ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​ប្រុស​៣នាក់​​ទទួល​អំណោយ​ពី​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនភ្លោះ​ប្រុស​៣​នាក់​ប្រ​សូត្រ​ក្នុង​គ្រួសារ​ជា​កសិករ​រស់នៅ​ភូមិ​អូរ​២ ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដែល​ជា​ចៅ​ភ្លោះ​លើក​ទី​២៨៦​ បាន​ទទួល​អំណោយ​ដ៏​សប្បុរសធម៌​របស់​​…

រាជធានី​ភ្នំពេញ ៖ កូនភ្លោះ​ប្រុស​៣​នាក់​ប្រ​សូត្រ​ក្នុង​គ្រួសារ​ជា​កសិករ​រស់នៅ​ភូមិ​អូរ​២ ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដែល​ជា​ចៅ​ភ្លោះ​លើក​ទី​២៨៦​ បាន​ទទួល​អំណោយ​ដ៏​សប្បុរសធម៌​របស់​សម្តេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន រួម​មាន​ទឹកប្រាក់​៤​លាន​រៀល អង្ករ​២០០​គីឡូក្រាម ទឹកដោះគោ​ម្ស៉ៅ​២៤​កំប៉ុង ស្ករស​៥​គីឡូក្រាម សារុង​២ និង​ក្រ​ម៉ា​២ ។

លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​នាំ​យក​អំណោយ​ដ៏​សប្បុរសធម៌​ទាំង​អស់នេះ​ទៅ​ចែក​ជូន​ផ្ទាល់​ដៃដល់​គ្រួសារ​ប្រ​សូត្រ​កូនភ្លោះ​ប្រុស​៣​នាក់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៥ ។ កូនភ្លោះ​ទាំង​៣​នាក់​នេះ​បាន​ប្រ​សូត្រ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​រាជធានី​ភ្នំពេញ កាល​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣០ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៥ ជា​កូន​លើក​ទី​៣ ដែល​មាន​ម្តាយ​ឈ្មោះ ឆ​ន សុខា អាយុ​៣០​ឆ្នាំ ឪពុក​ឈ្មោះ ឃា តារា អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​អូរ​២ ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​ប្រុស​៣​នាក់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​បានកូន​ភ្លោះ​ប្រុស​៣​នាក់​នេះ គឺ​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ចំការ​នៅ​ភូមិ​អូរ​លើ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម នៅ​ពេល​មាន​ផ្ទៃពោះ​៥​ខែ​គាត់​ក៏​បាន​ទៅ​មន្ទីរពេទ្យ​មើល​អេកូ គ្រូពេទ្យ​ប្រាប់​ថា «​មាន​កូន​ភ្លោះ​៣» ។ លុះដល់​ថ្ងៃ​ទី​៣០ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៥ ក៏​បាន​ឈឺពោះ​នាំ​គ្នា​មក​មន្ទីរពេទ្យ​កំពង់ចាម ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​មើល​ពោះ​រួចរាល់ ក្រុម​គ្រូពេទ្យ​សម្រេច​បញ្ជូន​រូប​គាត់​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រហូត​ដល់​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែល ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូ​ជំនាញ​ផ្នែក​សម្ភព បាន​ជួយ​សម្រាល​បង្កើត​កូនភ្លោះ​ដោយ​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ ក្នុង​នោះ​កូន​ទី​១​មាន​ទម្ងន់​២,៧​គីឡូក្រាម កូន​ទី​២​មាន​ទម្ងន់​២​គីឡូក្រាម និង​កូន​ទី​៣​មាន​ទម្ងន់​២,៤៥​គីឡូក្រាម ហើយ​នៅ​ពេល​នេះ​រូប​គាត់​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ទាំង​៣​នាក់​នេះ​នៅឡើយ​ទេ ។

លោក សេង ទៀង មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ដោយ​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ផ្ញើរ​នូវ​ការ​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ចំពោះ​មុខ​គ្រួសារ​ប្រ​សូត្រ​កូនភ្លោះ​ប្រុស​៣​នាក់ លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មានគ្រួសារ​ប្រ​សូត្រ​ទារក​ភ្លោះ​៣​នាក់ ឬ​៤​នាក់​ចំនួន​២៨៦​គ្រួសារ​ហើយ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​២៧​គ្រួសារ ដែល​បាន​ប្រ​សូត្រ​កូនភ្លោះ​៣​នាក់ ដែល​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រសធម៌​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​ជួយ​ទំនុកបម្រុង​ដល់​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ពិសេស​ការ​ចិញ្ចឹម​បីបាច់​ទារក​ភ្លោះ​៣​នាក់ ។

លោក​សេង​ទៀង​មាន​ប្រសាសន៍​បន្ត​ថា ចំនួន​គ្រួសារ​ទារក​ភ្លោះ​៣​នាក់​នេះ​មាន​ច្រើន​ជាង​នេះ​ទៀត ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​បាន​ឧបត្ថម្ភ​តាម​រយៈ​អ្នកតំណាង​រាស្ត្រ និង​ក្រុមការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ ស្រុក រាជធានី ខេត្ត កាលពីមុន​ឆ្នាំ​១៩៩៩ ។ ជំនួយ​ឧបត្ថម្ភ​ទាំង​អស់នេះ មិនមែន​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល អំណោយ​របស់​កាកបាទក្រហមកម្ពុជា អំណោយ​របស់​គណបក្ស ដែល​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អំណោយ​ទាំង​អស់នេះ​គឺជា​អំណោយទាន ដែល​កើត​ចេញពី​ទឹកចិត្ត​ជ្រះថ្លា​ប្រកបដោយ​ការ​គិតគូរ​ខ្ពស់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឈ្វេងយល់​ពី​ការ​លំបាក​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រ​សូត្រ​ទារក​ភ្លោះ​៣ ឬ​៤​នាក់ ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ​ដែរ លោក សេង ទៀង បាន​ពាំនាំ​នូវ​ប្រសាសន៍ ផ្តាំផ្ញើរ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ធ្វើ​យ៉ាងណា​ទទួល​ថវិកា និង​សម្ភារៈ​ទាំងអស់​នេះ​យក​ទៅ​ចិញ្ចឹម​បុត្រ​ធិ​តា​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ផ្តល់​របប​អាហារូបត្ថម្ភ​ដល់​ទារក​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​យ៉ាង​ណា​ឲ្យ​ទារក​ទាំង​៣​នាក់​នេះ​មាន​កាយ​សម្បទាន​មាំមួន មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា ដើម្បី​ក្លាយជា​ពលរដ្ឋ​ប្រកបដោយ​ថាមពល ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត ។

នៅ​ក្នុង​ឱកាស​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ឪពុក​ម្តាយ​ទារក​ភ្លោះ​៣​នាក់​បាន​លើកដៃ​ប្រណម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រាបុត្រី ព្រមទាំង​ចៅប្រុស​ ចៅស្រី ឲ្យ​ជួប​តែ​សេចក្តីសុខ​គ្រប់​ប្រការ និង​សុំ​ឲ្យ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​តទៅ​មុខ​ទៀត ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ថ្លែងអំណរគុណ​ដល់​លោក​សាស្ត្រា​ចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រមទាំង​គ្រូពេទ្យ​ផ្នែក​សម្ភព ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សម្រាល​កូនភ្លោះ​៣​បាន​ដោយ​សុវត្ថិភាព​ផង​ដែរ ៕