ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​កសិកម្ម​ប្រជាពលរដ្ឋ​នៅ​ក្រុងប៉ៃលិន រង​គ្រោះ​ដោយសារ​សត្វ​ពីងពាង​ក្រហម​ស៊ី​បំផ្លាញ

2 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​មន្ត្រី​ជំនាញ…


ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ និង​តំណាង​ក្រុមហ៊ុន​ចែកចាយ​ថ្នាំ​កសិកម្ម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចម្ការ​ដំឡូង​មី​ប្រជាពលរដ្ឋ ដោយ​មានការ​ចែក​ជូន​នូវ​ថ្នាំ​កសិកម្ម​ដល់​ពួក​គាត់ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ខ្ទីង និង​ភូមិ​អូរ​ប្រឹស ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​បាន​ទទួល​រង​គ្រោះ​ដោយសារ​ការ​បំផ្លាញ​ពី​សត្វល្អិត​ពីងពាង​ក្រហម​។

ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ​ដំណាំ​តាម​លក្ខណៈ​បច្ចេកទេស ដែល​ខាង​មន្ទីរ​ធ្លាប់​ចុះ​អប់រំ​ណែនាំ ដើម្បី​ទទួល​បាន​ផល​ខ្ពស់ និង​ចៀសវាង​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ពី​សត្វល្អិត​ផង​ដែរ​។ ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​កសិករ​ទាំងអស់​ក្នុងភូមិ​ដាំ​បន្លែ​ប្រចាំ​គ្រួសារ ដូច​ជា​សណ្តែក ត្រសក់ ត្រកួន និង​បន្លែ ដែល​មាន​រយៈពេល​ខ្លី សម្រាប់​បេះ​លក់​នៅ​ទីផ្សារ បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ជា​ពិសេស​ឯកឧត្តម​ក៏​បាន អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចេះ​ថែរក្សា​អនាម័យ ដើម្បី​ចូលរួម​ការពារ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​។

លើស​ពី​នេះ ពេល​ចេញ​ដើរទៅ​ក្រៅ ត្រូវ​ពាក់​ម៉ាស​ការពារ និង​ត្រូវ​លាងដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល ដើម្បី​កំចាត់​មេរោគ កុំឱ្យ​ឆ្លង​ចូល​ក្នុង​គ្រួសារ​។ ចំណែក​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​ថ្នាំ​កសិកម្ម​ពី​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន មានការ​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ពិនិត្យ​មើល​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន ហើយ​តែងតែ​បញ្ជូន​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ទៅ​ណែនាំ​ពី​របៀប​ដាំ​ដុះ ដែល​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ឱ្យ​ទទួល​បាន​ផល​ច្រើន​។ ពួក​គាត់​ក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ជា​ពិសេស​ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ឱ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លា​វៃ បន្ត​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​មានការ​រីក​ចម្រើន ក៏​សូម​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​។ សូម​បញ្ជាក់​ផង​ដែរ​ថា​៖ នៅ​ក្នុងភូមិ​ទាំង​ពីរ​ខាងលើ​នេះ មាន​ផ្ទៃដី​ដាំ​ដំណាំ​ដំឡូង​មី​សរុប​ចំនួន 400​ហិ​កតា ក្នុង​នោះ​រង​ការ​បំផ្លាញ​ពី​ពាង​ក្រហម​ចំនួន​180​ហិ​កតា​៕ ដោយ ៖ នី​យ៉ា