ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ចម្លែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួល​ព្យាបាល​តែ​សត្វ​ចិញ្ចឹម

8 ឆ្នាំ មុន

ខាងក្រោយ​តំបន់​ដី​ក្រេ​ហេង​ក្រ​ហ្ខ​ង​ដោយសារ​គ្រាប់បែក មន្ទីរពេទ្យ​ធំ​បង្គួរ​មួយ​បង្ហាញខ្លួន​នៅ​កណ្តាល​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម ។

ខាងក្រោយ​តំបន់​ដី​ក្រេ​ហេង​ក្រ​ហ្ខ​ង​ដោយសារ​គ្រាប់បែក មន្ទីរពេទ្យ​ធំ​បង្គួរ​មួយ​បង្ហាញខ្លួន​នៅ​កណ្តាល​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម ។ ក្រោយ​ធ្វើ​សកម្មភាព​ជិត​៧​ឆ្នាំ មន្ទីរពេទ្យ​តែ​មួយ​គ្មាន​ពីរ​ក្នុង​លោក​នេះ​សង្គ្រោះ​ឆ្កែ ឆ្មា ដែល​ត្រូវ​របួស​ឬ​វង្វេង​ម្ចាស់ បាន​រាប់​ពាន់​ក្បាល និង​បាន​បញ្ជូន​ពួក​វា​ឱ្យទៅ​ជួបជុំ​ម្ចាស់​ដើម​វិញ ។

ឆ្កែ ឆ្មា រាប់​ពាន់​ក្បាល​មានផ្ទះ​ថ្មី
មន្ទីរពេទ្យ​ចម្លែក​នេះ​មានឈ្មោះ Nowzad ឬ Nowzad do Pen Farthing ដែល​អតីត​យុទ្ធ​ជន​អង់គ្លេស​ម្នាក់​ឈ្មោះ Pen Farthing ផ្តើមគំនិត​បង្កើត​ទ្បើ​ង ដោយ​ដាក់​ឱ្យ​ដំណើរការ​ក្រោម​ការ​គ្រប់គ្រង​ដឹកនាំ​របស់​លោកស្រី​វេជ្ជបណ្ឌិត Louise Hastie ។ មូលហេតុ​អតីត​យុទ្ធ​ជន​អង់គ្លេស Pen Farthing ផ្តើមគំនិត​បង្កើត​មន្ទីរពេទ្យ​ចម្លែក​នេះ​ទ្បើ​ង ព្រោះ​គាត់​អា​ទ្បោះ​អាល័យ​ឆ្កែ​សម្លាញ់​របស់​គាត់​ឈ្មោះ Nowazd ដែល​បាន​រួមសុខទុក្ខ​ជាមួយ​គាត់​ក្នុង​រយៈពេល​គាត់​ចូលរួម​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ។

លោកស្រី​វេជ្ជបណ្ឌិត Louise Hastie​បញ្ជាក់​ប្រាប់​ថា «​មន្ទីរពេទ្យ Nowzad ដំណើរការ​បាន​ជិត​៧​ឆ្នាំ​ហើយ ។ ក្នុង​រយៈពេល​នោះ​មន្ទីរពេទ្យ​ថែទាំ​ព្យាបាល​ឆ្កែ ឆ្មា បាន​រាប់​ពាន់​ក្បាល ។ ឆ្កែ​និង​ឆ្មា​ទាំងនោះ ភាគច្រើន​ជា​សត្វ​ដែល​តាម​ម្ចាស់​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើសង្គ្រាម​ប្រយុទ្ធ​ជាមួយ​ពួក​តា​លី​បង់ ។ ក្រោយ​ពេល​ព្យាបាល​ជា​សះស្បើយ ឆ្កែ​ខ្លះ ឆ្មា​ខ្លះ ត្រូវ​បាន​ផ្ញើ​ទៅ​អង់គ្លេស ខ្លះ​ផ្ញើ​ទៅ​អា​មេ​រិ​ក អូស្ត្រាលី អាហ្វ្រិក​ខាងត្បូង កា​ណា​ដា គឺ​បើ​ម្ចាស់​វា​នៅ​ប្រទេស​ណា ផ្ញើ​ទៅ​ប្រទេស​នោះ​ឱ្យ​វា​ជួបជុំ​ម្ចាស់​ដើម​វិញ ។

