ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​រក​ឃើញ​វត្តមាន សត្វ​ឈ្លូស​យក្ស ជា​លើក​ដំបូង ​ក្នុង​តំបន់ការពារធម្មជាតិ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ថា សត្វ​«​ឈ្លូស​យក្ស​» ដែល​ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​លើ​ពិភពលោក នៅ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ត្រូវ​បាន រក​ឃើញ​ជា​លើក​ដំបូង​នៅ​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ប្រទេស​កម្ពុជា ។

ការ​រក​ឃើញ​សត្វ «​ឈ្លូស​យក្ស​» ដែល​ជិត​ផុត​ពូជ​នេះ ដោយ​ឈរ​លើ​ទិន្នន័យ​រូបភាព​ប្រមូល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដាក់​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​កម្រ​ៗ នៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ភូមិសាស្ត្រ​ខេត្តរតនគិរី ចាប់ពី​ខែមីនា ដល់​ខែឧសភា ក្នុង​ឆ្នាំ​២០២១​នេះ ។

លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ថ្លែង​ថា ការ​រក​ឃើញ​នេះ ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ ចាប់តាំងពី​ពេល​ដែល​អ្នកជំនាញ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៤ ក្នុង​ប្រទេស​វៀតណាម និង​ឡាវ នៅ​តាម​ជួរ​ភ្នំ​អាណា​ម ដែល​លាតសន្ធឹង​ដល់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ភាគ​ឦសាន​ប្រទេស​កម្ពុជា ។ នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា និង​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ប្រភេទ​សត្វ​កម្រ​រង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត​នេះ មាន​វត្ត​មាននៅ ក្នុង​ប្រទេស​កម្ពុជា ។

លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ ក៏​បានអោយ​ដឹង​ដែរ​ថា សត្វ​ឈ្លូស​យក្ស​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង មាន​រយៈកម្ពស់​ខ្ពស់ (​រហូត​ដល់​ជាង ១,០០០​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​) ។ នៅ​កំឡុង​ទស្ស​វត្ស​ឆ្នាំ​៩០ ស្នែង​ឈ្លូស​យក្ស ត្រូវ​បានឃើញ​ដាក់​លក់​នៅ​ក្នុងភូមិ​ដាច់​ស្រយាល​មួយ នៃ​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​ដែល​មានការ​រាយការណ៍​ពី​ការ​ឃើញ​ខ្លួន​វា​ដោយ​ផ្ទាល់​នោះ​ទេ ។

លោក​បាន​បន្ត​ថា ឈ្លូស​យក្ស ជា​ប្រភេទ​ឈ្លូស ដែល​មាន​មាឌធំ​ជាងគេ អាច​មាន​ទម្ងន់​លើស​ពី ៣០​គីឡូក្រាម ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុង​ចំណោម​ឈ្លូស​ទាំង​១២​ប្រភេទ ហើយ​លក្ខណៈ​ខុស​គ្នា​រវាង​សត្វ​ឈ្លូស​យក្ស និង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែល​មាន​វត្តមាន​ស្ទើរតែ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​យើង ត្រង់​ចំណុច​បី​សំខាន់ រួម​មាន ៖

  • ទី​១) ស្នែង ៖ ស្នែង​សត្វ​ឈ្លូស​យក្ស​មាន​ទំហំ​ធំ​ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា ខ្នែង​ស្នែង​តូច ដុះ​ស្រប ឬ​ក៏​ដុះ​បែក​ងាក​ចេញ​ក្រៅពី​ខ្នែង​មេ ហើយ​គល់​ស្នែង​របស់​ឈ្លូស​យក្ស​ខ្លី​ជាង​គល់​ស្នែង​របស់​ឈ្លូស​ធម្មតា​។
  • ទី​២) កន្ទុយ ៖ កន្ទុយ​របស់​សត្វ​ឈ្លូស​យក្ស​មាន​ប្រវែង​ខ្លី​ជាង (​ប្រហែល​១/៣) កន្ទុយ​របស់​សត្វ​ឈ្លូស​ធម្មតា ហើយ​កន្ទុយ​នោះ​មាន​រាង​ត្រីកោណ និង​មាន​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម​។
  • និង​ទី​៣) ថ្ងាស​របស់​សត្វ​ឈ្លូស​យក្ស​ញី មាន​ពណ៌​ក្រ​ម៉ៅ (​ស្ទើរតែ​ខ្មៅ​តែ​ម្តង​) ជាង​ថ្ងាស​ឈ្លូស​ធម្មតា ។

តាម​រយៈ​ការ​សិក្សា​រក​ឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ លោក នេត្រ ភក្ត្រា ក៏​បាន​បញ្ជាក់​ថា ក្រសួងបរិស្ថាន​នឹង​បញ្ចូល​ប្រភេទ​សត្វ​នេះ ទៅ​ក្នុង​បញ្ជី​ជីវៈចម្រុះ ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភេទ​សត្វ​ឈ្លូស​យក្ស​នេះ ត្រូវ​បាន​ចាត់ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​កត្តា​គំរាមកំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង និង​សាច់ ។ ដូច្នេះ​យើង​ត្រូវ​និយាយ​ថា​ទេ ចំពោះ​សាច់សត្វ​ព្រៃ និង​សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​បញ្ឈប់​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​សម្លាប់សត្វ​ដោយ​ខុសច្បាប់ ។

កម្ពុជា ត្រូវ​បាន​អ្នក​ជំនាវ​ស្រាវជ្រាវ​ឃើញ​ថា ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ ដែល​បាន​បង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ ១២៣​ប្រភេទ សត្វ​ស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨​ប្រភេទ រុក្ខជាតិ​តូច​ៗ (vascular plants) ២,៣០៨​ប្រភេទ ត្រី ៨៧៤​ប្រភេទ ផ្កាថ្ម​រឹង ២៤​ប្រភេទ ផ្កាថ្ម​ទន់ ១៤​ប្រភេទ ស្មៅ​សមុទ្រ ១០​ប្រភេទ និង​ថលជលិក ៦៣​ប្រភេទ និង​នៅ​មាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​នៅ​ទ្បើ​យ ដូច​មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូច​ជា ៖ ថនឹក​សត្វ ៣៩​ប្រភេទ សត្វ​ស្លាប ៣៦​ប្រភេទ ឧរង្គសត្វ ១៣​ប្រភេទ រុក្ខជាតិ​តូច​ៗ (vascular plants) ៣៨​ប្រភេទ និង​ថលជលិក​១២​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