រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បន្ថែមពីអាកាសធាតុនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា កម្ពុជាបានរងឥទ្ធិពលព្យុះឈ្មោះ «អ៊ីន-ហ្វា» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងពីតិចទៅច្រើន ហើយអាចមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។
ក្រសួងបានលើកឡើងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧០០ព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុងសមុទ្រចិនខាងលិច ប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ ។
ក្រសួងបានបញ្ជាក់ថា នៅវេលាម៉ោង៤៖០០ល្ងាច ថ្ងៃដដែលនេះ វិសម្ពាធ បានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ ឈ្មោះ «អ៊ីន-ហ្វា» TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវ័ណ្ឌទី១៤ អង្សារ៤ នៃរយ:ទទឹងខាងជើង និងខ្សែស្របទី១១៤ អង្សា១ នៃរយ:បណ្ដោយខាងកើត ។
ក្រសួងបន្ថែមថា យោងតាមការព្យាករ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជា វិសម្ពាធ TD រួចចូលទៅប្រទេសវៀតណាមខាងជើង ។ ដោយឡែក ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ីន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុង និរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានគូសបញ្ជាក់ថា លក្ខណៈបែបនេះ ធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពនៅបណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំ និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម ។ ហើយស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្ដើមឡើងបន្តិចជាបន្តបន្ទាប់ ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ សូមសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕
ចែករំលែកព័តមាននេះ