ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រាជធានីភ្នំពេញ បានបន្ថែមក្រុម​ហ៊ុន​ប្រមូល និងដឹកជញ្ជូនសំរាម ២ក្រុមហ៊ុនទៀត បន្ថែមលើក្រុមហ៊ុនស៊ីនទ្រី ដែល​បាន…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រាជធានីភ្នំពេញ បានបន្ថែមក្រុម​ហ៊ុន​ប្រមូល និងដឹកជញ្ជូនសំរាម ២ក្រុមហ៊ុនទៀត បន្ថែមលើក្រុមហ៊ុនស៊ីនទ្រី ដែល​បាន និងកំពុងប្រតិបត្តិការ​យូរឆ្នាំមកហើយ​។ ទន្ទឹមនឹង​ការបន្ថែមចំនួន​ក្រុមហ៊ុន​ប្រមូល និងដឹកជញ្ជូន​សំរាម​ នៅភ្នំពេញ ដោយបែងចែក​ជា ៣​តំបន់​​នេះ ក៏គួរតែ​បន្ថែម​ធុងសំរាម និង​ការដឹកជញ្ជូនសំរាម​ឲ្យបានរៀងរាល់ថ្ងៃ នៅគ្រប់ផ្លូវ និង​គ្រប់ទីកន្លែង​ផងដែរ​។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ចាប់ពីថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ២០២១ តទៅ​ ប្រតិបត្តិករថ្មី​ ចំនួន ៣​ក្រុម​ហ៊ុន នឹងចាប់ផ្តើមសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ​

ប្រតិបត្តិករថ្មីចំនួន ៣ក្រុមហ៊ុន ដែលចាប់ផ្តើមសម្អាតប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ ត្រូវបានបែងចែក ជា ៣តំបន់ដាច់ដោយឡែកពីគ្នា ក្នុងខណ្ឌទាំង១៤ នៅភ្នំព

តាមសេចក្តីជូនដំណឹង ប្រតិបត្តិករថ្មី ទាំង​ ៣ក្រុមហ៊ុននោះ​ រួមមាន៖ ១-ក្រុមហ៊ុន ៨០០ Super/GAEA នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន ៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ​២-ក្រុមហ៊ុន Mizuda នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន ៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ៣-ក្រុមហ៊ុន ស៊ិនទ្រី/Everbright (China) នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន ៤ខណ្ឌ គឺ​ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម ថែរក្សា អនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ចំពោះភាពរអាក់រអួល នៃការចាប់ផ្តើមដំបូងនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ក្នុងដំណាក់ការអន្តរកាល នៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ពីប្រតិបត្តិករចាស់ ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់ រអួលខ្លះៗនៃការផ្តល់សេវា ជាពិសេស នៅតំបន់ ដែលទទួលខុសត្រូវ ដោយប្រតិបត្តិករថ្មី​។

កាលពីខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកសិទ្ធិ​ពីក្រុមហ៊ុន ស៊ីនទ្រី ដែលបានដេញថ្លៃប្រមូលសំរាមផ្តាច់មុខតែឯង​ នៅភ្នំពេញ ចាប់តាំងពីឆ្នាំ២០​០​៨។ កាលពីឆ្នាំ២០០៨​ ក្នុងរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រហែល ១លាននាក់ ហើយ​សំរាម ដែលបញ្ចេញ​ជារៀងរាល់ថ្ងៃ មាន​​ប្រមាណ​​ជិត ១០០០​តោនប៉ុណ្ណោះ ក្នុង ១ថ្ងៃ​។ ប៉ុន្តែ​ពេលនេះ ភ្នំពេញ កាន់តែធំ ហើយប្រជាពលរដ្ឋ ក៏កាន់តែច្រើន។

រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា នៅ​ភ្នំពេញ សព្វថ្ងៃ ប្រជាពលរដ្ឋ កើន​ដល់ជាង ៣លាននាក់ ដែលធ្វើឲ្យបរិមា​ណ​សំរាម ក៏​កើនឡើង រហូតដល់ ២៨០០​ តោន ទៅជាង ៣០០០ តោន ក្នុង ១ថ្ងៃ​។

​​​​ក្រៅពី​​រៀបចំការប្រមូលសំរាមជា ៣តំបន់ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់ មានមួយក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវ ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវតែ​រៀបចំតារាងពេលវេលាជាក់លាក់ ក្នុងការប្រមូ​ល​សំរាមពីគ្រប់ច្រកផ្លូវ និងតម្រូវឲ្យប្រជាពលរដ្ឋ បង់ថ្លៃសេវានេះ​​ផងដែរ​។

នៅក្នុងដំណាក់ការអន្តកាល កន្លងមក​នេះ គឺ​អាជ្ញាធររាជធានីភ្នំពេញ បានបន្ត​ឲ្យ​ក្រុមហ៊ុនស៊ីនទ្រី ប្រមូល ដឹកជញ្ជូនសំរាម​ ហើយការបង់លុយ ធ្វើឡើងតាមធនាគារ ឬកន្លែងវេរលុយ ដោយសាលារាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុក​។​

