ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែព្រៃ ប្រភេទ​សត្វ​កម្រ ចាប់ផ្តើម​ឃើញ​វត្តមាន​ច្រើន​ឡើងវិញ នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ យោងតាម​ទិន្នន័យ​រូបភាព ដែល​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បានដាក់​នៅតាម​តំបន់ការពារធម្មជាតិ ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត និង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល បាន​រកឃើញ​វត្ត​មាននៃ​សត្វ​ឆ្កែព្រៃ​។ ទោះបីជា​មិនទាន់​សូវ​សំបូរ តែ​ជា​ដំណឹង​ដ៏​ល្អ…

​រាជធានី​ភ្នំពេញ​៖ យោងតាម​ទិន្នន័យ​រូបភាព ដែល​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន បានដាក់​នៅតាម​តំបន់ការពារធម្មជាតិ ក្នុង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត និង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល បាន​រកឃើញ​វត្ត​មាននៃ​សត្វ​ឆ្កែព្រៃ​។ ទោះបីជា​មិនទាន់​សូវ​សំបូរ តែ​ជា​ដំណឹង​ដ៏​ល្អ សម្រាប់​អ្នក​អភិរក្ស និង​អ្នក បរិស្ថាន​និយម​។

ក្រសួងបរិស្ថាន បានប្រកាស​ពី​ដំណឹង​នេះ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ដោយ​បង្ហាញ​មោទកភាព​ថា នេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ដៃគូ​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅ​កម្ពុជា​ក្រោយ​កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា មានឱកាស​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផែនការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ខ្លួន​មាន ហើយ​បច្ចុប្បន្ននេះ បាន និង​កំពុងតែ​ទទួលបាន​នូវ​ផ្លែផ្កា​។

ក្រសួងបរិស្ថាន ប្រកាសថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ឆ្កែព្រៃ​ត្រូវបាន​ក្រុម​អ្នកជំនាញ​ថតរូប​បាន តាម​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុង​ខេត្តពោធិ៍សាត់ និង​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។

ក្រៅពី​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គេ​ឃើញ​វត្តមាន​នៃ​សត្វ​ឆ្កែព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ផ្សេងទៀត ក្នុង​តំបន់​ទេសភាព ខ្ពស់​រាប​ភាគ​ខាងកើត ដូច​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ជាដើម​ដែល​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ បាន​ចាប់បាន​រូបភាព​នៃ​ប្រភេទ​សត្វ​ទាំងនេះ​រួម​នឹង កូនតូចៗ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ក្រសួងបរិស្ថាន​។​

​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ​ប្រភេទ​សត្វ​កម្រៗ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​បាន​ថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជា​ពពួក​មំ​សា​សត្វ​មាឌធំ និង​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ (Endangered) នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN​។

ឆ្កែព្រៃ​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ និង​ព្រៃ​ល្បោះ​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា​។ លោក​បន្តថា​ឆ្កែព្រៃ​ខុសពី​សត្វ​ចចក វា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​ធំៗ​អាចមាន​រហូតដល់​ជាង​ដប់​ក្បាល ដែល​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រមាញ់​ចំណី (​ជាពិសេស​ប្រភេទ​សត្វ​មាឌធំ​) និង​ទប់​ទល់នឹង​សត្រូវ​។ លោក​បាន​បន្តថា កត្តា​គំរាមកំហែង​ដល់​សត្វ​ឆ្កែព្រៃ​មានដូចជា ការដាក់​អន្ទាក់ បាត់បង់​ទីជម្រក បាត់បង់​សត្វ​ដែលជា​ចំណី (​ពពួក​ស​ត្ច​ក្រចកជើង​ចំ​ពាម​) ការចម្លង​ជំងឺ​ពី​ឆ្កែស្រុក​ដែល​ត្រូវបាន​យក​ចូលក្នុង​ព្រៃ​ក្នុង​គោលបំណង​ផ្សេងៗ​។

មានការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ស្តីពី​របប​អាហារ​របស់​សត្វ​ឆ្កែព្រៃ (២០១៣-២០១៥) ដោយ​លោក Jan F. Kamler បាន​បង្ហាញថា សត្វ​ឆ្កែព្រៃ​ភាគច្រើន​ស៊ី​ឈ្លូស ជ្រូកព្រៃ និង​សត្វ​ទន្សោង ជា​អាហារ​។

​តាម​ការបញ្ជាក់​របស់​លោក ពិន ច័ន្ទ​រតនា តំបន់​ណា ដែល​សំបូរ​ដោយ​វត្តមាន​ខ្លារខិន នោះ​នឹង​មិនសូវ​សំបូរ​វត្តមាន​សត្វ​ឆ្កែព្រៃ​ឡើយ ព្រោះ​សត្វ​ទាំងពីរ​ប្រភេទ​នេះ​ស្វែងរក​អាហារ​ដូចគ្នា​៕​សុខ សា​រ៉ា​យ​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