ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​អេ​ដស៍​នៅ​កម្ពុជា​ ៖ ព​ន្លឿ​ន​សកម្មភាព​ដើម្បី​ធានា​បាន​នូវ​អនាគត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ក្រោយ​នេះ កម្ពុជា​នឹង​ដល់​ខួប​២៥​ឆ្នាំ គិត​ចាប់តាំងពី​ករណី​មេរោគ​អេ​ដស៍​ដំបូង​បំផុត​ត្រូវ​បាន​រាយការណ៍ ហើយ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ជាតិ​របស់​ប្រទេស​នេះ បាន​ឈាន​ចូល…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ក្រោយ​នេះ កម្ពុជា​នឹង​ដល់​ខួប​២៥​ឆ្នាំ គិត​ចាប់តាំងពី​ករណី​មេរោគ​អេ​ដស៍​ដំបូង​បំផុត​ត្រូវ​បាន​រាយការណ៍ ហើយ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ជាតិ​របស់​ប្រទេស​នេះ បាន​ឈាន​ចូល​យ៉ាង​លឿន​ជា​សកម្មភាព ក្លាយជា​ប្រទេស​ដែល​មានជោគ​ជ័យ​បំផុត​នៅ​ក្នុង​តំបន់ ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ។ ចលនា​ដែល​បាន​មក​ពី​កិច្ចសហការ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល ដើម្បី​សម្រេច​បាន​គោលដៅ​រួម បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ ព្រមទាំង​បាន​ប្រែក្លាយ​មុខមាត់​នៃ​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ពី​ការ​ភ័យ​ខ្លាច ការ​ឈឺចាប់ និង​ភាព​ឯកោ ទៅ​ជា​ការ​រស់នៅ​ដោយ​វិជ្ជមាន ភាព​ជា​អ្នកដឹកនាំ និង​ការ​ចូលរួម​របស់​សហគមន៍ ។

នៅ​ក្នុង​ឱកាស​ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ពិភពលោក​ឆ្នាំ​២០១៥​នេះ យើង​អាច​ចូលរួម​អបអរសាទរ​វឌ្ឍនភាព​រយៈពេល​មួយ​ឆ្នាំ​ទៀត​៖ ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដោយ​ផ្តល់​អាទិភាព​ទៅ​លើ​សេវាកម្ម​ដែល​ផ្តោត​លើ​ប្រជាជន​គោលដៅ​សំខាន់​ៗ​ដែល​ប្រឈម​មុខ​ខ្ពស់ លើកទឹកចិត្ត​ដល់​ការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ និង​ការ​ចុះ​ឈ្មោះ​ក្នុង​ការ​ទទួល​ការ​ព្យាបាល​ពាក់ព័ន្ធ​នឹង​មេរោគ​អេ​ដស៍ លើកកម្ពស់​ចំណេះដឹង និង​តម្រូវការ​សម្រាប់​សេវា​ក្នុង​ចំណោម និង​ជាមួយ​សហគមន៍ សាកល្បង​គំនិត​ថ្មី​ៗ​សម្រាប់​ការ​បង្ការ  រួម​ទាំង​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ​រួម​បញ្ចូល និង​មាន​ប្រសិទ្ធ​ផល​សម្រាប់​ការ​ថែទាំ និង​គាំទ្រ កៀរគរ​ធនធាន កែ​លម្អ​ព័ត៌មាន​ជា​យុទ្ធសាស្ត្រ ព្រមទាំង​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​សមភាព​យេ​ន​ឌ័​រ ។

អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​ក្នុង​ចំនួន​យ៉ាងច្រើន ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ឃុំ​រកា ខេត្តបាត់ដំបង ៩០% នៃ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​នៅ​ក្នុង​សហគមន៍​នេះ បាន​និង​កំពុង​ទទួល​ការ​ព្យាបាល និង​កំពុង​តែ​រៀន​រស់នៅ​ដោយ​វិជ្ជមាន​ជាមួយ​មេរោគ​អេ​ដស៍ ។ លទ្ធផល​នេះ​អាច​សម្រេច​បាន ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល រួម​ទាំង​សហគមន៍​ផង​ដែរ ដែល​បាន​ផ្តល់​សេវា​ចាំបាច់​នានា និង​ការ​គាំទ្រ​ដល់​សមាជិក​សហគមន៍​រកា ដែល​បាន​រង​ផល​ប៉ះពាល់​ពី​មេរោគ​អេ​ដស៍ ។ វា​គឺជា​ការ​វិនិយោគ​រយៈពេល​វែង​មួយ​ដើម្បី​ធានា​ថា អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា បន្ត​ការ​ព្យាបាល​ជា​រៀងរាល់ថ្ងៃ ការពារ​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់​របស់​ពួក​គេ ព្រមទាំង​ធានា​ថា​មេរោគ​អេ​ដស៍​មិន​រារាំង​ដល់​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិត​របស់​ពួក​គេ ។ គួរ​ឱ្យ​សោកស្តាយ ការ​មាក់ងាយ និង​ការ​រើសអើង នៅ​តែ​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ជួប​ការ​ប្រឈម ។ ដោយ​មិន​គិត​ថា​ពួក​គេ​ស្ថិត​នៅ​ទីណា​នោះ​ទេ​នៅ​ប្រទេស​នេះ អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ និង​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ សម​នឹង​ទទួល​បាន​នូវ​ជីវិត​ពេញលេញ​មួយ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ និង​ការ​រួម​បញ្ចូល ព្រមទាំង​ទទួល​បាន​សេវា​សុខភាព​រយៈពេល​វែង ប្រកបដោយ​គុណភាព សំណាញ់​សុវត្ថិភាព​សង្គម​គ្រប់គ្រាន់ មុខរបរ និង​ឱកាស​ការងារ​ស្មើគ្នា​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​សិទ្ធិ​មនុស្ស​របស់​ពួក​គេ ត្រូវ​បាន​គោរព​យ៉ាង​ពេញលេញ ។ មក​ដល់​ពេល​នេះ ប្រជាជន​កម្ពុជា​ខ្លះ​បាន​និង​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​រយៈពេល​២០​ឆ្នាំ​មក​ហើយ ហើយ​ទោះបីជា​មេរោគ​អេ​ដស៍​បាន​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​មានការ​ផ្លាស់​ប្តូរ​ក្តី តាម​រយៈ​ភាព​អត់ធន់ និង​សេចក្តី​ក្លាហាន​របស់​ពួក​គេ បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​ឱកាស​វិញ ។ បទ​ពិសោធន៍​របស់​ពួក​គេ​នៅ​ក្នុង​ការ​កសាង​ជីវិត​បច្ចុប្បន្ន​និង​អនាគត​ជា​វិជ្ជមាន​មួយ ផ្តល់​ព័ត៌មាន និង​រួមចំណែក​ដល់​ការ​ឆ្លើយ​តប​របស់​ប្រទេស តាម​រយៈ​សេវា​ដែល​ដឹកនាំ​ដោយ​សហគមន៍ ការ​គាំទ្រ​ពី​មិត្ត និង​ការ​កាត់​បន្ថយ​ការ​មាក់ងាយ និង​ការ​រើសអើង​ចំពោះ​អ្នក​ដែល​ទើប​រង​ផល​ប៉ះពាល់​ថ្មី​ៗ នៅ​តែ​ជា​បំណងប្រាថ្នា​មួយ និង​ជា​ទ្រព្យសម្បត្តិ​មួយ​ដែល​ត្រូវ​កោតសរសើរ​នៅ​ក្នុង​ឱកាស​ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ពិភពលោក​នេះ ។

