ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជ​ធានី​​ភ្នំពេញ​៖ កូវីដ១៩ កំពុងបន្ត​ឆ្លងរាតត្បាត​ នៅកម្ពុជាយើង ហើយ​ក៏មិនអាចបញ្ចប់​ឆាប់ៗនេះដែរ គឺយើង​នឹង​បន្តរស់នៅជាមួយកូវីដយូរតទៅទៀត។ ប៉ុន្តែ​រាជរដ្ឋាភិបាល មិនមាន​ផែនការ​បិទខ្ទប់​រាជធានីខេត្ត​ម្តងទៀតឡើយ មានតែវិធានការថ្មីៗមួយចំនួន ពិសេសការបិទខ្ទប់​នៅតាមព្រំដែន​…

រាជ​ធានី​​ភ្នំពេញ​៖ កូវីដ១៩ កំពុងបន្ត​ឆ្លងរាតត្បាត​ នៅកម្ពុជាយើង ហើយ​ក៏មិនអាចបញ្ចប់​ឆាប់ៗនេះដែរ គឺយើង​នឹង​បន្តរស់នៅជាមួយកូវីដយូរតទៅទៀត។ ប៉ុន្តែ​រាជរដ្ឋាភិបាល មិនមាន​ផែនការ​បិទខ្ទប់​រាជធានីខេត្ត​ម្តងទៀតឡើយ មានតែវិធានការថ្មីៗមួយចំនួន ពិសេសការបិទខ្ទប់​នៅតាមព្រំដែន​ រួមទាំង​ការបន្ត​អនុវត្តវិធាន​ការ​ទប់ស្កាត់ក្នុង​ប្រទេស តាមរយៈការអប់រំ វិធានការ​រដ្ឋបាល វិធានការច្បាប់ និងការចាក់វ៉ាក់សាំង​។

ក្នុងពេល​ថ្លែង​សារ​ពិសេស​ ទៅកាន់​ជនរួមជាតិ កាលពី​​ព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ថា ការ​សង្ឃឹមថា កូ​វីដ​១៩ ផុតរលត់ វា​មិនអាច​ទៅរួច​ ក្នុង​រយៈពេល​ដ៏​ខ្លី​នោះទេ ហើយ​វា​នឹង​នៅ​ជាមួយ​យើង​រយៈពេល​យូរ ដូចជា​គ្រុន​ផ្តាសាយធំ ដែល​វា​តែងតែ​កើត ដូច្នេះយើង​ត្រូវ​បន្ត​ការខិតខំ ជាមួយនឹង​វិធានការ​ថ្មីៗ​បន្ថែម​ទៀត​។​

​ក្នុងសារពិសេស​ជូនជនរួមជាតិ នៅ​ថ្ងៃទី១ ខែកក្កដា​ សម្តេចតេជោ បានប្រកាសដាក់​ចេញនូវ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម ​ក្នុងការ​ទប់ស្កាត់​ការឆ្លង ​និង​ការ​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ពិសេស​គឺ​ការទប់ស្កាត់​ការនាំ​ចូល​កូ​វីដបំប្លែង​ថ្មី។ កន្លងទៅ​ ការនាំ​ចូល​កូ​វីដ មានតែប្រភេទ​ធម្មតា បន្ទាប់មក​កូ​វីដ ​អង់គ្លេស B117 ឬ​ហៅថា Alpha ប៉ុន្តែ​ឥឡូវ​ ដែល​គេ​ចាត់ទុក​គ្រោះថ្នាក់​បំផុត​ គឺ Delta ពី​ឥណ្ឌា។​ Alpha ឆ្លង​រហ័ស​នៅ​ខ្មែរ តែ Delta ឆ្លង​កាន់តែ​លឿន ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បន្ត ដើម្បី​ទប់ស្កាត់។​

