ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខេត្តសៀមរាប ប្រារ​ព្វ​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀម​រាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​លោក​ជំទាវ គួ​យ​ណា លី​ន អនុប្រធាន​​…

ខេត្តសៀមរាប ៖ លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀម​រាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​លោក​ជំទាវ គួ​យ​ណា លី​ន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារ​ព្វ​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រចិត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៥ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា សៀង ណាំ និង​លោក​ជំទាវ គួ​យ​ណា លី​ន បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​នៃ​ការ​ជួបជុំ​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បី​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​របស់​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប ​ចំពោះ​ការ​ខិតខំ​ចំណាយ​ទាំង​កម្លាំងកាយ ស្មារតី និង​ពេលវេលា​របស់​បងប្អូន​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​គ្នា​ក្នុង​សកម្មភាព​មនុស្សធម៌​នៅ​តាម​មូលដ្ឋាន ។ យើង​បានដឹង​ហើយ​ថា ចលនា​អន្តរជាតិ​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម ក្នុង​នោះ​កាកបាទក្រហមកម្ពុជា​យើង​ដែល​ជា​សមាជិក​ នៃ​ចលនា​អន្តរជាតិ តែង​ប្រកាន់​ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​គឺ ភាព​មនុស្សធម៌ ភាព​មិន​លំអៀង អព្យាក្រឹតភាព ឯករាជ្យ​ភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ។

គោលការណ៍​ទាំង​៧​នេះ​គឺជា​វិន័យ ជា​បញ្ញត្តិ​ដែល​សមាគម​ជាតិ​ទាំង​កាកបាទក្រហម ទាំង​អឌ្ឍចន្ទ​ក្រហម បច្ចុប្បន្ន​មាន​១៨៩​ប្រទេស​ក្នុង​ពិភពលោក​យើង​ត្រូវ​តែ​គោរព​ប្រតិបត្តិ​តាម ទោះជា​ក្នុង​កាលៈទេសៈ​ណា ឬ​ទីកន្លែង​ណា​ក្ដី ។ ក្នុង​ចំណោម​គោលការណ៍​គ្រឹះ​ទាំង​៧​ចំណុច​ខាងលើ​នេះ ភាព​មនុស្សធម៌​គឺជា​គោលការណ៍​ចម្បង ហើយ​បើ​គ្មាន​សេវាកម្ម​ស្ម័គ្រចិត្ត​ដែល​ជា​គោលការណ៍​ទី​៥​ទេ​នោះ ការងារ​មនុស្សធម៌​ពិតជា​ពុំ​អាច​ស​ម្រ​ច​បាន​ឡើយ ។ ភាព​មនុស្ស​ធម៌ និង​សេវាកម្ម​ស្ម័គ្រចិត្ត ជា​តុមូល​ដំបូង​គេ​ក្នុង​ការ​កកើត​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នេះ ។

នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា ជា​ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សាខា អនុ​សាខា ដែល​ជា​គណៈ​កិត្តិយស ជា​គណៈកម្មាធិការ សុទ្ធតែ​បំពេញការងារ​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត ហើយ​ពេល​ខ្លះ​បាន​រួម​គ្នា​បរិ​ច្ចាក​ថិ​វ​កា​ផ្ទាល់ខ្លួន​ដើម្បី​បានជា​ស្បៀង សម្ភារៈ​ចាំបាច់ ធ្វើ​ជា​អំណោយ​ដល់​គ្រួសារ និង​ជន​រង​គ្រោះ​ផង​ដែរ ។ ចំពោះ​បងប្អូន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​នៅ​តាម​មូលដ្ឋាន​វិញ បងប្អូន​តែងតែបាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ដែល​រៀបចំ​ដោយ​ក្រុម​កាកបាទក្រហម ឬ​ដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្លួនឯង​ផ្ទាល់​ពិសេស​ក្នុង​ស្ថានភាព​ចាំបាច់​ដែល​ត្រូវ​ជួយ​បន្ទាន់​ដល់​គ្រួសារ និង​អ្នក​រង​គ្រោះ ។

តាម​រយៈ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ លោក ឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀម​រាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោក​ជំទាវ គួ​យ​ណា លី​ន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក៏​បាន​ជូន​លិខិត​សរសើរ ប័ណ្ណសរសើរ និង​រង្វាន់​លើកទឹកចិត្ត និង​សំណូមពរ​សូម​ឱ្យ​បងប្អូន​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ទាំង​អស់​បន្តសកម្មភាព​មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ​នៅ​មូលដ្ឋាន​ជា​បន្ត​ទៀត ដើម្បី​ចូលរួម​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មូលដ្ឋាន ស្រប​តាម​ពាក្យស្លោក​ដែល​បាន​លើក​ឡើង​ថា «​ធ្វើ​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​មុន បាន​កាន់តែ​ល្អ​ជាង​មុន បាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​ឱ្យ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​» ៕