ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែដាំតាមបច្ចេកទេសបានចំណូលច្រើន មានសុវត្ថិភាពជាងការដាំដុះតាមទម្លាប់

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្រៀបលើការដំាស្ពៃក្រញ៉ាញ់ តាមបែបបច្ចេកទេសថ្មី និងការដាំដុះតាមទម្លាប់របស់កសិករ ឃើញថាផលបានខុសគ្នាច្រើន ។…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្រៀបលើការដំាស្ពៃក្រញ៉ាញ់ តាមបែបបច្ចេកទេសថ្មី និងការដាំដុះតាមទម្លាប់របស់កសិករ ឃើញថាផលបានខុសគ្នាច្រើន ។ យោងតាមទិន្នន័យក្រសួង ដែលប្រមូលពីកសិករនៅខេត្តកណ្តាល បានឱ្យដឹងថា នៅឆ្នាំ ២០២០ កសិករក្នុងគម្រោង ASPIRE បានដាំស្ពៃក្រញ៉ាញ់ បន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ទំហំ ៥០០ ម៉ែត្រក្រឡា គាត់អាចដាំបានចំនួន ៦ លើកក្នុងឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន ១៨ លានរៀលក្នុងឆ្នាំ ។ បន្ទាប់ពីដកប្រាក់ចំណាយផ្សេងសរុបអស់ជាង ៧ លានរៀល កសិករ អាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន ១០ លានរៀលក្នុងមួយឆ្នាំ ។ 

ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាល ទំហំដីប៉ុនគ្នា ក្រសួងថា កសិករអាចដាំបានតែ ៤ លើកក្នុងឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែជាង ៨ លានរៀលក្នុងឆ្នាំ ប៉ុណ្ណោះ ។ 

«លទ្ធផលនៃការប្រៀបធៀបនេះ បានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចរវាងការដាំបន្លែក្នុង និងក្រៅផ្ទះសំណាញ់ ។ ហេតុដូច្នេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូ សហការ គាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព» នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឲ្យចំនួនផ្ទះសំណាញ់កើនឡើងពី ៥៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០១៩ ទៅ ៩៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០២០ ។ ជាការកត់សម្គាល់បន្លែដែលដាំដុះតាមបែបធម្មជាតិមានទីផ្សារនិងតម្រូវការខ្ពស់ ។ 

បច្ចុប្បន្នដោយសារប្រឈមនឹងបញ្ហាសុខភាព ដែលគេជឿថា មួយផ្នែកមកពីចំណីអាហារ បន្លែត្រីសាច់ មានសារធាតុគីមីច្រើន ពលរដ្ឋជាទូទៅស្វែងរកបន្លែ ដែលបានដាំដុះបែបធម្មជាតិ ហើយកន្លែងនិងផ្សារលក់បន្លែធម្មជាតិកាន់រីកដុះដាលឡើង ។ តែបញ្ហាមួយរបស់អ្នកទទួលទាន ពួកគាត់លើកឡើងពលរដ្ឋគ្មានអ្វីដែលពិសោធន៍ថា បន្លែនោះធម្មជាតិ គ្មានសារគីមីពិតប្រាកដ ឬយ៉ាងណាឡើយ ។ ពលរដ្ឋថា គ្មានគីមី ឬធម្មជាតិអាស្រ័យលើអ្នកលក់ប៉ុណ្ណោះ ។ 

ទោះយ៉ាងណាក្តី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឲ្យកសិករអនុវត្តបច្ចេកវិទ្យាទំនើប សមស្រប ដោយការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប ។ លោកថា យន្តការសំខាន់ៗទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល និងផលិតផលខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្មដំណាំបន្លែលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល ៕