សម្តេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរសុខាភិបាល និង​អាជ្ញាធរតាមព្រំដែន ពង្រឹងវិធានការទប់ស្កាត់កូវីត១៩ បំប្លែងថ្មី ឱ្យមានប្រសិទ្ធភាព តាមរយៈការធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវគត់មត់ ក្នុង​រយៈពេល​ ២១ថ្ងៃ ធ្វើតេស្ត ដោយប្រើឧបករណ៍​តេស្ត​រហ័សរកកូវីត និងដាក់អោយព្យាបាលអ្នកជំងឺកូវីត១៩ បំប្លែងថ្មី នៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀត​ផងដែរ។ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ជំរុញឲ្យរាជធានីខេត្ត រៀបចំ​ឲ្យមានការព្យាបាល​តាមផ្ទះ​ផងដែរ​។

​រាជរដ្ឋាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ច្រកចេញ​-​ចូល ​ទាំង​ព្រំដែន​គោក ផ្លូវ​ទឹក និង​ផ្លូវអាកាស។ កន្លងមក តាម​ផ្លូវ​អាកាស កម្ពុជា​ធ្វើបានល្អប្រសើរហើយ​។ ប៉ុន្តែពេលនេះ នៅព្រំដែនវៀតណាម ជាក្តីបារម្ភថ្មី ខណៈដែល​វៀត​ណាម កំពុងផ្ទុះការឆ្លងរាលដាលកូវីដ នៅជាប់ព្រដែនកម្ពុជា។ ដូច្នេះ​ការហាមឃាត់​អ្នកដំណើរ​ មិន​ឲ្យឆ្លងដែន ជាវិធានការសំខាន់មួយ ហើយក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច​​កម្ពុជា ត្រូវនិយាយត្រង់ៗ ទៅកាន់​អនិកជន​វៀតណាម ដែលរស់នៅកម្ពុជា មិន​ឲ្យឆ្លងដែនតែម្តង​។

​នៅពេលនេះ អ្វី​ដែលជា​កង្វល់​ធំរបស់កម្ពុជា​ គឺ​ព្រំដែន​កម្ពុជា​-​ថៃ។ មិនមែន​ថៃ​ ចូល​កម្ពុជា​ទេ តែ​ពលករ​ខ្មែរ ​ទៅធ្វើ​ការ​នៅ​ថៃ បានវិលត្រឡប់មក​កម្ពុជា​វិញ។ ដូច្នេះ​នៅតាមព្រំដែន ត្រូវធ្វើតេស្តរហ័ស​ ហើយ​ដាក់​ឲ្យអ្នកឆ្លងដែន ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ព្រំដែន​ទាំងអស់។ ការធ្វើ​តេស្ត​រហ័ស ត្រូវតែធ្វើ ហើយក្រសួងសុខាភិបាល ត្រូវបើកផ្តល់​ឧបករណ៍តេស្តរហ័ស យ៉ាងតិច ១ម៉ឺន​តេស្ត ដល់ខេត្តនិមួយៗ។ ក្នុងនោះ ក៏មានចំណែក សម្រាប់​ប៉ូលិស​ ទាហាន និងប៉េអឹម សម្រាប់ធ្វើតេស្តរហ័ស​ រកកូវីដ​​។ ចំពោះអ្នកសង្ស័យ ត្រូវធ្វើតេស្តម៉ាស៊ីនធំ។​

តាមក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស​នានា ក៏ត្រូវបានសម្តេចតេជោ អនុញ្ញាត​ឲ្យ​ទិញ​ឧបរកណ៍តេស្តរហ័ស មកធ្វើតេស្ត​បុគ្គលិករបស់ខ្លួន​​ផងដែរ​។ ការដឹង​បានឆាប់រហ័ស គឺអាច​គ្រប់គ្រងបានលឿន​ដែរ​។

