenthes kampotiana Lecomte មាន​ដុះ​នៅ​ក្នុង​ខេត្តកំពត ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​នៅ​តាម​តំបន់​ជួរ​ភ្នំក្រវាញ​។ ទី​៤៖ Nepenthes mirabilis (Loureiro) Druce មាន​ដុះ​នៅ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះ​សីហ​នុ​។ ទី​៥៖ Nepenthes smilesii Hemsley មាននៅ​ដុះ​ខេត្តកំពត និង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុសុមៈ «​គិរី​រម្យ​» នៃ​ខេត្តកំពង់ស្ពឺ​។ បើ​តាម​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា រាល់​រុក្ខជាតិ​បំពង់​ក្រ​ឡោម​ទាំង​អស់នេះ ត្រូវ​បាន​ដាក់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​២ (Appendix II) នៃ​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ (CITES) ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ជួញដូរ​នោះ​ឡើយ​។

ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​ក្នុង​នោះ​មាន​ផ្កា​បំពង់​ក្រ​ឡោម​ជាដើម​ដើម្បី​ការពារ​ថែរក្សា​ពូជ​ឱ្យ​បាន​នៅ​គង់វង្ស និង​ចូលរួម​ថែរក្សា​សោភ័ណ​ភាព​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ឱ្យ​នៅ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ ដទៃ​ទៀត​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ឱ្យ​បាន​ច្រើន បង្កើត​ការងារ​ជូន​សហគមន៍ និង​ផ្តល់​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ សុខ សា​រ៉ា​យ