សព្វថ្ងៃ​ក្នុង​មន្ទីរពេទ្យ​សល់​តែ​ឆ្មា​៥០​ក្បាល ឆ្កែ​៣០​ក្បាល និង​លា​មួយ​ក្បាល ។ សត្វ​លា​នោះ​ត្រូវ​របួសធ្ងន់ ដោយសារ​រអិល​ជើង​ធ្លាក់​ពី​ទីទួល​ពេល​វា​កំពុង​ដឹក​ជញ្ជូន​សម្ភារ ហើយ​ត្រូវ​បាន​បុគ្គលិក​សង្គ្រោះ​ជា​ជនជាតិ​កា​ណា​ដា​ម្នាក់​បញ្ជូន​វា​មក​ព្យាបាល​នៅ​ទី​នេះ​។ វា​បាន​ទទួល​ការ​ព្យាបាល​ពិសេស​រយៈពេល​១​ខែ​មក​ហើយ គឺ​១​ថ្ងៃ​ម៉ាស្សា​វា​២​ដង និង​ប្រើប្រាស់​រមៀត​លាប​លើ​មុខរបួស ។ ចំណី​របស់​វា​យើង​ផ្តល់​ឱ្យ​វា​បន្លែ​ច្រើន​មុខ ដើម្បី​វា​ឆាប់​មាន​កម្លាំងកំហែង ។ សព្វថ្ងៃ​វា​ជា​សះស្បើយ​បាន​៩០​ភាគរយ​ហើយ ។ បច្ចុប្បន្ន​ឆ្កែ​ឈ្មោះ Moxle អាយុ​៧​ខែ កំពុង​រង់ចាំ​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក ។

ឆ្កែ​ព្រិល​សអា​ហ្វ​ហ្គា​និ​ស្ថាន​មួយ​ក្បាល​ក៏​កំពុង​រង់ចាំ​ចេញពី​ប្រទេស​របស់​ខ្លួន​ទៅ​រស់នៅ​បស្ចិមប្រទេស ខណៈ​ឆ្កែ​ឈ្មោះ William រង់ចាំ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ ឆ្កែ​ឈ្មោះ Holly ទៅ​ប្រទេស​អង់គ្លេស គឺ​ឱ្យ​តែ​ប្រាក់​ឧបត្ថម្ភ​មន្ទីរពេទ្យ Nowzad មក​ដល់​គ្រប់គ្រាន់​ពេល​ណា ពួក​វា​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ពេល​នោះ​ភ្លាម​» ។

លោកស្រី​វេជ្ជបណ្ឌិត Louse HatTie និយាយ​បន្ត «​សព្វថ្ងៃ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ឆ្កែ​ប្រមាណ​៨.០០០​ក្បាល ពុល​ដោយ​ក្លិន​រំសេវ​ក្នុង​សង្គ្រាម ដូច្នេះ​មន្ទីរពេទ្យ​ត្រូវ​មានកម្ម​វិធី​ជួយ​ទប់ស្កាត់​ជំងឺ​ឆ្កែឆ្កួត ដែល​កម្មវិធី​នេះ​រួម​មានការ​ពន្យល់​អប់រំ​កុមា​រា កុមារី អា​ហ្វ​ហ្គា​នី​ស្ថាន​ឱ្យ​យល់​របៀប​ការពារ​ខ្លួន​ចំពោះ​មុខឆ្កែ​អនាថា និង​មាន​អាកប្បកិរិយា​អាណិតអាសូរ​វា​ផង​។ ដូច​យ៉ាង​ឆ្កែ​មួយ​ក្បាល​ដែល​គេ​ដាក់​ឈ្មោះ​ថា​Atish ក៏​ជា​ឆ្កែ​អនាថា​ដែរ ។ Atish របួស​ពេញ​ខ្លួន​ដោយ​សារភាព​យង់ឃ្នង​នៃ​សង្គ្រាម ។ វា​ត្រូវ​បាន​បុគ្គលិក​សង្គ្រោះ​ម្នាក់​ប្រទះ​ឃើញ​តាម​ចិញ្ចើម​ផ្លូវ​ក៏​នាំ​វា​មក​ឱ្យ​មន្ទីរពេទ្យ Nowzad ជួយ​សង្គ្រោះ ។ សព្វថ្ងៃ​វា​បាន​ធូរស្រាល​គ្រាន់បើ​ហើយ​» ។

