ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន គ​.​ជ​.​ប ថ្មី ៖ ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ច្បាប់​កំណត់​សម្រាប់​ការ​ដឹកនាំ​ស្ថាប័ន​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ឯកឧត្តម​ប្រាជ្ញ ចន្ទ ដែល​ទើបនឹង​ត្រូវ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​សំឡេង​គាំទ្រ​៨២ សំឡេង​ជា​ឯក​ឆន្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែមិថុនា…

រាជធានី​ភ្នំពេញ​៖ ប្រធាន​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ឯកឧត្តម​ប្រាជ្ញ ចន្ទ ដែល​ទើបនឹង​ត្រូវ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​សំឡេង​គាំទ្រ​៨២ សំឡេង​ជា​ឯក​ឆន្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែមិថុនា នេះ​បាន​ថ្លែង​ថា ​រូប​លោក​នឹង​ការងារ​ដឹកនាំ​នៅ​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ជា​រសៀល​ថ្ងៃ​ទី ២៤ មិថុនា​នេះ ឯកឧត្តម​ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការងារ​ថ្មី​នៅ​ គជ​ប គឺជា​ការងារ​ដែល​រូប​ឯកឧត្តម នឹង​បំពេញ​គ្រប់យ៉ាង​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ។

ឆ្លើយ​តប​ទៅ​សំណួរ​ដែល​ចោទសួរ​ថា​អ្វី​ជម្រុញ​ឱ្យ​រូប​ឯកឧត្តម​សម្រេចចិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​ប្រធាន គ​.​ជ​.​ប នោះ ឯកឧត្តម​ប្រាជ្ញ ចន្ទ អតីត​ប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​អ​តី​អភិបាលខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី មូលហេតុ​ដែល លោក​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ គឺ ទី​១ – ព្រោះ​ដោយសារ គ​.​ជ​.​ប ខ្វះ ប្រធាន ដូច្នេះ​ទើប​លោក​ដាក់​ពាក្យ​តែ​ម្តង ទី ២ គឺ​ខ្លួន​ឯកឧត្តម​ផ្ទាល់​ស្រលាញ់​ពេញចិត្ត​ការងារ​ខាង​បោះ​ឆ្នោត ។

ឯកឧត្តម​ប្រាជ្ញ ចន្ទ បាន​បញ្ជាក់​ថា «​មក​ពី​ខាង​គ​.​ជ​.​ប​អត់​មាន​ប្រធាន ហើយ​គេ​ប្រកាស​ឲ្យ​ដាក់​បេក្ខជន​ជា​ប្រធាន​ទើប​ខ្ញុំ​ដាក់​ពាក្យ​ទៅ ! អត់​មាន​ពាក្យ ហេតុ​អ្វី​ទេ គឺ​មក​ពី​ខ្ញុំ​ចង់​ចូល​ធ្វើការ នៅ​ស្ថាប័ន ហ្នឹង​បាន​ដាក់ »​។ សម្រាប់​ការ​មក​កាន់​តួនាទី​ថ្មី​ប្រធាន គ​.​ជ​.​ប នោះ ឯកឧត្តម​បាន​មាន ប្រសាសន៍​ថា ឯកឧត្តម​នឹង​ធ្វើ​ទៅ​អ្វី​ដែល​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​។

ប្រធាន គជ​ប ថ្មី​បាន​ថ្លែង​ថា ៖ «​យើង​ធ្វើ​ទៅ​តាម​អ្វី​ដែល​ច្បាប់​បាន​កំណត់​។ យើង​ត្រឹមត្រូវ ធ្វើ​តាម​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធ​ភាពល្អ គឺ​ធ្វើ​តាម​ច្បាប់ និង​បទដ្ឋាន​ផ្ទៃក្នុង​របស់ គ​.​ជ​.​ប​»​។

ចំពោះ​សំណួរ​ថា​តើ​សម្រាប់​តួនាទី ប្រធាន គ​.​ជ​.​ប ថ្មី តើ​ឯកឧត្តម​នឹង​ត្រូវ​អ្វីខ្លះ​នោះ? ឯកឧត្តម​ប្រាជ្ញ ចន្ទ បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ទាន់​គិតដល់​ចំណុច​ហ្នឹង​ទេ ពីព្រោះ​រង់ចាំ​ទៅ​កន្លែងធ្វើការ​សិន ។ ពេល​នេះ​កំពុង​រង់ចាំ​ចូល​ក្នុង​ព្រះ​បរមរាជវាំង ដើម្បី​ធ្វើ​សច្ចា​រ្យ​ប្រណិធាន​សិន​។ ឯកឧត្តម បន្ត​ថា «​ជា​ធម្មតា​ស្ថាប័ន​ដែល​កំពុង​ធ្វើ​ដំណើរ​និរន្ត​ភាព​គេ​មាន​ផែនការ​របស់​គេ​រួច​ហើយ ប៉ុន្តែ​នៅ​ពេល​យើង​មិន​ទាន់​ទៅ​កន្លែងធ្វើការ​យើង​មិន​ទាន់​ដឹង​អស់​ទេ​»​។

សួ​ម​ជម្រាប​ថា​ឯកឧត្តម ប្រាជ្ញ ចន្ទ​អតីត​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ត្រូវ បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​ក្នុង​ចំណោម​បេក្ខជន​១​រូប​ទៀត​ដែល​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ប្រធាន​គ​.​ជ​.​ប ដើម្បី​ឲ្យ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​។ ឯកឧត្តម​ក៏​ធ្លាប់​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប​ហើយ​ក៏​ធ្លាប់​មាន​តួនាទី​ជា​ច្រើន ដូច​អតីត​អភិបាលខេត្ត​បាត់ដំបង អភិបាលខេត្ត​ត្បូងឃ្មុំ​ជាដើម ។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