ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ម៉ា​ហ្វ៊ី​យ៉ា​អីុ​តា​លី​ស្អប់​អ្នកកាសែត​ដល់​ឆ្អឹង

8 ឆ្នាំ មុន

អ្នកកាសែត​អីុ​តា​លី កាន់តែ​ក្លាយជា​មុខសញ្ញា​ត្រូវ​គំរាម​យក​ជីវិត ច្រើន​ឡើង​ៗ ពី​ពួក​ម៉ា​ហ្វ៊ី​យ៉ា ដោយសារ​អត្ថបទ​សរសេរ​ហែក​កកាយ​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ ។ របាយ​ការណ៍ ថ្មី​ៗ​នេះ​របស់​គណៈកម្មការ​ប្រឆាំង​ម៉ា​ហ្វ៊ី​យ៉ា​របស់​សភា​អីុតា​លី បានឱ្យ​ដឹង​ថា ជា​មធ្យម​ក្នុង​រយៈពេល​២​ថ្ងៃ…

អ្នកកាសែត​អីុ​តា​លី កាន់តែ​ក្លាយជា​មុខសញ្ញា​ត្រូវ​គំរាម​យក​ជីវិត ច្រើន​ឡើង​ៗ ពី​ពួក​ម៉ា​ហ្វ៊ី​យ៉ា ដោយសារ​អត្ថបទ​សរសេរ​ហែក​កកាយ​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ ។ របាយ​ការណ៍ ថ្មី​ៗ​នេះ​របស់​គណៈកម្មការ​ប្រឆាំង​ម៉ា​ហ្វ៊ី​យ៉ា​របស់​សភា​អីុតា​លី បានឱ្យ​ដឹង​ថា ជា​មធ្យម​ក្នុង​រយៈពេល​២​ថ្ងៃ មាន​៣​ករណី​គំរាម​សម្លាប់​អ្នកកាសែត ។

ចុងឆ្នាំ​២០១៤ អ្នកកាសែត​អីុ​តា​លី​ម្នាក់​ឈ្មោះ Roberto Saviano បាន​សរសេរ​សៀវភៅ​មាន​ចំណងជើង Gomorrah ពណ៌នា​លម្អិត​ពី​ការ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​យ៉ាង​កោលាហល​​របស់​ពួក​ម៉ា​ហ្វ៊ី​យ៉ា​សាហាវឃោរឃៅ​ពី​ក្រុម​នៅ​ក្រុង Naples ។ សៀវភៅ​នោះ​ចេញ​លក់​ភ្លាម​ក្លាយជា​សៀវភៅ​លក់ដាច់​បំផុត​នៅ​អីុ​តា​លី ។ ប៉ុន្តែ​តម្លៃ​នៃ​ភាព​ល្បីល្បាញ​ដែល Roberto Saviano ត្រូវ​សង​វិញ មាន​ទំហំ​ធំ​សម្បើម គឺ​ត្រូវ​ពួក​ម៉ា​ហ្វ៊ី​យ៉ា​កាត់ទោស​ប្រហារជីវិត​ឱ្យ​បាន​ដាច់ខាត ធ្វើ​ឱ្យ​អ្នកកាសែត​រូប​នេះ​ត្រូវ​ពឹង​ប៉ូលិស​ជួយ​ការពារ​ខ្លួន បន្ទាប់​ពី​រក​ជួល​ផ្ទះ​ដើម្បី​ប្តូរ​ទីលំនៅ​អត់​បាន ។ Roberto Saviano ត្រូវ​បង្ខំចិត្ត​ជ្រក​តាម​ស្ថានីយ​ប៉ូលិស អស់ពី​ស្ថានីយ​មួយ​ដល់​ស្ថានីយ​មួយ ។ មុន​ពេល​ចូល​ជ្រក​នៅ​តាម​ស្ថានីយ​ប៉ូលិស រូបគេ​សាកល្បង​ដោះស្រាយ​ដោយ​ខ្លួនឯង គឺ​ជួល​ផ្ទះ​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ ប៉ុន្តែ​គ្រប់​ម្ចាស់ផ្ទះ​ជួល​ដែល​ដឹង​រឿង អត់​អ្នក​ណា​ហ៊ាន​ជួល​ឱ្យ​សោះ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួនឯង ។ វៀរលែងតែ​ម្ចាស់ផ្ទះ​ណា​អត់​ទាន់​ដឹង​រឿង​ទើប​ព្រម​ជួល​ឱ្យ លុះ​ជួល​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ដឹង​រឿង​នេះ​តាម​ក្រោយ​ក៏​ប្រញាប់​ប្រញាល់​អង្វរ Roberto Saviano ឱ្យ​ចេញ​ទៅ​វិញ​ឱ្យ​ឆាប់ គឺ​កាន់តែ​ឆាប់​កាន់តែ​ល្អ ។