​មេរោគបំប្លែងថ្មី ប្រភេទ​ Delta ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា រកឃើញ​លើពលករខ្មែរ ដែលឆ្លង ដែន​មកពីប្រទេសថៃ​។ ដូច្នេះ​ជាវិធានការទប់ស្កាត់កូវីដថ្មីនេះ រាជរដ្ឋាភិបាល សម្រេច​ឲ្យ​ត្រួតពិនិត្យ និងធ្វើតេស្ត ​លើអ្នកឆ្លងដែនទាំងអស់ ហើយបើរកឃើញវិជ្ជមាន ត្រូវដាក់ព្យាបាល​ដាច់ដោយឡែក រួមទាំង​ការធ្វើចត្តាឡីស័ករយៈពេលយូរជាងធម្មតា គឺរយៈពេលដល់ទៅ ២១ថ្ងៃ ខណៈដែល​ចត្តាឡីស័ក ជាទូទៅ ត្រឹមតែ ១៤ថ្ងៃ​។

ទោះបីជាពេលនេះ ការ​ឆ្លង​ព្រឹត្តិ​ការណ៍​សហគមន៍ ថ្ងៃ​​២០​កុម្ភៈ​ មិន​ទាន់​បិទ​បញ្ចប់​ ប៉ុន្តែតាមរយៈកិច្ចប្រជុំ​ កាលពីថ្ងៃទី១​កក្កដា ក៏មានការព្រមាន​ថា កម្ពុជា​អាច​នឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះ មានការរាតត្បាតថ្មី បង្កដោយមេរោគបំប្លែងខ្លួន Delta ហើយមិនមែន​តែករណីកម្ពុជានោះទេ គឺជាករណីព្រួយ​បារម្ភលើពិភពលោក។

ការទប់ស្កាត់​កូវីដឆ្លងដែន ទាមទារ​ឲ្យ​កងកម្លាំង​ទាំងអស់ រួមគ្នាម្តងទៀត ដូចអ្វីដែល​យើង​បានអនុវត្តដោយ ជោគជ័យ​រួចមកហើយ កាលពីអំឡុងប្រទេសថៃ ផ្ទុះការឆ្លងរាលដាល​សហគមន៍ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០​។ កាលណោះ កម្ពុជាបានអនុវត្តបានល្អ បិទខ្ទប់​ព្រំដែន​ ពិសេសព្រំដែនគោក​ជាមួយប្រទេសថៃ ហើយអ្នក​រួចធ្លាយដល់ស្រុកភូមិ ក៏ត្រូវបានរាយការណ៍​ភ្លាមៗ និងនាំទៅធ្វើចត្តាឡីស័ក​​យ៉ាងត្រឹមត្រូវ។

ការ​ជួប​ផ្ទាល់​ និងផ្តល់ភាពកក់ក្តៅដល់​បងប្អូនពលករ នៅប្រទេស​ថៃ ក៏ជាការចាំបាច់ ដែលមន្ត្រីទូត​កម្ពុជា សហការជាមួយ​ក្រសួង​ការងារ និងភាគីថៃ ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បី​កុំ​ឲ្យពលករទាំងនោះ បន្តរស់នៅ និង​​នៅធ្វើការក្នុងប្រទេសថៃ​។ កម្ពុជាបានសហការជាមួយភាគីថៃរួចហើយ លើករណីពលករខ្មែរ ដែលធ្វើការខុស​ច្បាប់ក្នុងប្រទេសថៃ ហើយអំឡុង​ពេលកូវីដនេះ អ្នកធ្វើការមិនស្របច្បាប់ ត្រូវបានភាគីថៃ ចុះឈ្មោះ​ឲ្យធ្វើការស្របច្បាប់ ក្នុងប្រទេសថៃ​។

