ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តពោធិ៍សាត់ នាំមុខគេក្នុងការបង្កាត់ពូជគោសិប្បនិម្មិតដែលធ្វើឱ្យជីវភាពកសិកររីកចម្រើន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបង្កាត់សិប្បនិម្មិតគោ-ក្របី (Artificial Insemination, AI) គឺជាបច្ចេកទេសមួយដែលត្រូវបានគេអនុវត្តជាសកលក្នុងឧស្សាហកម្មចិញ្ចឹមគោ យកសាច់ និងទឹកដោះ ដោយសារបច្ចេកទេសនេះបានផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការបង្កើនចំនួនសត្វបានច្រើន…

រាជធានីភ្នំពេញ ៖ ការបង្កាត់សិប្បនិម្មិតគោ-ក្របី (Artificial Insemination, AI) គឺជាបច្ចេកទេសមួយដែលត្រូវបានគេអនុវត្តជាសកលក្នុងឧស្សាហកម្មចិញ្ចឹមគោ យកសាច់ និងទឹកដោះ ដោយសារបច្ចេកទេសនេះបានផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការបង្កើនចំនួនសត្វបានច្រើន និងលឿន កូនគោកើតមួយឆ្នាំ ១ ក្បាល ការរីកសាយភាពពូជគោល្អបានទូលំទូលាយ សុវត្ថិភាពក្នុងអំឡុងពេលប្រតិបត្តិកាត់បន្ថយ និងគ្រប់គ្រងការឆ្លងជំងឺសត្វ ជាដើម ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០០៦ ក្រោមជំនួយគាំទ្ររបស់សហភាពអឺរ៉ុប គម្រោងកម្មវិធីបង្កាត់សិប្បនិម្មិតគោក៏បានលេចចេញជារូបរាងដំបូងបំផុតនៅខេត្តពោធិ៍សាត់ បន្ទាប់មកទៀតនៅខេត្តតាកែវ និងបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ ។ ក្នុងអំឡុងពេលនោះ កម្មវិធីបានប្រើប្រាស់ទឹកមេជីវិតបង្កកទិញមកពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីដូចជាពូជគោ ស៊ីមប្រា និងសាន់តា ពូជប្រាម៉ាន់ ពូជស៊ីម៉េនតែល លីមុយស៊ីន និងពូជនាំចូលពីប្រទេសជិតខាងផងដែរ ។ ទោះជាយ៉ាងណា ការអនុវត្តបច្ចេកទេសបង្កាត់សិប្បនិម្មិតនេះនៅមានកម្រិត ដោយសារខ្វះអ្នកបច្ចេក ទេស និងសមត្ថភាពក៏នៅមានកម្រិត ខ្វះថវិកាក្នុងការផលិត ឬទិញទឹកអាហ្សូត (Nitrogen) និងថវិកាទិញទឹកមេជីវិតបង្កក (Frozen Semen) មកប្រើប្រាស់ ។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា រហូតមដល់ពេលនេះ កម្ពុជាមានមេគោក្នុងស្រុកចំនួន ៧ ៤២៣ ក្បាល ត្រូវបានបង្កាត់ ហើយក្នុងនោះមានមេចំនួន ៤ ៨៣៣ ក្បាល បានផ្តល់កំណើតកូន ដោយប្រើប្រាស់ពូជនាំចូល ។  ខេត្តដែលលេចធ្លោជាងគេ គឺខេត្តពោធិ៍សាត់ បង្កាត់បាន ១ ៨៨៣ ក្បាល ដោយបានផ្តល់កំណើតកូនគោចំនួន ១ ៦៦១ ក្បាល និងខេត្តតាកែវ បង្កាត់បាន ១ ៨៨៣ ក្បាល បានផ្តល់កំណើតកូនគោបានចំនួន ១ ៦៦១ ក្បាល ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានផលិតទឹកមេជីវិតនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្កកមេជីវិតចំនួន ៥ ៥៦០ ដើម និងផលិតទឹកអាហ្សូត ហើយនិងចែកចាយបានចំនួន ១០ ០០០លីត្រ ។

គម្រោងអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមគោ តាមរយ:ការកែលម្អពូជ ដោយធ្វើការជ្រើសរើស និងបង្កាត់ពូជតាមបែបសិប្បនិម្មិត គាំទ្រដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (International Atomic Energy Agency, IAEA) ។ ទីភ្នាក់ងារ IAEA បានឯកភាពផ្តល់ការគាំទ្រលើគម្រោងស្តីពីការកែលម្អពូជគោនៅកម្ពុជារយ:ពេល ៨ ឆ្នាំ និងបន្តរហូតដល់ឆ្នាំ ២០២២ ។

តាមរយៈគម្រោងនេះ វិទ្យាស្ថានផលិតកម្មសត្វ ត្រូវបានបង្កើតមន្ទីរពិសោធន៍កែច្នៃទឹកមេជីវិតគោបង្កកកម្រិតអន្តរជាតិពេញលេញមួយឡើងនៅឆ្នាំ ២០១៩ ដែលជាមន្ទីរពិសោធន៍ លើកតំបូងនៅប្រទេសកម្ពុជាដែលមានសមត្ថភាពកែច្នៃទឹកមេជីវិតគោ និងផលិតទឹកអាហ្សូត ដោយខ្លួនឯង បណ្តុះបណ្តាលបច្ចេកទេសបង្កាត់សិប្បនិម្មិតដល់មន្ត្រីពាក់ព័ន្ធ និងចែកចាយទឹកមេជីវិតបង្កក និងអនុវត្តការបង្កាត់ពូជគោនៅបណ្តាខេត្តមួយចំនួនក្នុងនោះមាន៖ ខេត្តពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ លើសពីនេះវិទ្យាស្ថានបានរៀបចំមន្ទីរពិសោធន៍សេនេទិចសត្វបន្ថែមទៀត ។ ដោយយល់ឃើញថា គម្រោងបានផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់វិស័យផលិតកម្មចិញ្ចឹមគោនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ទីភ្នាក់ងារ IAEA បានសន្យាថា នឹងធ្វើការគាំទ្របន្តទៀតរហូតដល់ឆ្នាំ ២០២២ ។ នេះបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