ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយករងពន្ធនាគារបានសំណូមពរដល់អង្គការក្រៅរដ្ឋាភិបាលបន្តជួយសម្ភារ និងបណ្ដុះបណ្ដាលជំនាញដល់អ្នកទោសបន្ថែមទៀត ដើម្បីក្រោយពេលកែប្រែត្រូវបានត្រឡប់ទៅផ្ទះវិញ មានជំនាញធ្វើការងាររកស៊ីចិញ្ចឹមគ្រួសារ ។ លោកស្រី សុខ សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍បែបនេះក្នុងពិធីចែកអំណោយរបស់អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគាររបស់ប្រទេសអូស្ត្រាលីនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ។
លោកឧត្តមអនុរក្ស២ ហ៊ឹន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅពេលនេះពន្ធនាគារខេត្តបន្ទាយមានជ័យមានជនជាប់ឃុំសរុបចំនួន១០៥៨នាក់ (ស្រី១០៩នាក់) មានជនត្រូវចោទចំនួន២៩៦នាក់, ជនជាប់ចោទចំនួន១៦៤នាក់, ពិរុទ្ធជនចំនួន៣៩៣នាក់, ទណ្ឌិតចំនួន២០៥នាក់, ជនបរទេសចំនួន២៥នាក់ (ស្រី៩នាក់), ជនជាតិថៃចំនួន១៣នាក់ (ស្រីម្នាក់), ជនជាតិឡាវម្នាក់, ជនជាតិវៀតណាមចំនួន១១នាក់ (ស្រី៨នាក់) ។
លោកស្រី ម៉ីណា នាយកអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារប្រទេសអូស្ត្រាលីបានមានប្រសាសន៍ថា អំណោយដែលនាំយកចែកអ្នកដែលជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យនៅពេលនេះគឺក្នុងម្នាក់ៗទទួលបានមានមី១៨កញ្ចប់, ត្រីខ១០កំប៉ុង និង ទឹកផ្លែឈើ១កំប៉ុង ។ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារប្រទេសអូស្ត្រាលីគ្រោងជួយរោងកាត់ដេរ១ខ្នង មានបណ្តោយប្រវែង៧ម៉ែត្រ ទទឹង៦ម៉ែត្រដែលគ្រោងចំណាយអស់ថវិកាចំនួន៣.៥០០ដុល្លា ។
លោកស្រី សុខ សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាគឺមានពន្ធនាគារដែលជាប់ចំណាក់ថ្នាក់ដែលមានផាសុកភាព បរិស្ថាន និងអនាម័យល្អដល់អ្នកជាប់ពន្ធាគារ ។ ទន្ទឹមនឹងការកោតសសើរ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជាការអប់រំដល់អ្នកដែលមិនចេះអក្សរឲ្យចេះអាននិងសរសេរ ។ លោកស្រីក៏បានសំណូមពរសុំឲ្យអង្គការក្នុង និងក្រៅរាជរដ្ឋាភិបាល ត្រូវបន្តជួយសម្ភារ និងបណ្តុះបណ្តាលជំនាញដល់អ្នកទោស ដើម្បីក្រោយពេលកែប្រែ ហើយត្រូវបានត្រឡប់ទៅស្រុកកំណើតវិញ មានជំនាញធ្វើការងាររកស៊ីចិញ្ចឹមគ្រួសារបាន ៕
ចែករំលែកព័តមាននេះ