ក្នុងករណីនេះ ពលករខ្មែរយើង នៅប្រទេសថៃ គួរតែ​បន្ត​ស្នាក់នៅ និងធ្វើការកន្លែង​ដដែល ព្រោះបើធ្វើដំណើរ ក្នុងកាលៈទេសៈ ដែល​ថៃ និងកម្ពុជា កំពុងឆ្លងកូវីដ គឺ​ប្រថុយ​ប្រថាន ដែល​អាចនឹងឆ្លងកូវីដ អំឡុងពេលធ្វើដំណើរ ឬក៏អាចចម្លងទៅអ្នកដទៃទៀត បើសិនជា​ពលករនោះ ផ្ទុកកូវីដ​ទៅហើយ។​

ការទប់ស្កាត់​ពលករឆ្លងដែនខុសច្បាប់ ក៏នៅតែចាំបាច់ ហើយ​ត្រូវចាប់​ទៅផ្តន្ទាទោស ទាំងមេខ្យល់ និងទាំង​ពលករ​លួចឆ្លងដែន​ ខណៈដែល​កន្លងមក ដាក់ទោសតែលើមេខ្យល់​។

ជា​ងនេះទៅទៀត ទាមទារ​ឲ្យ​មានកិច្ចសហការ​​ថែមទៀត​ ខណៈដែល​នៅ​ផ្ទៃក្នុងប្រទេសយើង កូវីដ​ក៏កំពុងឆ្លងរាលដាល​រៀងរាល់ថ្ងៃ ចូលដល់​រាប់រយនាក់ និងសម្លាប់មនុស្ស​មិនតិចជាង ២០នាក់ឡើយ ក្នុង ១ថ្ងៃៗ​។ គ្រាន់តែរយៈពេល ២៤ម៉ោង កាលពីថ្ងៃទី៣០មិថុនា ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងថ្មី​ ចំនួន ៩៩៩​នាក់ ករណីជាសះស្បើយ ៧១៥នាក់ និងស្លាប់ថ្មីបន្ថែម ២៦នាក់ទៀត​។ ​

ក្រសួង​សុខាភិបាល ក៏បានប្រកាសថា នៅកម្ពុជា ​គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លង​កូវីដ១៩ សរុបចំនួន ៥១​៣៨៤នាក់​។ ក្នុងនោះ ករណីជាសះស្បើយ សរុបចំនួន ៤៤ ៨៥៨​នាក់ និងករណីស្លាប់សរុប ចំនួន ៦២​៨នាក់​។ ក្នុងចំណោម​អ្នកឆ្លងសរុប ៥១៣៨៤នាក់ ត្រូវបាន ក្រសួងសុខាភិបាល ប្រកាសថា មានករណីនាំចូលពីក្រៅ​ប្រទេសសរុប ២៦៨​០នាក់​។ ករណីនាំចូលពីក្រៅនេះ សំដៅលើ​អ្នកធ្វើដំណើរតាមយន្តហោះ និងពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ​។​

ក្នុងវិធានការទប់ស្កាត់កូវីដ មិនថា ឆ្លងដែន ឬកូវីដ​ក្នុងស្រុកទេ​ គឺ​ក្រៅតែពី​ពង្រឹងវិធានការរឹតបន្តឹងតាមព្រំដែន យុទ្ធសាស្ត្រចាក់វ៉ាក់សាំង​ ក៏ជាវិធានការសំខាន់មួយដែរ​។ ត្រឹមបំណាច់ខែសីហាខាងមុខ កម្ពុជា​នឹងទទួលបានវ៉ាក់សាំងសរុប ២០លានដូស ដែល​ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា​អាចចាក់​ដល់​ប្រជាជនកម្ពុជា អាយុចាប់ពី ១៨ឆ្នាំឡើង បានគ្រប់ ១០លាននាក់ តាមផែនការ។ ដូច្នេះ​​ប្រជាពលរដ្ឋ​យើង ដល់វេន ត្រូវ​ចាក់​វ៉ាក់​សាំង ​សូម​​ទៅ​ចាក់​វ៉ាក់​សាំង​​ ទាន់​​​មាន​វ៉ាក់​សាំ​ងចាក់៕