ចំពោះ Roberto Saviano ទោះបី​ធ្លាក់ខ្លួន​ក្នុង​ស្ថានភាព​ស្ទើរ​អស់​ផ្លូវ​ដើរ​ដូច្នេះ​ក្តី គេ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​ពួក​ម៉ា​ហ្វ៊ី​យ៉ាដល់ទី​បញ្ចប់ អត់រា​ថយ​ដាច់ខាត ។ គេ​ចេញផ្សាយ​សៀវភៅ​ទី​ពីរ​ទៀត មាន​ចំណងជើង «​ផ្ទុយ​ពី​ការ​ស្លាប់ រូបភាព​ជីវិត​នៅ​ក្រុង Naples» ជា​សៀវភៅ​ពណ៌នា​ពី​ជន​រង​គ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​របស់​ពួក​ម៉ា​ហ្វ៊ី​យ៉ា​នៅ​ក្រុង Naples ។ មិនតែប៉ុណ្ណោះ រូបគេ​សន្យា​ជាមួយ​អ្នក​អាន​របស់​ខ្លួន​ថា នឹង​ចេញផ្សាយ​សៀវភៅ​ទី​បី​ទៀត ជា​សៀវភៅ​បកអាក្រាត​ការ​សហការ​គ្នា​រវាង​ម៉ា​ហ្វ៊ី​យ៉ា​ម៉ិ​ច​ស៊ិ​ក និង​ម៉ាហ្វ៊ី​យ៉ា​អីុ​តា​លី ។ កាសែត Guardian បានឱ្យ​ដឹង​ថា សព្វថ្ងៃ​អ្នកកាសែត​អីុតា​លី​ប្រហែល​២០​នាក់ កំពុង​ស្ថិត​ក្រោម​ការ​ការពារ​ពី​កម្លាំង​ប៉ូលិស​, បើ​គ្មាន​ប៉ូលិស​ជួយ​ការពារ​ទេ អ្នកកាសែត​ទាំងនោះ​មុខជា​អស់​ជីវិត​ដោយសារ​ការ​សងសឹក​របស់​ពួក​ម៉ាហ្វ៊ី​យ៉ា ។

