ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តការថ្មីមួយជួយជំរុញទីផ្សារអង្ករខ្មែរកាន់តែធំទូលាយ បានបង្កើតចេញហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា រួមអង្គការដៃគូមួយចំនួន មានអង្គការ swisscontact អង្គការ…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា រួមអង្គការដៃគូមួយចំនួន មានអង្គការ swisscontact អង្គការ WCS, អង្គការ CIRAD ជាដើម បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីអំពីការបង្កើតសាខាថ្នាក់ជាតិ របស់វេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា កាលពីចុងខែមិថុនាកន្លងមកនេះ ។ 

សាខាថ្នាក់ជាតិវេទិកាស្រូវអង្ករដែលបង្កើតឡើងរួមគ្នារវាងស្ថាប័នសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន នេះធ្វើក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគី ជាពិសេស គឺជួយដល់កសិករ ។ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញដល់វិស័យស្រូវអង្ករកម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មផលិតកម្ម តាមប្រភេទពូជ និងក្រុមប្រភេទស្រូវ-អង្ករ និងជាពិសេស គឺផ្តល់នូវទីផ្សារបន្ថែមដល់កសិករខ្នាតតូចនៅកម្ពុជា ក្នុងការបង្កើនតម្លៃស្រូវរបស់ខ្លួន និងគិតគូរដល់បរិស្ថាន ។ លោក សុង សារ៉ន បន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងជំរុញបន្ថែមទៀត ក្នុងការបង្កើត បានទីផ្សារសម្រាប់កសិករខ្នាតតូចនៅកម្ពុជា ដើម្បីបង្កើនតម្លៃស្រូវ ។

លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សាខាថ្នាក់ជាតិវេទិកាស្រូវអង្ករ ពិតជាត្រូវនឹងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រវិស័យកសិកម្ម ២០១៩-២០២៣ ស្តីពីការលើកកម្ពស់ផលិតភាពកសិកម្ម ពិពិធកម្ម ការប្រកួតប្រជែង និងពាណិជ្ជកម្ម ហើយស្តង់ដាររបស់វា គួរតែត្រូវបានអនុវត្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅគ្រប់ប្រព័ន្ធអេកូឡូស៊ីផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជា សម្រាប់ការកែលម្អផលិតភាពស្រូវ ធានាសុវត្ថិភាពម្ហូបអាហារ និងបង្កើនប្រាក់ចំណេញ ក្នុងលក្ខណៈប្រកបដោយនិរន្តរភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រកួតប្រជែង ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមនៅក្នុងវេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) នេះ តាំងពីឆ្នាំ ២០១៥ ។ បន្ទាប់មកនៅឆ្នាំ ២០១៦ SPR នេះ ត្រូវបានយកមកអនុវត្តនៅកម្ពុជា ដោយមានការសម្របសម្រួលពីភាគីពាក់ព័ន្ធនានា ដែលក្នុងនោះ មាននូវសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បានយកគំរូស្តង់ដារនេះ មកអនុវត្តនៅក្នុងការសហការជាមួយនឹងសហគមន៍កសិកម្ម តាមរយៈកិច្ចសន្យាកសិកម្ម ដែលជាជំហានសាកល្បង បានធ្វើនៅក្នុងខេត្តកំពង់ធំ និងបាត់ដំបង ។ នៅក្នុងឆ្នាំ ២០១៩ មហាសន្និបាតថ្នាក់សកល ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ហើយមានព្រមព្រៀងគ្នាក្នុងការបង្កើតនូវសាខាថ្នាក់ជាតិរបស់វេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាព នៅកម្ពុជា នេះឡើង ។

ជាការកត់សម្គាល់នៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២១នេះ ការនាំចេញអង្ករចេញរបស់កម្ពុជា មានបរិមាណ ២៨០ ៤៥០ តោន មានការថយចុះចំនួន ១១៧ ២១០ តោន ស្មើរជាង ២៩% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៦ខែឆ្នាំ ២០២០ ។ អង្ករកម្ពុជា បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ ប្រទេស ចិន បណ្តាប្រទេសក្នុង អាស៊ាន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