​នៅពេលមានក្រុមហ៊ុន​ថ្មីបន្ថែម ២ទៀត បូកទាំងស៊ីនទ្រី គឺ ៣ក្រុមហ៊ុន ចាប់ពីថ្ងៃទី១កក្កដាតទៅនេះ គេ​ជឿជាក់ថា ការផ្តល់​សេវាប្រមូលសំរាម និង​​សំណល់រឹង នៅ​ភ្នំពេញ នឹងមានភាពល្អប្រសើរ ​ជាងមុន​។ ប៉ុន្តែទន្ទឹមនឹងបន្ថែម​ក្រុមហ៊ុនថ្មី ទទួលបន្ទុកលើការងារប្រមូល ដឹកជញ្ជូន​សំរាមនេះ  អាជ្ញាធរ​សមត្ថកិច្ច គួរតែសហការជាមួយ​​ក្រុមហ៊ុនប្រមូលសំរាម បន្ថែម​ធុងសំរាម បង្ហើន​ចំនួន​បុគ្គលិក​កម្មករ​បោសសំអាត​ប្រចាំថ្ងៃ​ បង្កើនចំនួន​ឡាន និងពិសេស​រៀបចំ​ឲ្យ​ឡាន​ ដឹកជញ្ជូន​សំរាម ​រៀងរាល់ថ្ងៃ​។

ដោយឡែក​ប្រជាពលរដ្ឋ អ្នករស់នៅភ្នំពេញ ក៏គួរតែចូលរួម​ ដោយទុកដាក់សំរាម​ ក្នុងធុង កញ្ឆេ ច្រកថង់ ទុកដាក់​កន្លែងសមគួរ ដែលភ្លៀងមក មិនលិច អណ្តែត​ ខ្យល់មិនប៉ើង ហើយ​ឆ្កែ ក៏មិនហែកហួរ​កាកសំណល់​ទាំងនោះ បានឡើយ​។

ខែនេះ ជាខែភ្លៀង បើ​សំរាម​រសាត់អណ្តែត រាយប៉ាយ ពេលភ្លៀង នោះអាចនឹងបង្កការកកស្ទះលូ ហើយ​ក៏ស្អុយរលួយ សំរាម ជះក្លិន មិនល្អ មកដល់អ្នករស់នៅ និងអ្នកដំណើរតាមផ្លូវ ជាមិនខាន​។ ដូច្នេះទាមទារ​ឲ្យទុកដាក់សំរាមត្រឹមត្រូវ ហើយក៏ត្រូវដឹកជញ្ជូន​ទៀងពេលរៀងរាល់ថ្ងៃផងដែរ​។

ក្រៅពី​នេះ ការគ្រប់គ្រងសំរាម​អនាថា មិនមានម្ចាស់ ក៏ជារឿង ត្រូវគិតគូរដែរ​។ កន្លងមក មាន​ប្រជាពលរដ្ឋមួយចំនួន ហាក់ដូចជា យកតែរួចខ្លួន តែខ្លួនឯង។ នោះគឺ​មានអ្នកខ្លះ បញ្ចេញសំរាមឲ្យផុតៗ តែពីផ្ទះខ្លួនឯង​ តែបែរជាយកសំរាមទាំងថង់ៗ ទៅបោះចោល នៅកៀនរបងសាលារៀន នៅដីទំនេរ ដីវាល ឬក៏ក្បែររបងផ្ទះអ្នកផ្សេងទៅវិញ​។

ធ្វើដូច្នេះ ចេះតែបានហើយ តែចូរអ្នកបោះសំរាម​ទាំងនោះ គិតផងថា យករួចខ្លួនតែខ្លួនឯង ហើយ​បង្ក​ជាគំនរសំរាម យូរៗ អាចកកស្ទះហៀរ និងប៉ើង​រសាត់ពេញផ្លូវ​ថែមទៀត​។ មួយវិញទៀត ក្លិនសំរាម ដែលត្រូវទឹកភ្លៀងទាំងនោះ ក៏ជះក្លិនអសោចដល់​អ្នកដំណើរ អ្នករស់នៅជិតគំនរសំរាម និងជាពិសេស បើសិស្សរៀនទៀត គឺ​ប៉ះពាល់​ដល់កូនគេកូនយើង ដែលអង្គុយរៀននៅជិតគំនរសំរាម​នោះថែមទៀត​។

ជាដំណោះស្រាយលើ​ក្រុមអ្នកនិយមយកសំរាម មកបោះចោលតាមផ្លូវ ជិតរបងសាលារៀន ឬនៅដីវាល ទំនេរចោល ដែលបានកើតឡើងច្រើនកន្លែង នៅភ្នំពេញ គួរតែប្រជាពលរដ្ឋទាំងនោះ ភ្ញាក់រលឹក ហើយទុក ដាក់សំរាម​ឲ្យមានរបៀប​នៅកៀនរបង​មុខផ្ទះ​ ព្រោះឡាន​សំរាម​ តែង​តែមកប្រមូល យកសំរាមទាំងនោះ ហើយបើទោះបីជាអ្នកទាំងនោះ យកសំរាម បោះចោល​ផុតៗពីផ្ទះ​ខ្លួនឯងដូច្នេះមែន ក៏អ្នកទាំងនោះ នៅតែត្រូវ បង់លុយថ្លៃសំរាមប្រចាំខែដដែល​។

