ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ អាវុធ​ហត្ថរាជធានី​ភ្នំពេញ​បំបែកសំណុំរឿង​ប្លន់​សម្លា.ប់ និង​លួច​យ៉ាង​សកម្ម​៤​ក្រុម​ផ្សេង​គ្នា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ប្លន់​សម្លា.ប់​នៅ​ចំណុច​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់ ត្រើយ​ខាងកើត​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សាកសព…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​ប្លន់​សម្លាប់​នៅ​ចំណុច​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់ ត្រើយ​ខាងកើត​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សាកសព​​យ៉ាង​អាណោចអាធ័ម​ក្នុង​ប្រឡាយ​ទឹក និង​ករណី​ប្រើ​កាំបិតប៉័ងតោ​កាប់​ប្លន់​ម៉ូតូ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥​ដែរ​នោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធ​នាការ​​​ស្រាវជ្រាវ​ជា​បន្ទាន់​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ រួម​ជាមួយ​ចោរលួច ឆក់ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​២​ក្រុម​ទៀត​សរុប​៧​នាក់ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ចំនួន​៧​នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ ខណៈ​ដែល​ជន​រង​គ្រោះ​៤​នាក់​បាន​បើករថយន្ត​ដឹក​ផ្លែ​ឈើ​ដល់​ចំណុច​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ត្រើយ​ខាងកើត​ក៏​ឈប់​ចុះ​បត់ជើង ពេល​នោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៧​នាក់​ដែល​ឈប់​ចាំ​ពួនស្ទាក់​ប្លន់​ដូច​សព្វដង ​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ កាំបិត ដុំ​ថ្ម ភ្ជង់​គំរាម និង​ដេញ​កាប់​ជន​រង​គ្រោះ​ប្លន់​យក​ប្រាក់ ទូរស័ព្ទ​ដៃ​ទំនើប និង​គ្រឿងអលង្ការ​មួយ​ចំនួន រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​នោះ ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ ទើប​ប្រទះ​ឃើញ​សាកសព​យ៉ាង​អាណោចអាធ័ម​ក្នុង​ប្រឡាយ​ទឹក ។

រីឯ​ករណី​ប្រើ​កាំបិតប៉័ងតោ​កាប់​ប្លន់​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​របង​ផ្លូវ​ចូល​វត្ត​ធុ​ដុ​ង្គ ចំការ​ដូង ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ខណៈ​ជន​រង​គ្រោះ​២​នាក់​កំពុង​អង្គុយ​ជជែក​គ្នា​លេង ត្រូវ​អាវុធហត្ថ​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នៅ​ថ្ងៃ​ទី​៣០  វិច្ឆិកា ២០១៥ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ទាំង​២​ក្រុម​ខាងលើ​នេះ​តែងតែ​ប្រើ​ដាវ កាំបិត ដុំ​ថ្ម ដេញ​កាប់ និង​គប់​អ្នកដំណើរ​ប្លន់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​ផ្លូវ​លេខ​១០៨ កែង​ផ្លូវ​លេខ​៥១ សង្កាត់​វត្ត​ភ្នំ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស​នៅ​ចំណុច​ផ្លូវ​លេខ​៥៣ កែង​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ខណៈ​ដែល​ជនបរទេស​រូប​នោះ​កំពុង​តែ​ឈប់​ម៉ូតូ​ដើម្បី​មើល GPS រក​ទីកន្លែង​ដែល​ត្រូវធ្វើ​ដំណើរ និង​នៅ​ថ្ងៃ​ដដែល​នោះ​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ដែល​ជា​ចោរលួច​យ៉ាង​សកម្ម​នៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​ក្រុម​នេះ​បាន​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ រីឯ​បក្ខពួក​ដែល​នៅ​សេសសល់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​កំណត់​មុខសញ្ញា​តាម​ចាប់​ជា​បន្តបន្ទាប់​បន្ថែម​ទៀត ៕