វឌ្ឍនភាព​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ នៅ​ក្នុង​ការ​កំណត់​ពី​ការ​ត្រៀម​រៀបចំ​ឱ្យ​មាន​និរន្តរភាព​នៃ​ការ​ឆ្លើយ​តប​នឹង​ជំងឺអេដស៍​របស់​ជាតិ​៖ ការ​បង្កើន​ថវិកាជាតិ ការ​រៀបចំ​ផែនការ​ដើម្បី​ធានា​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​គ្រប់គ្រាន់ ឱសថ​និង​សម្ភារ​បរិក្ខារ ដែល​មាន​តម្លៃ​សមរម្យ  ប្រសិទ្ធ​ផល​តម្លៃ សមាហរណកម្ម និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ឈ្នះ​-​ឈ្នះ​-​ឈ្នះ រវាង​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ី​វិល និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​មេរោគ​អេ​ដស៍ ។ នៅ​ឯ​កិច្ច​សន្ទនា​នា​ពេល​ថ្មី​ៗ​មួយ ស្តី​ពី​និរន្តរភាព​នៃ​ការ​ឆ្លើយ​តប​នឹង​ជំងឺអេដស៍​ថ្នាក់​ជាតិ លោក អៀង ម៉ូ​លី ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អំពាវនាវ​ឱ្យ​មាន «​ការ​ចូលរួម​ក្នុង​ក្បួន​លើ​វិ​ថី​មួយ​ឆ្ពោះទៅ​រក​អនាគត​ដើម្បី​ប្រឆាំង​នឹង​ពេលវេលា ក្នុង​គោលបំណង​កៀរគរ​ធនធាន​ទាំងអស់ (​សម្ភារ បញ្ញា​ស្មារតី វប្បធម៌ ផ្លូវ​អារម្មណ៍ យុទ្ធសាស្ត្រ និង​ថែម​ទាំង​ធនធាន​សាសនា​ផង​ដែរ​) ព្រមទាំង​ដាក់​ពង្រាយ​ធនធាន​ទាំងនេះ​ដើម្បី​ប្រែក្លាយ​វិបត្តិ​នៃ​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ទៅ​ជា​ឱកាស​… យើង​ត្រូវ​តែ​ចាត់​ទុក​វា​ជា​បញ្ហា​របស់​យើង ហើយ​យើង​ត្រូវ​តែ​ធ្វើ​ជា​ម្ចាស់​លើ​អនាគត​របស់​យើង ដូច​គ្នា​នឹង​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​យើង ដីធ្លី​របស់​យើង មរតក​របស់​យើង និង​វប្បធម៌​របស់​យើង​ដែរ​» ។

ជា​ការ​គួរ​ឱ្យ​ស្តាយ ការ​ដង្ហែ​ក្បួន​ប្រកបដោយ​ក្តី​សង្ឃឹម​ទៅ​ក្នុង​អនាគត​មួយ ដែល​ការ​រីក​រាលដាល​នៃ​ជំងឺអេដស៍​លែង​ជា​ការ​គំរាមកំហែង​ផ្នែក​សុខភាព​សាធារណៈ​មួយ នៅ​តែ​ជា​ជំហាន​ថយក្រោយ នៅ​ពេល​ក្រុម​ប្រជាជន​ដែល​ងាយ​រង​គ្រោះ រួម​ទាំង​ស្ត្រី​ធ្វើការ​ក្នុង​សេវា​កម្សាន្ត មនុស្ស​បំ​លែង​ភេទ បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស អ្នក​ប្រើ​គ្រឿងញៀន អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ និង​ក្រុម​ងាយ​រង​គ្រោះ​ដទៃ​ទៀត ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មិន​រើសមុខ និង​ឃុំខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សុខភាព​របស់​ពួក​គេ និង​សុខភាព​សាធារណៈ អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ខ្លះ ខកខាន​ការ​ព្យាបាល​មេរោគ​អេ​ដស៍​ក្នុង​ការ​សង្គ្រោះ​ជីវិត និង​អាច​នឹង​មានការ​កើនឡើង​នូវ​ការ​ប្រឈម​ដោយ​មនុស្ស​ផ្សេង​ទៀត មិន​បាន​ចេញ​មក​ទទួល​សេវា​អប់រំ​បង្ការ ដោយសារ​ការ​ភ័យ​ខ្លាច ក្នុង​ការ​ក្លាយជា​គោលដៅ​នៃ​ការ​ចាប់​ប្រមូល​នៅ​តាម​ដងផ្លូវ ។ បញ្ហា​នេះ​ជា​ការ​ខាតបង់​សម្រាប់​មនុស្ស​គ្រប់​រូប និង​កាត់​បន្ថយ​ប្រសិទ្ធភាព​ការ​វិនិយោគ និង​ផល​ចំណេញ​ដែល​បាន​មក​ដោយ​លំបាក​នៅ​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍ ព្រមទាំង​នៅ​ក្នុង​ការ​រំដោះប្រជាជន​ចេញពី​ភាព​ក្រីក្រ ។ យើង​អាច និង​គួរតែ​ធ្វើ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ ដោយ​ផ្តល់​ដល់​ប្រជាជន​ប្រឈម​មុខ​នូវ​ជម្រើស​ផ្សេង​ទៀត​សម្រាប់​ជីវិត​មួយ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ក្តី​សង្ឃឹម និង​សិទ្ធិ​អំណាច​ដើម្បី​សម្រេច​បាន​សក្តានុពល​ពេញលេញ​របស់​ពួក​គេ ក្នុង​នាម​ជា​មនុស្សជាតិ ។

