ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ធម្មជាតិ​មួយ​លាក់ខ្លួន​ជិត​ខ្នង​ផ្សា​កំពុង​បង្អួត​សម្រស់​ប្លែក​ទាក់ទាញ​អ្នក​ទេសចរណ៍​ផ្សងព្រេង

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ​គឺជា​ខេត្ត​មួយ​ដែល​ជាប់​ឈ្មោះ​ល្បី​សម្បូរ​ទៅ​ដោយ​ដើម​ត្នោត​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​នោះ​ខេត្តកំពង់ស្ពឺ​ក៏​សម្បូរ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ជា​ច្រើន​ដែល​បង្កប់ខ្លួន​នៅ​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ​ធ្វើ​ឲ្យ​អ្នក​ដែល​បានឃើញ​មានចិត្ត​ចង់ទៅ​លេង និង​ទៅ

ខេត្តកំពង់ស្ពឺ ៖ កំពង់ស្ពឺ​គឺជា​ខេត្ត​មួយ​ដែល​ជាប់​ឈ្មោះ​ល្បី​សម្បូរ​ទៅ​ដោយ​ដើម​ត្នោត​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​នោះ​ខេត្តកំពង់ស្ពឺ​ក៏​សម្បូរ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ជា​ច្រើន​ដែល​បង្កប់ខ្លួន​នៅ​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ​ធ្វើ​ឲ្យ​អ្នក​ដែល​បានឃើញ​មានចិត្ត​ចង់ទៅ​លេង និង​ទៅ​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅ​ទីនោះ​។

បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មក​កាន់​ខេត្តកំពង់ស្ពឺ ចំងាយ​៤៨​គីឡូម៉ែត្រ យើង​នឹង​មក​ដល់​ភ្លើងស្តុប​មួយ​នោះ គឺ​ភ្លើងស្តុប​ច្បារមន ហើយពី​ផ្លូវបំបែក​ស្តុ​ប​ច្បារមន រហូត​ដល់​រង្វង់​មូល​ដំរី ផ្សារ​កន្ទួត មាន​ចំងាយ​៥១​គីឡូម៉ែត្រ រួច​ហើយ​បន្តដំណើរ​ពី​រង្វង់​មូល​ផ្សារ​កន្ទួត ដល់​ស្នាក់​ការ​បរិស្ថាន ភូមិ​តាំង​បំពង មាន​ចំងាយ​៣៧​គីឡូម៉ែត្រ​។

នៅ​ទីនោះ គឺជា​ទីកន្លែង​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ស្គាល់ផ្លូវ​ឡើង​ទៅ​កាន់​តំបន់​ទេសចរណ៍ធម្មជាតិ​បែប​ផ្សងព្រេង​ថ្មី​មួយទៀត​នោះ គឺ​ខ្នង​ក្រពើ ដែល​លាក់ខ្លួន​នៅ​ជិត​ខ្នង​ផ្សារ ហើយ​ក៏​មាន​សម្រស់​ស្រស់​ត្រកាល​គួរ​អោយ​ចង់​គយគន់ និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ដែល​បង្ហើរ​ចេញពី​ផ្កា​ព្រៃ​ទាំងឡាយ​នៅ​ទីនោះ​។

កន្លែង​កំសាន្ត​ថ្មី​នោះ គឺ​ខ្នងភ្នំ​មួយ​ដែល​មាន​ដុំ​ថ្ម​ក្រឡា​ដូច​ក្រពើ កំពុង​បង្អួត​សម្រស់​ទាក់ទាញ​ដល់​ក្រុម​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទេសចរណ៍​ផ្សងព្រេង​សូម​ជូន​រូបភាព អំពី​សម្រស់​ធម្មជាតិ​មិន​ឆ្ងាយ​ពី​កំពូលភ្នំ​ខ្នង​ផ្សារ គឺ​មាន​ទិដ្ឋភាព​មួយ​បែប​ផ្សេង​គ្នា​ពី​ខ្នង​ផ្សា និង​ខ្នង​ស្រូវ ដោយ​បរិយាកាស​ដ៏​ពិសិដ្ឋ​នេះ​បង្កើត​នូវ​អារម្មណ៍​ប្លែក​មួយ​កម្រិត​ទៀត សម្រាប់​ទេសចរណ៍​ផ្សងព្រេង​… ចូល​ចិត្ត​ធម្មជាតិ​។

បើ​តាម​មន្ត្រី​មន្ទីរ​ទេសចរណ៍​មួយ​រូប បាន​ប្រាប់​ផង​ដែរ​ថា ពី​មុន​ក្រុម​អ្នក​ទេសចរណ៍​ភាគច្រើន គឺ​មក​លេង​ខ្នង​ផ្សា និង​ខ្នង​ស្រូវ តែ​ឥលូវ​នេះ​គឺ​គេ​នាំ​គ្នា​ទៅ​លេង​ខ្នង​ក្រពើ​ម្តង​។ ទេសភាព​នៅ​ខ្នង​ក្រពើ​នេះ មាន​សម្រស់​ស្រស់​ត្រកាល​គួរ​ជាទី​មនោ​រម្យ និង​ទាក់ទាញ​ចិត្ត​បំផុត ។ ហើយ​កន្លែង​ទីតាំង​ថ្មី​ដែល​អ្នក​ទេសចរណ៍​ទើបតែ​ជួប​ប្រទះ​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ខ្នងភ្នំ​ក្រពើ​។

មន្ត្រី​ដដែល​បន្ត​ថា ហើយ​ភាគច្រើន​អ្នក​ដែល​មក​ទេសចរណ៍ គឺ​មក​ជា​ក្រុម ហើយ​បោះ​តង់​សម្រាក បើ​និយាយ​ពី​ការ​ហូប​ចុក​វិញ​គឺ​អ្នក​ទាំងនោះ​មុន​ពេល​ឡើង​មក គឺ​ត្រូវ​ត្រៀម​ស្បៀង​មក​ដោយ​ខ្លួនឯង ព្រោះ​នៅ​ទីនោះ​មិន​មាន​អ្នកលក់​ម្ហូបអាហារ​ឡើយ​។

ទន្ទឹម​នឹង​នោះ អ្នក​ដែល​មក​លេង​ត្រូវ​តែ​ស្រលាញ់​ថែរក្សា​អនាម័យ និង​បរិស្ថាន​ទាំងអស់​គ្នា ដោយ​វេច​ខ្ចប់​សំរាម​អោយ​បាន​ត្រឹមត្រូវ​។ ចំណែក​អ្នក​ទេសចរណ៍​ភាគច្រើន​គេ​តែងតែ​នាំ​គ្នា​មក​លេង​នៅ​រដូវរំហើយ បើ​មក​នៅ​ខែ​នេះ ជា​រដូវវស្សា គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