រដ្ឋធានីប៊ុយណូស៊ែរបស់ប្រទេសអាហ្សង់ទីន ក៏ដូចប្រទេសអាហ្សង់ទីនទាំងមូលកំពុងក្លាយជាចំណុចស្រេកឃ្លានរបស់អ្នកស្រទ្បាញ់ភេទដូចគ្នាលើពិភពលោក ។ គូស្នេហ៍ភេទដូចគ្នាពីប្រទេស ផ្សេងៗ រាប់ទាំងប្រទេសអនុញ្ញាតឱ្យអ្នកស្រទ្បាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាបាន ក៏ដូចជាប្រទេសអត់អនុញ្ញាតបែបនេះ កំពុងបបួលគ្នាច្រើន ទ្បើងៗធ្វើទេសចរណ៍ទៅរដ្ឋធានីប៊ុយណូស៊ែ ដើម្បីរៀបការជាមួយគ្នា ហើយក្រុមហ៊ុនទេសចរណ៍ និងរៀបការអ្នកស្រទ្បាញ់ភេទដូចគ្នា ក៏កំពុងកើតព្រោងព្រាត ។
ជាង៣.០០០ពិធីរៀបការអ្នកស្រទ្បាញ់ភេទដូចគ្នាក្នុងរយៈពេល៥ឆ្នាំ
នាង Angie Cordera ដែលទើបរៀបការជាមួយនាង Sofia Rivera និយាយដោយក្តីរីករាយថា «សិទ្ធិរៀបការរបស់អ្នកមានភេទដូចគ្នា បានផ្តល់ឱ្យពួកខ្ញុំនូវសេរីភាព សុភមង្គល ហើយអ្វីដែលលើគេបង្អស់គឺសមភាព» ។
នាង Angie Cosdera អាយុ៣៨ឆ្នាំ ជាគណនេយ្យករជនជាតិកូទ្បុំប៊ី ចំណែកនាងប្រពន្ធ Sofia Rivera អាយុ៣៨ឆ្នាំដូចគ្នា ជាអ្នកចិត្តសាស្ត្រជនជាតិអេស្ប៉ាញ ។ នាង Cosdera និយាយបន្តថា «ពួកខ្ញុំស្រទ្បាញ់រដ្ឋធានីប៊ុយណូស៊ែ របស់អាហ្សង់ទីន ព្រោះទីនេះមានម្ហូបឆ្ងាញ់ច្រើនមុខ ជីវិតពេលរាត្រីសប្បាយរីករាយ របស់របរ ថោកៗ ពិសេសរបៀបដែលអ្នកផងរាល់គ្នាមើលមកពួកខ្ញុំតាមធម្មតា អត់មានអ្នកណាអេចអូចដូចនៅទីផ្សេង ។ ពួកខ្ញុំអាចដើរកាន់ដៃគ្នារហូតដល់អាចថើបគ្នាតាមផ្លូវទៀត ក៏នៅតែគ្មានអ្នកណាសម្លក់សម្លឹងអ្វី» ។
នាង Cosdera និងនាង Rivera រស់នៅជាមួយគ្នានៅរដ្ឋធានីបូហ្គោតា របស់កូទ្បុំប៊ី យូរខែមកហើយ ។ មូលហេតុដែលនាងទាំង២សម្រេចចិត្តធ្វើពិធីរៀបការនៅរដ្ឋធានីប៊ុយណូស៊ែរបស់អាហ្សង់ទីន ព្រោះនៅប្រទេសអេស្ប៉ាញអនុញ្ញាតឱ្យអ្នកស្រទ្បាញ់ភេទដូចគ្នារៀបការជាប្តីប្រពន្ធបាន លុះត្រាតែជាពលរដ្ឋអេស្ប៉ាញទាំង២នាក់។ ចំណែកនៅប្រទេសកូទ្បុំប៊ីហាមដាច់ខាតភេទដូចគ្នារៀបការជាប្តីប្រពន្ធ ។ បញ្ហាមួយទៀត គឺនាង Rivera មិនស្ងប់ចិត្តសោះចំពោះបញ្ហាស្រទ្បាញ់ដូចគ្នាភេទរបស់ខ្លួន ព្រោះនៅប្រទេសអេស្ប៉ាញមនុស្សមួយចំនួនធំ ពេលដឹងថានាងស្រទ្បាញ់ភេទដូចគ្នា តែងសម្លក់សម្លឹងនាងរបៀបស្អប់ខ្ពើម ហើយថែមទាំងមិនចង់និយាយរកនាងទៀតផង ។
គូប្តីប្រពន្ធ Cozdera និង Rivera ជាគូមួយចំណោមគូស្រទ្បាញ់ភេទដូចគ្នារាប់ពាន់ទៀត ដែលបបួលគ្នាធ្វើដំណើរទេសចរណ៍ទៅប្រទេសអាហ្សង់ទីន ដើម្បីបានរៀបការជាមួយគ្នា ។ អ្នកខ្លះសូម្បីនៅប្រទេសរបស់ខ្លួនមានច្បាប់អនុញ្ញាតឱ្យអ្នកស្រទ្បាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាបានក៏ដោយ ក៏គេនៅតែបបួលគ្នាទៅរៀបការនៅប្រទេសអារហ្សង់ទីនដែរ ព្រោះទីនោះមិនត្រឹមតែច្បាប់បើកទូលាយប៉ុណ្ណោះទេ បរិយាកាសជុំវិញក៏ទូលំទូលាយដែរ អត់មានអ្នកណាពេបជ្រាយអ្នកណាទ្បើយ ។
