ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាពពលរដ្ឋនៅជនបទមួយចំនួនបានលើកកម្ពស់ដោយគម្រោងអភិរក្សធនធានធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ត្រយងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលមានវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា ។ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS…

រាជធានីភ្នំពេញ ៖ ត្រយងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលមានវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា ។ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ។ បច្ចុប្បន្នគម្រោងបានអនុវត្តនៅក្នុងខេត្ត ចំនួន ៤ រួមមាន ៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ ។ 

សមាជិកសហគមន៍ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងមិនបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិន និងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ ។

ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយងយក្ស) ជាអង្ករសិរីរាង្គ ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងហុងកុង ។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ។

ជាការកត់សម្គាល់ដើម្បីអភិរក្សធនធានធម្មជាតិ ដូចជាព្រៃឈើ និងសត្វព្រៃជាដើមនេះ ក្រសួងបរិស្ថាន និងដៃអភិវឌ្ឍតែងតែផ្តល់ការគំាទ្រដល់ជីវភាពប្រជាកសិករនៅតាមសហគមន៍ដើម្បីឲ្យពួកគាត់ចូលរួម តាមរយៈគម្រោងលើកកម្ពស់ជីវភាពជាច្រើនរូបភាព ។ ការអភិរក្សសត្វត្រយងយក្ស ផ្តល់លទ្ធភាពឲ្យកសិករដាំដុះស្រូវសរីរាង្គដែលមានតម្លៃលើទីផ្សារខ្ពស់ ។ ចំណែកការអភិរក្សធនធានធម្មជាតិ នៅខេត្តមណ្ឌលគិរីគេបានផ្តល់ពួជក្របីដល់កសិករ ។

ស្រ្តីម្នាក់ឈ្មោះ ស្រី ស្លាត រស់នៅក្នុងភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក ។ ក្រុមគ្រួសារ ស្រី ស្លាត ចាប់ផ្តើមចិញ្ចឹមក្របី ៥ ក្បាល តែធ្មេចបើកៗតែប៉ុន្មានឆ្នាំសោះ ប្អូនស្រីមានក្របីដល់ទៅ ៤០ ក្បាល ហើយដែលក្នុងនោះ ជារៀងរាល់ឆ្នាំ គ្រួសារនាង បានលក់ក្របី ២-៣ ក្បាល ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារ ។ ក្រៅពីនេះ គ្រួសារអ្នកស្រី ក៏ធ្វើស្រែ ដើម្បីផលិតអង្ករសម្រាប់ទុកបរិភោគក្នុងគ្រួសារផងដែរ ។ ទីផ្សារក្របីនាពេលបច្ចុប្បន្ន គឺក្របីឈ្មោលពេញវ័យ មានតម្លៃពី ៨-១០ លានរៀល និងក្របីញី មានតម្លៃពី ៤-៦ លានរៀល ក្នុងមួយក្បាល ។

ក្រសួងបរិស្ថានលើកឡើងថា ការអភិរក្សធនធានធម្មជាតិ ជាកាតព្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប រួមទាំងការប្រើប្រាស់ អាស្រ័យផល និងទទួលផលដែលធានានិរន្តរភាព សម្រាប់ពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗ ។ ដើម្បីជំរុញឱ្យមានការចូលរួមក្នុងការងារនេះ ការផ្តល់ជម្រើសមុខរបរថ្មីសម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ជាការចាំបាច់ ដែលធ្វើឱ្យសមាជិកសហគមន៍ អាចផ្លាស់ប្តូរទម្លាប់ពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ មកប្រកបមុខរបរថ្មី ស្របច្បាប់ និងទទួលបានចំណូលខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