របាយការណ៍​របស់​គណៈកម្មការ​ប្រឆាំង​ម៉ា​ហ្វ៊ី​យ៉ា​របស់​សភា​អីុ​តា​លី បាន​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​រហូត​ដល់​សព្វថ្ងៃ​មាន ២.០៦០​ករណី ពួក​ម៉ា​ហ្វ៊ី​យ៉ា​គំរាម​សម្លាប់​​អ្នកកាសែត ។ ធ្ងន់​ជាងគេ​គឺ​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ ដោយ​រយៈពេល​នោះ​មាន​៤២១​ករណី​គំរាម​សម្លាប់​អ្នកកាសែត​, គិត​ជា​មធ្យម​២​ថ្ងៃ​មាន​៣​ករណី​គំរាម​សម្លាប់ ។ គេ​ដឹង​ថា ការ​គំរាម​សម្លាប់​អ្នកកាសែត​មាន​ច្រើន​រូបភាព មាន​តាំងពី​ហៅ​ទូរស័ព្ទ​លាក់​ឈ្មោះ​គំរាម​សម្លាប់ ចំ​ៗ​ឬ​គំរាម​សម្លាប់​គ្រួសារ​, ដុត​រថយន្ត​អ្នកកាសែត​, វាយប្រហារ​ផ្ទះ​ដែល​អ្នកកាសែត​រស់នៅ រហូត​ដល់​ផ្ញើ​សំបុត្រ​គំរាម​ដោយ​មាន​ដាក់​គ្រាប់កាំភ្លើង​ក្នុង​ស្រោមសំបុត្រ​។ តំបន់​គ្រោះថ្នាក់​ជាងគេ​សម្រាប់​អ្នកកាសែត​គឺ Sicily និង Calabria ទឹកដី​ផ្តល់​កំណើត​ដល់​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា​២​ក្រុម​ធំ​ជាងគេ សាហាវ​ជាងគេ គឺ​ក្រុម Cosa Nostra និង​ក្រុម Nolrangheta ។ តាម​ស​ន្ទ​ស្សន៍​សេរីភាព​កាសែត​ក្នុង​ឆ្នាំ​២០១៤ គឺ​អីុ​តា​លី​ជាប់​ចំណាត់ថ្នាក់​លេខ​៧៣​ក្នុង​ចំណោម​១៨០​ប្រទេស ។

ត្រឡប់​មក​រឿង​អ្នកកាសែត Roberto Saviano វិញ ។ ក្នុង​ការ​បង្ហាញខ្លួន​ដោយ​កម្រ​បំផុត​នៅ​ចំពោះ​មុខការ​សម្ភាស​របស់​អ្នកកាសែត​ដូច​គ្នា​កាលពី​ខែសីហា ២០១៥ Roberto Saviano បានឱ្យ​ដឹង​ពី​ជីវិត​របស់​ខ្លួន​ដែល​កំពុង​ឆ្លងកាត់​ដោយ​បញ្ជាក់​ថា ខ្លួន​បាន​ប៉ូលិស​ជួយ​ការពារ​យ៉ាង​ដិត​ដល់​២៤​ម៉ោង​លើ​២៤​ម៉ោង ទោះ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​ដោយ ។ ប៉ូលិស​ហាម​ខ្លួន​និយាយ​ទូរស័ព្ទ​ទាក់ទង​ផ្ទាល់​ជាមួយ​ឪពុក​ម្តាយ​ដើម្បី​កុំឱ្យ​ពួក​គាត់​មាន​គ្រោះថ្នាក់ ។ ប៉ុន្តែ​ដោយសារ​មានអីុន​ធើ​រ​ណេ​ត និង​ការ​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​ពី​ថ្លើម​របស់​ប៉ូលិស ព្រមទាំង​មិត្តភក្តិ ខ្លួន​នៅ​តែ​អាច​ទាក់ទង​ឪពុក​ម្តាយ​បាន​ធម្មតា ។ និង​អាច​ទាក់ទង​ពិភព​ខាងក្រៅ​បានជា​ធម្មតា មិនតែប៉ុណ្ណោះ​អាច​តាមដាន​សកម្មភាព​របស់​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ទៀត​ផង ។ Roberto Saviano បញ្ជាក់​ច្បាស់​ថា ខ្លួន​មិន​ស្តាយក្រោយ​ចំពោះ​ការ​បកអាក្រាត​សកម្មភាព​របស់​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ទេ ហើយ​ក៏​មិន​ខ្លាច​ការ​ចង់​សម្លាប់​របស់​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ដែរ​, ដាច់ខាត​ខ្លួន​នៅ​តែ​ជ្រើស​យក​ផ្លូវ​ដែល​ធ្លាប់​ដើរ​នេះ​ដដែល ៕