ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​០១ កក្កដា ២០២១​នេះ បាន​បង្ហាញ​រូបភាព​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ឲ្យ​ឃើញ​ថា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​០១ កក្កដា ២០២១​នេះ បាន​បង្ហាញ​រូបភាព​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ឲ្យ​ឃើញ​ថា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

សត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត ។

ខ្លាឃ្មុំ​ធំ រស់នៅ​ក្នុង​ប្រភេទ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា ។

ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួម​មាន​រុក្ខជាតិ និង​សត្វ ។ ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត នៅ​អាយុ​ពី​៤ ទៅ​៥​ឆ្នាំ ជា​ទូទៅ ធ្វើការ​បង្កាត់​ពូជ​នៅ​អំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន នៅ​អំឡុង​ខែវិច្ឆិកា​-​មីនា និង​ជា​ទូទៅ​បង្កើតកូន​ម្តង បាន​ពី​១ ទៅ​២​ក្បាល ។

សត្វ​ខ្លាឃ្មុំ អាចរ​ស់បាន​រហូត​ដល់​អាយុ​ជាង​៣០​ឆ្នាំ ។ សត្វ​ខ្លាឃ្មុំ ទទួល​រង​ការ​គម្រាមកំហែង​ពី​កត្តា​ជា​ច្រើន ដែល​រួម​មាន ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការ​ចាប់​មក​ចិញ្ចឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