ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច ៖ កូ​វី​ដ​១៩ សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ​ដដែល ក្នុង​រយៈពេល​៥​ខែ ខណៈ​សង្ឃឹមថា កំណើនសេដ្ឋកិច្ច​៤% នៅ​តែ​សម្រេច​បាន

2 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ទោះ​កូ​វី​ដ​-១៩ ក៏​សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ​ដដែល ក្នុង​រយៈពេល​៥​ខែ ខណៈ​សង្ឃឹមថា កំណើនសេដ្ឋកិច្ច​៤% នៅ​តែ​សម្រេច​បាន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ទោះ​កូ​វី​ដ​-១៩ ក៏​សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ​ដដែល ក្នុង​រយៈពេល​៥​ខែ ខណៈ​សង្ឃឹមថា កំណើនសេដ្ឋកិច្ច​៤% នៅ​តែ​សម្រេច​បាន​។

លោក វ​ង្ស៉ី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១ សេដ្ឋកិច្ច​កម្ពុជា​ប៉ះពាល់​ដោយ​ព្រឹត្តិការណ៍​២០​កុម្ភៈ ក៏​នៅ​តែ​រឹង​មាំ​ដដែល ហើយ​លោក​សង្ឃឹមថា សេដ្ឋកិច្ច​កម្ពុជា​កើន​៤% ឆ្នាំ​២០២១​នោះ នៅ​តែ​សម្រេច​បាន​ដដែល​។

លោក​រដ្ឋលេខាធិការ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ចំនួន​១​លាន​ដូ​ស ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន នា​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ថា ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា អាច​ទប់ទល់​បាន ប៉ុន្ដែ​មិនល្អ​ដូច​តាម​ការ​រំពឹង​ទុក​ទាំងស្រុង​ឡើយ​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​នេះ ឆ្លុះ​កញ្ចាំង​ថា សេដ្ឋកិច្ច​កម្ពុជា ទោះបីជា​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ ព្រឹត្តិការណ៍​២០​កុម្ភៈ ក៏​ដោយ ពី​ការ​បិទ​ខ្ទប់​ក៏​ដោយ ប៉ុន្ដែ​នៅ​តែ​មាន​សមត្ថភាព​មួយរ​ស់បាន​។ ការ​នាំ​ចេញ​៥​ខែ​នេះ បាន​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​នៅ​រឹង​មាំ​ត្រង់​ថា ទំនិញ​ដែល​យើង​នាំ​ចេញ​ទៅ​ក្រៅ​នៅ​កើន​១៧% ក្នុង​ទំហំ​ទឹកប្រាក់ ៣ ទៅ​៤​ពាន់​លាន​ដុល្លារ បើ​យើង​និយាយ​កំណើន​វិញ អត់​ធ្លាក់​ទេ​»​។

លោក​បន្ដ​ថា ការ​នាំ​ចេញ ខាវ អាវ ទៅ​ក្រៅប្រទេស ស្នើ​នឹង​ប្រហែល​ឆ្នាំ​២០២០ ហើយ​ទំនិញ​មិនមែន ខាវ អាវ កើន​៥២% ក្នុង​បរិក្ខារ​កូ​វី​ដ​-១៩​នេះ​។ លោក​ថា ក្នុង​នោះ កម្ពុជា​ក៏​បាន​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា​វិស័យ​ទេសចរណ៍ ជាដើម​។

លោក​បញ្ជាក់​បន្ថែម​ថា «​ក្នុង​រយៈពេល​៥​ខែ​នេះ យើង​បង្ហាញ​ថា ទប់ទល់​បាន មិន​ធ្លាក់​ខ្លាំង​ពេក​ទេ ប៉ុន្ដែ​បើ​ធៀប​អ្វី​ដែល​យើង​គ្រោងទុក​ពី​ដើមឆ្នាំ​មក ៤% នេះ​មានការ​ប៉ះពាល់​ហើយ ប៉ុន្ដែ​ការ​ប៉ះពាល់​នេះ យើង​ត្រូវ​រង់ចាំ​ដល់​ចុងឆ្នាំ​ទៀត បើសិនជា​ងើប​បានជា​សេដ្ឋកិច្ច ក្នុង​អំឡុង​ខែ​៩ ឬ​ខែ​១០​វិញ ដូច្នេះ យើង​នៅ​តែ​មាន​សង្ឃឹមថា ៤%​នេះ ឆ្នាំ​នេះ នៅ​តែ​សម្រេច​បាន ប៉ុន្ដែ​អាស្រ័យ​នៃ​ការ​ផ្ទុះ​របស់​យើង នៅ​រយៈពេល​ប៉ុន្មាន បើ​ផ្ទុះ​រហូត​របៀប​នេះ​ពិបាក​»​។

ជាង​នេះ​ទៅ​ទៀត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច ក៏​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន ជា​ប្រភព​សំខាន់​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​រុញ​កំណើនសេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា តាម​រយៈ ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ចសហការ​ផ្សេង​ៗ​ទៀត ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