ការងារ​កណ្តាល​សភាពការណ៍​សន្តិសុខ​មិន​អំណោយផល
លោកស្រី​វេជ្ជបណ្ឌិត Louise Hastie​និយាយ​ដោយ​លំបាក​ចិត្ត​ថា «​មន្ទីរពេទ្យ Nowzad ចំណាយ​ប្រាក់​ក្នុង​១​ខែ​អស់​ប្រមាណ​១០.០០០​ផោន ចំណាយ​សម្រាប់​បញ្ជូន​សត្វ​មួយ​ក្បាល​ទៅ​ប្រទេស​ក្រៅ​អស់​៤.០០០​ផោន ខណៈ​សភាពការណ៍​សន្តិសុខ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពេល​នេះ​កាន់តែ​អាក្រក់​ទៅ បង្ក​ការ​លំបាក​កាន់តែ​ខ្លាំង​ចំពោះ​សកម្មភាព​របស់​មន្ទីរពេទ្យ​Nowzad​។ ការ​ចាប់ជម្រិត ការ​លប​វាយឆ្មក់​កើន​ទ្បើ​ង​ជា​និច្ច​។ កាលពី​ពេល​ថ្មី​កន្លង​មក​នៅ​រដ្ឋធានី​កា​ប៊ុល​មានការ​បំផ្ទុះ​គ្រាប់បែក​៨​ដង បណ្តាល​ឱ្យ​មនុស្ស ស្លាប់ និង​របួស​ជាង​១០០​នាក់ ។ សព្វថ្ងៃ​ជន​បស្ចិមប្រទេស​ជា​ច្រើន​ចេញ​អស់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្តេជ្ញា​ចិត្ត​មិន​ទៅ​ណា​ទាំងអស់ ។ ខ្ញុំ​សុខចិត្ត​លះបង់​ការងារ​ទទួល​បាន​ប្រាក់ខែ​ច្រើន មក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នេះ ។ មនុស្ស​មិន​តិច​ទេ​ថា​ខ្ញុំ «​ឆ្កួត​» តែ​អ្នក​ណា​ថា​អី​ថា​ទៅ​ខ្ញុំ​អត់​ខ្វល់ ។ ខ្ញុំ​នៅ​តែ​នៅ​ទី​នេះ ទោះបី​ខ្ញុំ​ជា​មនុស្ស​ចុង​ក្រោយ​ក៏​ដោយ​» ។

តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត Louise Hastie មានការ​វាយប្រហារ​កើត​ទ្បើ​ង​ក្បែរ​មន្ទីរពេទ្យ Nowzad ជា​ញឹកញាប់ ។ ថ្មី​ៗ​នេះ​ការ​វាយប្រហារ​មួយ​ធ្វើ​សំដៅ​គេហដ្ឋាន​លោក​វេជ្ជបណ្ឌិត​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ដែល​នៅ​ជាប់​របង​មន្ទីរពេទ្យ បណ្តាល​ឱ្យ​គ្រួសារ​លោក​វេជ្ជបណ្ឌិត​ស្លាប់​អស់រលីង ។ បន្ទាប់​ពី​ការ​វាយប្រហារ​នោះ មីន​មួយ​គ្រាប់​ត្រូវ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​រក​ឃើញ​និង​ដោះ​យក​ចេញ​នៅ​ត្រង់​ផ្លូវ​ចូល​មន្ទីរពេទ្យ ៕