​​អាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរភូមិ​​ឃុំសង្កាត់ ក៏គួរតែចុះធ្វើអនាម័យ​កន្លែង ដែលប្រជាពលរដ្ឋមួយចំនួន និយមបោះចោលសំរាម ក្លាយជាគំនរ​ចល័ត និងសំរាមអនាថាទាំងនោះ ហើយ​អប់រំ ណែនាំ។ បើនៅតែមិន ស្តាប់ទេ ឈានដល់​ការផាកពិន័យ ព្រោះយើង​មានច្បាប់ ក្នុងការផាកពិន័យ អ្នកបោះចោលសំរាម ពាសវាល ពាសកាល ដោយត្រូវពិន័យពី ១ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល ហើយក្នុងករណី មិនរៀងចាល ត្រូវទទួលការ​ពិន័យជាប្រាក់​ទ្វេរដង​។

​អាជ្ញាធរសមត្ថកិច្ច ក៏គួរតែតម្រូវ​ឲ្យក្រុមហ៊ុនប្រមូលសំរាមទាំអ ៣នេះ រៀបចំ​កន្លែងស្តុកសំរាម​ នៅទីកន្លែង សមគួរណាមួយ និងបន្ថែម​ធុងសំរាមធំៗ តាមផ្លូវ តាមភូមិ​ ពិសេសតាមសាលារៀន របងវត្ត ជាដើម។ កន្លងមក អាចថា ផ្ទះរបស់​ប្រជាពលរដ្ឋ ដែលតែងតែយកសំរាមមកបោះចោលទាំងនោះ តូចចង្អៀត ដែលឡាន សំរាម ចូលមិនដល់​។

​​ក្រុមហ៊ុនប្រមូលសំរាមវិញ ក៏គួរតែមកប្រមូល និង​ដឹកជញ្ជូនសំរាម​ឲ្យបានទៀងទាត់ បើមិនបានរៀងរាល់ថ្ងៃទេ សូម​ត្រឹមតែ ២ ឬ ៣ថ្ងៃម្តង ព្រោះថា បើដូចសព្វថ្ងៃ មានដល់ទៅ ១អាទិត្យ ទើបមកយកសំរាមម្តង ដែល​នាំឲ្យតំបន់ខ្លះ ត្រូវកកស្ទះសំរាម ស្អុយរលួយ កើតដង្កូវ ហើយ​ហៀរស្ទះផ្លូវ ដោយសារតែសំរាមថែមទៀត។ ការងារ​មិនពេញដៃ មិនពេញជើងដូច្នេះហើយ បានជាស៊ីនទ្រី ត្រូវបានដកសិទ្ធិ​ប្រមូល​សំរាម នៅភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៩​។

​​​ដូច្នេះ ពេលមានក្រុមហ៊ុនប្រមូល និង​ដឹកជញ្ជូនសំរាម ដល់ទៅ ៣ក្រុមហ៊ុនហើយនោះ គួរតែ​សេវាដឹកជញ្ជូន  និងប្រមូលសំរាមនៅភ្នំពេញ ដែលជាបញ្ហារ៉ាំរ៉ៃ ដូចជំងឺមហារីក​យូរឆ្នាំមកហើយ បានប្រសើរ​ឡើងវិញ​។ បើទោះបីជា​ត្រូវឡើងថ្លៃសំរាម​ជាងរាល់ថ្ងៃនេះ ដែលផ្ទះខ្លះត្រឹម ១ដុល្លារ និង ២ដុល្លារ​ ក្នុង ១ខែ ក៏អ្នកនៅ​ភ្នំពេញ​ គួរតែ​ចូលរួម​វិភាគទាន ព្រោះថា បើសំរាម​នៅ​កកស្ទះ​ ដូចកាលពីពេលកម្មករស៊ីនទ្រី ធ្វើបាតុកម្ម មិនធ្វើការ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ គឺ​ពិបាក​ទ្រាំនឹងក្លិនសំរាមកាកសំណល់ទាំង​នោះខ្លាំង​ណាស់។ តម្លៃត្រឹម ២ដុល្លារ ឬក៏ ១ម៉ឺនរៀល សម្រាប់១ផ្ទះ ក៏អ្នករស់​នៅ​ភ្នំពេញ មិនខ្លាច​នឹងចំណាយទេ បើសិនជាសេវា​ដឹកជញ្ជូន ប្រមូលសំរាម​ ធ្វើឡើងបាន​ទៀង​ទាត់​​នោះ៕