ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកផ្តល់ជំនួយជាង ១៧ លានដុល្លារដល់ការចិញ្ចឹមត្រីនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកផ្តល់ជំនួយ ១៧,១ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ…

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកផ្តល់ជំនួយ ១៧,១ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដល់គម្រោងអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជា ។ សមាគមវារីវប្បករនៅកម្ពុជា (CAA) ដែលទើបតែត្រូវបានបង្កើតឡើងមិនដល់មួយឆ្នាំផង ដែលត្រូវទទួលស្គាល់ក្នុងនាមតំណាង ឱ្យវារីវប្បករ បានទទួលជំនួយនេះតាមរយៈកម្មវិធីជាច្រើនមានការបណ្តុះបណ្តាលបច្ចេកទេកចិញ្ចឹម ការភ្ញាស់ពូជត្រី អនាម័យ និងបញ្ហាទីផ្សារជាដើម។ 

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឲ្យដឹងថា គម្រោងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផលក្នុងផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងសកម្មភាពផ្សារភ្ជាប់ទីផ្សារ ។ មន្រ្តីរដ្ឋបាលជលផលថ្នាក់ជាតិ និងថ្នាក់ខេត្តបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល បច្ចេកទេសក្នុងការផលិតកូនត្រីពូជ បុគ្គលិករោងចក្រផលិតចំណីត្រី និងអ្នកចែកចាយចំណីត្រី ក៏ដូចជាព្រឹត្តិការណ៍ផ្សារភ្ជាប់ទីផ្សារ ។ តាមរយៈការចូលរួម និងកិច្ចសហការទាំងនេះ និងទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរដ្ឋបាលជលផលក្នុងផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេស គម្រោង រួមចំណែកជួយការកសាងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល ជាពិសេសមន្ត្រីថ្នាក់ខេត្ត ។

ជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរយៈនេះ លទ្ធផលបង្ហញថា មានស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣៤% ដែលបានបណ្តុះបណ្តាល និងជ្រើសរើសដោយចៃដន្យ បានអនុវត្តបច្ចេកទេស និងបច្ចេកវិទ្យាក្នុងរយៈពេល ៦ ខែ ។ ក្នុងចំណោមស្ថានីយផលិតកូនត្រីពូជចំនួន ១២ កន្លែង ក្នុងនោះមាន ២ កន្លែង (១៦,៧%) កំពុងផ្គត់ផ្គង់កូនត្រីដល់ទីផ្សារ និងអ្នកចិញ្ចឹម តាមស្តង់ដារគុណភាពដែលបានកែលម្អជាអប្បបរមា ។ កសិករភ្ញាស់ត្រីដែលទទួលការគាំទ្រពីគម្រោង បានផ្គត់ផ្គង់កូនត្រីជាង ១ លាន ក្បាលដល់ទីផ្សារ និងពួកគាត់បានទទួលព័ត៌មានទីផ្សារតាមរយៈការអន្តរាគមន៍គម្រោង ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមនៃការរកទីផ្សាររបស់គម្រោង សមាគមវារីវប្បករ អ្នកបច្ចេកទេស និងវារីវប្បករចំនួន ១៧៨ នាក់ បានទទួលព័ត៌មានទីផ្សារតាមរយៈ គម្រោង (ស្មើនឹងការសម្រេចបានចំណុចដៅប្រចាំឆ្នាំចំនួន ៩៦% ក្នុងឆ្នាំសារពើពន្ធនេះ) គឺត្រីចំនួន ១៩៣ តោនត្រូវបានលក់ក្នុងទីផ្សារ ។ 

ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ ១៩ ក្តី ក៏គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា “CAST- នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែ តុលា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ដែលឆ្នាំទី ៣ នៃការអនុវត្តគម្រោង ។ ដំបូងឡើយគម្រោង CAST គ្រោងសម្រេចឱ្យបានលទ្ធផលច្រើនជាងពេលមុនៗ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុង សហគមន៍ចំនួន ៣ លើក ផែនការទាំងនេះត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ 

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីផលលំបាកមួយចំនួន ដែលអ្នកចិញ្ចឹមត្រីកំពុងជួបប្រទះនៅក្នុងនោះមាន វារីវប្បករលក់ “ផលវារីវប្បកម្ម” ក្នុងតម្លៃថោក ហើយអ្នកប្រមូលទិញ និងអ្នកលក់ដុំមានភាពស្ទាក់ស្ទើរក្នុងការសហការជាមួយវារីវប្បករ ដោយឱ្យតម្លៃផលវារីវប្បកម្មក្នុងស្រុកទាបជាង ឬស្មើតម្លៃត្រីនាំចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