តាមស្ថិតិ គិតពីឆ្នាំ២០១០ ជាឆ្នាំដែលអាហ្សង់ទីនបើកទូលាយ អនុញ្ញាតឱ្យអ្នកស្រទ្បាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន រហូតដល់ខែមិថុនា ២០១៥ គ្រាន់តែនៅរដ្ឋធានីប៊ុយណូស៊ែតែមួយមាន៣.០០៨ ពិធីរៀបការរបស់អ្នកស្រទ្បាញ់ភេទដូចគ្នា ចំណែកនៅតំបន់ ផ្សេងៗ ក្នុងទឹកដីអាហ្សង់ទីនដែរ មាន៣.០៥៨ ពិធីរៀបការរបស់អ្នកស្រទ្បាញ់ភេទដូចគ្នា ភាគច្រើនជាជនបរទេស ។ ប្រទេសអាហ្សង់ទីនជាប្រទេសតែមួយគត់នៅអាមេរិកទ្បាទីន ដែលបើកទូលាយបែបនេះ ។
ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍និងរៀបការអ្នកស្រទ្បាញ់ភេទដូចគ្នា កើតកាន់តែច្រើន
ដោយមើលឃើញទំនោរអ្នកស្រទ្បាញ់ភេទដូចគ្នានៅបរទេសនាំគ្នាទៅរៀបការនៅអាហ្សង់ទីនកាន់តែច្រើន ក្រុមហ៊ុនទេសចរណ៍និងរៀបការសម្រាប់អ្នកស្រទ្បាញ់ភេទដូចគ្នា ក៏កើតមានកាន់តែច្រើននៅរដ្ឋធានីប៊ុយណូស៊ែ ។ តម្លៃនៃការចាត់ចែងពិធីរៀបការសម្រាប់អ្នកស្រទ្បាញ់ភេទដូចគ្នាមានពី៧៩៩ ដល់២.៩៩៩ដុល្លារអាមេរិក ដែលរួមមានកម្រាលព្រំក្រហម ថតរូប ម្ហូបអាហារ… ។ ក្រុមហ៊ុនមួយឈ្មោះ Gay Marriage Argentina បានឱ្យដឹងថា ចាប់តាំងពីបើកមុខរបរនេះក្នុងឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃ បម្រើផ្នែកទេសចរណ៍ និងរៀបការអ្នកស្រទ្បាញ់ភេទដូចគ្នាជាជនបរទេស នៅរដ្ឋធានីប៊ុយណូស៊ែចំនួន១៣០គូហើយ ។ អតិថិជនទាំងនោះ៧៥ភាគរយជានារីភេទ ។ ពួកគេខ្លះមក ពីសហរដ្ឋអាមេរិក ខ្លះពីអូស្ត្រាលី កូទ្បុំប៊ី អីុតាលី ម៉ិចស៊ិក បេ៉រូ និងវ៉េណេហ្សុយអេ ។
ទន្ទឹមនឹងគូខ្លះរៀបការតាមរយៈក្រុមហ៊ុនទេសចរណ៍ ក៏មានគូស្នេហ៍ខ្លះធ្វើទេសចរណ៍ និងរៀបការដោយខ្លួនឯងដែរ ។ ប៉ុន្តែអ្នកទាំងនោះជួបការលំបាកច្រើន ព្រោះត្រូវរត់ការច្បាប់ទម្លាប់ដោយខ្លួនឯង ។ មន្ត្រីម្នាក់ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ឱ្យដឹងថា គ្រប់អ្នករៀបការនៅអាហ្សង់ទីន ត្រូវឆ្លងការពិនិត្យជំងឺឆ្លងឱ្យបានមុនថ្ងៃរៀបការយ៉ាងតិចមួយសប្តាហ៍ ។ ទន្ទឹមគ្នានោះគេធ្វើពិធីរៀបការនៅមូលដ្ឋានណា ដូចយ៉ាងរៀបការនៅរដ្ឋធានីប៊ុយណូស៊ែជាដើម ត្រូវមានពលរដ្ឋអាហ្សង់ទីននៅរដ្ឋធានីនោះយ៉ាងតិច២នាក់ យល់ព្រមធ្វើសាក្សីឱ្យពិធីរៀបការ ទើបពិធីរៀបការនោះអាចប្រព្រឹត្តទៅបាន ដែលការងារបែបនេះអ្នករៀបការតាមរយៈក្រុមហ៊ុនទេសចរណ៍មិនបាច់ធ្វើអ្វីទាំងអស់ ព្រោះគ្រប់យ៉ាងក្រុមហ៊ុនចាត់ចែងហើយស្រេច ៕
ចែករំលែកព័តមាននេះ