ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ អ្នក​រស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានពេលត្រឹមថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បើមិនដូច្នោះទេ នៅតាមខណ្ឌទាំង ១៤ នៅភ្នំពេញ…

ភ្នំពេញ៖ អ្នក​រស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានពេលត្រឹមថ្ងៃទី៨កក្កដា ឆ្នាំ២០២១ ប៉ុណ្ណោះ។ បើមិនដូច្នោះទេ នៅតាមខណ្ឌទាំង ១៤ នៅភ្នំពេញ នឹងបិទបញ្ចប់​ដំណើរការចាក់វ៉ាក់សាំង ដែលបានចាប់ផ្តើមមុនគេ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈហើយ​។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូន​ដំណឹង ស្តីពី​ការក្រើនរំលឹក​ចំពោះប្រជាពលរដ្ឋ មានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញ​មកទទួលវ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមមេត្តារួសរាន់​ អញ្ជើញ​មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមខណ្ឌទាំង ១៤។ កាលកំណត់​ចុងក្រោយ នៃការចាក់វ៉ាក់សាំង នៅភ្នំពេញ ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១​។

តាមសេចក្តីជូនដំណឹង អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបិទបញ្ចប់​យុទ្ធនាការជាតិចាក់វ៉ាក់សាំង សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច ជាកំហិត។ ដូច្នេះប្រសិនបើ​បងប្អូនប្រជាពលរដ្ឋទាំងឡាយណា ខកខានមិនបាន​អញ្ជើញមកទទួលវ៉ាក់សាំង តាមកាលបរិច្ឆេទ​ចុងក្រោយ និងទីតាំង ដូចបានកំណត់ទេ នោះ​រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនទទួលខុសត្រូវ​ ក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង ឬក៏អ្នកចាក់វ៉ាក់សាំងរួចហើយ ក៏សូម​មេត្តា​រក្សា​ឲ្យបានជាដាច់ខាត​នូវ​គម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងសម្អាតដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគ ចៀសវាង​ការឈរ​ប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់  ហើយជាពិសេសទៅណាមកណា ​ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ។​

ចំពោះ​ប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អកកណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញា​ផ្សេងទៀត សូមអញ្ជើញទៅយក​សំណាកវិភាគ​រកមេរោគកូវីដ១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។

​សូមកុំ​ចាំដល់​គេបិទឈប់ចាក់វ៉ាក់សាំង នៅជិតផ្ទះ នៅភ្នំពេញហើយ​ បែរជាចង់​ចាក់វ៉ាក់សាំង ដោយត្រូវចំណាយពេល​ធ្វើដំណើររាប់សិបគីឡូម៉ែត្រ ទៅរកចាក់វ៉ាក់សាំង នៅតាម​ខេត្តនានា។ ករណីនេះ មានជាមេរៀនរួច​ហើយ កាលពីយើងចាប់​ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងដំបូង នៅដើមខែកុម្ភៈ គឺ​នៅភ្នំពេញ កាលណោះ មិនសូវមានអ្នកអើពើចាក់វ៉ាក់សាំងច្រើន​ឡើយ។ ​តែដល់ពេលបិទ​វគ្គដំបូង នៅភ្នំពេញ ក៏មានអ្នករស់​នៅភ្នំពេញ មិនតិចនាក់ទេ បាន​ស្វះស្វែង ធ្វើដំណើរ​​ទៅខេត្ត ដើម្បី​ចាក់វ៉ាក់សាំង​​។​

ម្យ៉ាងទៀត អ្នកនៅតាមបណ្តាខេត្ត ក៏ដូចគ្នា។ ពេលនេះ ដល់វេនចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់តាមការណែនាំ​ និងតាមការរៀបចំរបស់​អាជ្ញាធរសមត្ថកិច្ច​។ នៅពេលនេះ តាមខេត្ត កំណើនអ្នកឆ្លងកូវីដ ក៏កើនឡើង​រៀងរាល់ថ្ងៃ​។

ក្នុងខែកក្កដា និងខែសីហា​នេះ កម្ពុជាយើង នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស តាមផែនការ ដែលត្រូវចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ ឲ្យបានយ៉ាងហោចណាស់ ១០លាននា​ក់។ ដូច្នេះបើដល់វេន ត្រូវចាក់វ៉ាក់សាំងហើយ សូម​កុំ​នៅ​រារែក ត្រូវតែប្រញាប់ទៅចូលរួម​ចាក់វ៉ាក់សាំង ដើម្បីបង្ការ និងទប់ស្កាត់​ការឆ្លងកូវីដ​។

វ៉ាក់សាំង គឺជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជា ការពារសុខភាពរបស់ប្រជាពលរដ្ឋ​ពីជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បាន​ចំនួន ៤ ៦៥៤ ៤៥១​នាក់ ស្មើនឹង ៤៦,៥៤​ភាគរយ នៃចំនួនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង​ ដែល​ត្រូវចាក់វ៉ាក់សាំង ១០លាននាក់​។

​នៅ​ពេលនេះ រាជរដ្ឋាភិបាល កំពុងពិចារណា លើការចាក់វ៉ាក់សាំងដល់កុមារ និងចាក់ដូសទី៣ ដល់មនុស្សពេញវ័យ ដែលបានចាក់វ៉ាក់សាំង ២លើករួចមកហើយ ដើម្បីការពារជំងឺកូវីដ១៩។​

ដូច្នេះ​សូមកុំ​​រារែក ហើយសូមកុំ​សង្ស័យលើប្រសិទ្ធភាពវ៉ាក់សាំង​។ ពេលនេះ គួរតែបារម្ភ និងខ្លាចថា មិនមានវ៉ាក់សាំងចាក់ ជាជាងបារម្ភ ឬខ្លាច ចាក់វ៉ាក់សាំងទៅ ធ្វើ​ឲ្យគ្រោះថ្នាក់ ព្រោះមានប្រជាពលរដ្ឋខ្មែរយើង រាប់ទាំង​នាយករដ្ឋមន្ត្រី មន្ត្រី​ជាន់ខ្ពស់ និងក្រុមគ្រួសារ រួមទាំងប្រជាពលរ​ដ្ឋ​​​ សរុបជាង ៤លាន ៦សែននាក់ហើយ បានចាក់វ៉ាក់សាំងរួច ហើយក៏​បន្តមានសុខភាពល្អ​ធម្មតា​​​។ អ្នកចាក់វ៉ាក់សាំង​​ទាំងអស់​នេះ គឺ​ជាសាក្សីរស់​​៕