ខេត្តកំពង់ធំ ៖ បុរសមានជំងឺស្កន់ជាន់ម្នាក់បានរលាកភ្លើងពេញមួយចំហៀងខ្លួន ខណៈពេលដេកសុខៗក៏ប្រកាច់ធ្លាក់ពីលើគ្រែចូលភ្នក់ភ្លើងដែលនៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ធ្នូ ២០១៥ នៅចំណុចភូមិបាជ័យ ឃុំសណ្ដតាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មានពីស្ត្រីជាម្តាយឈ្មោះ ម៉ែន វឿន អាយុ៤៥ឆ្នាំ មានប្តីឈ្មោះ យូ ផាត អាយុ៥៨ឆ្នាំ បានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់តាំងពីចាប់ដៃគ្នាជាគូគ្រងមកមានកូន៣នាក់ សុទ្ធតែប្រុស កូនទី១របស់គាត់ដែលតែងតែប្រកាច់នេះឈ្មោះ ភោគ តែន អាយុ៣០ឆ្នាំ ជាកូនច្បង មិនទាន់មានប្រពន្ធនោះទេ រស់នៅជាមួយពួកគាត់ ហើយមានអាការៈរបៀបនេះជាច្រើនដងមកហើយ អ្នកខ្លះនិយាយថា វាកើតជំងឺតេតតាណុស ពីព្រោះកាលពីតូចវាធ្លាប់មុតដែកគោល និងធ្លាប់ត្រូវឆ្កែខាំ ដោយសារតែជីវភាពក្រីក្រពេក ពួកគាត់មិនបានយកកូនទៅពេទ្យចាក់ថ្នាំការពារនោះទេ យូរៗវាធ្វើទុក្ខប្រកាច់ម្តង ។
ជាក់ស្តែងកាលពីម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ខណៈពួកគាត់ទាំង២នាក់ប្តីប្រពន្ធ និងកូនៗដ៏ទៃទៀតនាំគ្នាទៅដងជ័រ និងបោចវល្លិ៍ក្នុងព្រៃ ស្រាប់តែមានបងប្អូនរត់ទៅប្រាប់គាត់ថា កូនគាត់ដេកលើគ្រែក្បែរភ្នក់ភ្លើង ស្រាប់តែប្រកាច់ធ្លាក់ពីលើគ្រែចូលភ្លើងរលាកពេញខ្លួន ពួកគាត់ក៏នាំគ្នាមកមើលកូន រួចដឹកមករកគ្រូពេទ្យនៅឃុំទំរីងមើល តែត្រូវពេទ្យប្រាប់ថាមិនហ៊ានមើលទេ រលាកខ្លាំងណាស់ ឲ្យដឹកទៅពេទ្យស្រុកសណ្តាន់ទៅ នៅពេលមកដល់ពេទ្យស្រុកសណ្តាន់ បានលាបថ្នាំឲ្យ ដោយសារឃើញអាការៈធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យស្រុកសណ្តាន់ដោយមានចិត្តមនុស្សធម៌ ក៏បញ្ជូនកូនគាត់តាមរថយន្តមកកាន់មន្ទីរពេទ្យខេត្តកំពង់ធំ ដោយមិនយកប្រាក់នោះទេ ដោយសារឃើញគាត់ក្រីក្រពេក ។
នៅពេលមកដល់មន្ទីរពេទ្យខេត្ត ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយយកចិត្តទុកដាក់ គ្រូពេទ្យសួររកប័ណ្ណក្រីក្រដែរ តែគាត់ប្រាប់ថាប័ណ្ឌនោះកាលពីប៉ុន្មានឆ្នាំមុន ត្រូវភ្លើងឆេះផ្ទះឆេះអស់បាត់ទៅហើយ ពុំទាន់បានសុំគេធ្វើវិញនោះទេ ។
ពាក់ព័ន្ធនឹងករណីប្រកាច់នេះដែរ បើតាមសម្តីរបស់គ្រូពេទ្យប្រាប់ថា វាមិនមែនជាជម្ងឺតេតតាណុសនោះទេ បើជម្ងឺតេតតាណុសពេលណាប្រកាច់គឺវាប្រកាច់ទាល់តែស្លាប់ មិនមែនដូច្នេះទេ ហើយជម្ងឺនេះគេតែងហៅថាជំងឺស្កន់ជាន់ ឬក៏ជំងឺឆ្កួតជ្រូក អ្នកខ្លះអាចព្យាបាលជា ហើយអ្នកខ្លះទៀតព្យាបាលមិនជាក៏មានដែរ ដូចជាករណីកម្លោះនេះជាដើម នៅពេលណាវក់ម្តងៗ ឬក៏ប្រកាច់នោះ នាំគ្នាចាប់២-៣នាក់សឹងមិនឈ្នះ ហើយនិយាយស្តីក៏មិនដឹងខុសត្រូវ នោះទេ ។
ដំណឹងនេះក៏ជាការអំពាវនាវដល់សប្បុរសជន និងអង្គការផ្សេងៗ សូមមេត្តាជួយដល់គ្រួសារនេះផង ពីព្រោះគាត់ក្រីក្រណាស់ ដែលរហូតមកដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥នេះ អាការៈនៅមិនទាន់ធូរស្បើយនៅឡើយទេ ៕
ចែករំលែកព័តមាននេះ