នៅ​ក្នុង​ខែកញ្ញា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​១៩៣ ដែល​ជា​រដ្ឋ​សមាជិក​របស់​អង្គការសហប្រជាជាតិ ដែល​បាន​អនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ប្តេជ្ញា​ចិត្ត​បញ្ចប់​ការ​រីក​រាលដាល​ជំងឺអេដស៍ ដែល​ជា​ការ​គំរាមកំហែង​ផ្នែក​សុខភាព​សាធារណៈ​មួយ​ត្រឹម​ឆ្នាំ​២០៣០ ។ ទោះបីជា​គោលដៅ​នេះ​មាន​លក្ខណៈ​មហិច្ឆតា​ក្តី វា​អាច​សម្រេច​បាន​តាម​រយៈ​វិធីសាស្ត្រ​រហ័ស​មួយ​ដោយ​ព​ន្លឿ​ន​សកម្មភាព និង​ការ​វិនិយោគ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ។ ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ខ្លាំង​ជាង​ពេល​កន្លង​មក ដោយ​មាន​គោលបំណង​សម្រេច​បាន​គោលដៅ​នេះ នៅ​មុន​ចំណុច​ដៅ​សាកល ។

នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​នៃ​ប្រវត្តិ​ជំងឺអេដស៍ ដឹកនាំ​ជា​គំរូ ក្លាយជា​គំរូ​មួយ​សម្រាប់​តំបន់ និង​ពិភពលោក ។ ទោះបីជា​យ៉ាងនេះ​ក្តី បញ្ហា​ជំងឺអេដស៍ និង​ការ​ទទួលខុសត្រូវ​របស់​យើង​មិន​ទាន់​ចប់​ទេ រហូត​ដល់​ពេល​មនុស្ស​គ្រប់​រូប​មាន​សុវត្ថិភាព ។ នេះ​គឺជា​អ្វី​ដែល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្តេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន ហើយ ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ពិភពលោក គឺជា​ឱកាស​មួយ​ដើម្បី​ថ្លែងអំណរគុណ​ដល់​មនុស្ស​គ្រប់​រូប ដែល​បាន​រួមចំណែក​ដល់​វឌ្ឍនភាព​ដ៏​រហ័ស​នេះ ។ សូម​ចូលរួម​ជាមួយ​យើង នៅ​ក្នុង​ក្បួន​ដ៏​អធិកអធម និង​គ្រប់​ជំហាន​នីមួយ​ៗ​នៃ​វិ​ថី​នេះ ត្រូវ​ជ្រើសរើស​យក​ជីវិត​នៃ​សេចក្តី​ថ្លៃថ្នូរ សម្រាប់​មនុស្ស​គ្រប់​រូប ។ នៅ​ក្នុង​យុគសម័យ​ថ្មី គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្រុម​ដែល​ងាយ​រង​គ្រោះ​បំផុត​ជា​ក្រុម​ដែល​ត្រូវ​យកចិត្តទុកដាក់​មុនគេ ។ នេះ​គឺជា​វិធី​តែ​មួយ​គត់​សម្រាប់​យើង​ទាំងអស់​គ្នា ជា​ពិសេស មនុស្ស​ជំនាន់​ថ្មី ដើម្បី​បញ្ចប់​ការ​រីក​រាលដាល​ជំងឺអេដស៍ ដែល​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ ត្រឹម​ឆ្នាំ​២០៣០ ៕

លោកស្រី ម៉ា​រី អូ​ឌី​ល អេ​ម៉ុ​ន​ដ៏ ប្រធាន​ក្រុម​រួម​គ្នា​នៃ​អង្គការសហប្រជាជាតិ​ស្តី​ពី​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ និង​ជា​នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ UNAIDS