ខេត្តបាត់ដំបង ៖ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ ហាក់គ្មានសញ្ញាថមថយឡើយ សម្រាប់រដ្ឋបាលខេត្តបាត់ដំបង បើទោះជាអាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្ត បាននិងកំពុងពួតដៃគ្នាទប់ស្កាត់យ៉ាងសស្រាក់សស្រាំស្ទើរគ្រប់ទីកន្លែងយ៉ាងណាក្ដី។
ជាក់ស្ដែងគ្រាន់តែរយៈពេល០៣ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តវ័យចំណាស់មួយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅជាង១៧០នាក់ ដែលភាគច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ និងពលករវិលត្រឡប់មកពីប្រទេសថៃ ហើយក៏មានអ្នកជំងឺម្នាក់បានស្លា.ប់ផងដែរ។
យោងតាមសេចក្ដីប្រកាសជាបន្តបន្ទាប់របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី០៣ ខែកក្កដានេះ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ ចំនួន៣១នាក់ និងពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣នាក់ ជាសះស្បើយចំនួន១១នាក់ និងស្លា.ប់០១នាក់។
សេចក្ដីប្រកាសបន្តថា នៅថ្ងៃទី០២ ខែកក្កដា រដ្ឋបាលខេត្ត បានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៦នាក់ ក្នុងនោះអ្នកពាក់ព័ន្ធប្រព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈ ចំនួន៥៥នាក់ និងពលករវិញត្រឡប់មកពីប្រទេសថៃ ចំនួន១១នាក់ និងជាសះស្បើយចំនួន១០នាក់។ ចំណែកនៅថ្ងៃទី០៣ ខែកក្កដានេះវិញ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈ ចំនួន៤៧នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៦នាក់ ព្រមទាំងជាសះស្បើយចំនួន១៩នាក់ផងដែរ។
បើយោងលើរបាយការណ៍របស់រដ្ឋបាលខេត្តថា គ្រាន់តែរយៈពេល០៣ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧៣នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈ ចំនួន១៣៣នាក់ និងពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៤០នាក់ ជាសះស្បើយចំនួន៤០នាក់ និងមានអ្នកជំងឺកូវីដស្លា.ប់០១នាក់។ នេះជាសន្ទុះនៃការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ពីមួយថ្ងៃទៅមួយថ្ងៃក្នុងខេត្តបាត់ដំបង ដែលជាសញ្ញាពណ៌ក្រហមដ៏គួរឲ្យព្រួយបារម្ភបំផុត ដូច្នេះពលរដ្ឋរស់នៅក្នុងខេត្តវ័យចំណាស់មួយនេះ ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវចូលរួមគោរពនូវវិធានការសុខាភិបាល ក៏ដូចជាវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលផងដែរ។
សូមរំលឹកថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង ចាប់តាំងពីមានការឆ្លងរាលដាលនូវជំងឺកូវិដ១៩ ដ៏ប្រល័យនេះរហូតមក បើគិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,១១៩នាក់ហើយ។ នៅក្នុងចំណោមនេះ មានអ្នកជំងឺចំនួន៦០៩នាក់បានជាសះស្បើយ រីឯអ្នកជំងឺចំនួន៥០៣នាក់ បាននិងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនៅឡើយ ខណៈមានអ្នកជំងឺចំនួន០៧នាក់បានស្លា.ប់ដោយសារជំងឺដ៏កាចសា.ហាវនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩ ហាក់មានសន្ទុះកាន់តែខ្លាំង ហើយថែមទាំងមានការឆ្លងរីករាលដាលស្ទើរគ្រប់ទីកន្លែង មិនថានៅទីប្រជុំជន ឬនៅតាមជនបទឡើយ។ នេះបើតាមការកត់សម្គាល់តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង។
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរខេត្តក៏បានសម្រេចបិទខ្ទប់នៅតាមបណ្ដាផ្សារមួយចំនួននៅតាមទីប្រជុំជននានាដែលពាក់ព័ន្ធ លំនៅឋានអ្នកជំងឺនៅក្នុងមូលដ្ឋាន និងនៅតាមក្រុមហ៊ុនឯកជននានានៅក្នុងក្រុងបាត់ដំបងផងដែរ ដែលរដ្ឋបាលខេត្តរកឃើញថា មានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកឆ្លងកូវីដ១៩៕
ចែករំលែកព័តមាននេះ