ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់ស្រែត្រូវបានជំរុញគុណភាព និងការវេចខ្ចប់ ដើម្បីលើកកម្ពស់ជីវភាពអ្នកចិញ្ចឹម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងស្តីពី «ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ» បាននិងកំពុងអនុវត្តដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា ។ មានគ្រួសារកសិករប្រមាណជាង ៥៣ ៣០០…

រាជធានីភ្នំពេញ ៖ គម្រោងស្តីពី «ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ» បាននិងកំពុងអនុវត្តដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា ។ មានគ្រួសារកសិករប្រមាណជាង ៥៣ ៣០០ គ្រួសារ បានចូលរួមគម្រោងនេះ ។ គម្រោងនេះ បាននិងកំពុងជំរុញការវិនិយោគលើការកសាងសហគ្រាស កែច្នៃផលិតផលមាន់ស្រែខ្មែរ កសាងកសិដ្ឋានភ្ញាស់កូនមាន់ស្រែតាមស្តង់ដា និងបង្កើតសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម ។

គម្រោងថ្មីនេះ សង្ឃឹមថា នឹងលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ និងបច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុន វិនិយោគ ដោយបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្ម និងមន្រ្តីរបស់អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក ។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគំាទ្រគម្រោងនេះ និងបានលើកឡើងថា ការលើកកម្ពស់ខ្សែច្រវាក់ផលិតកសិកម្មដែលអង្គការហេហ្វឺអន្តរជាតិកម្ពុជា កំពុងអនុវត្តនេះមានសុគង្គតភាព ជាមួយកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយគិតចាប់តាំងពីដំណាក់កាលផលិត ក្រោយពេលប្រមូលផល និងចរាចរណ៍នៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលខ្ពស់ និងប្រាក់ចំណេញច្រើនដល់កសិករ និងភាពជោគជ័យរបស់គម្រោង ។

នៅពេលអនាគតដ៏ខ្លី គម្រោងនឹងពង្រីកលទ្ធភាពឲ្យដល់ផលិតកម្ម គោយកសាច់ផងដែរ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម សង្ឃឹមថាអង្គការនឹងបន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ មកកាន់ទីផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងសាខាលក់រាយផ្សេងៗទៀត ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេល កាត់បន្ថយការបាត់បង់ចំនួន ឬបរិមាណផលិតផល ដែលបណ្តាលមកពីមធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល ។ល។

 លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោង”ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ” ជាសក្ខីកម្មបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន និងសហគមន៍កសិកម្ម” ហើយក៏ស្ថិតក្នុងគម្រោងនៃគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩- ២០២៥)។

សម្រាប់ឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ទទួចចង់បានដើម្បីកែប្រែវិស័យសាកវប្បកម្ម និងផលិតកម្មមាន់ស្រែខ្មែរយកសាច់ ឈានឆ្ពោះទៅធ្វើទំនើបកម្មទាំងផលិតភាពផលិតកម្ម ការថែរក្សាទុកដាក់ វេចខ្ចប់ និងដឹកជញ្ជូនដោយប្រើប្រព័ន្ធ cold chain system (រក្សាភាពស្រស់ និងអាយុកាលផលិតផលបានយូ) ទៅកាន់ទីផ្សារ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ដែលមាននិន្នាការកើនឡើងនៃការបរិភោគទាំងផលិតផលបន្លែ ត្រី សាច់របស់អ្នកបរិភោគ ពិសេសអ្នកនៅទីក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