ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ បើទោះបីជា​កម្ពុជាយើង ប្រឈមនឹងការឆ្លងរាតត្បាត​ជំងឺកូវីដយ៉ាងណាក៏ដោយ តែ​​សកម្មភាព​អភិវឌ្ឍន៍​ និង​​ការដ្ឋានសំណង់​ នៅតែបន្ត​រៀងរាល់ថ្ងៃ​។ ការអភិវឌ្ឍន៍​ និង​​ការដ្ឋានសំណង់បុរីផ្ទះល្វែងទាំងអស់នេះ នាំ​ឲ្យ​មានសកម្មភាពដឹកជញ្ជូនដី ដីខ្សាច់…

ភ្នំពេញ៖ បើទោះបីជា​កម្ពុជាយើង ប្រឈមនឹងការឆ្លងរាតត្បាត​ជំងឺកូវីដយ៉ាងណាក៏ដោយ តែ​​សកម្មភាព​អភិវឌ្ឍន៍​ និង​​ការដ្ឋានសំណង់​ នៅតែបន្ត​រៀងរាល់ថ្ងៃ​។ ការអភិវឌ្ឍន៍​ និង​​ការដ្ឋានសំណង់បុរីផ្ទះល្វែងទាំងអស់នេះ នាំ​ឲ្យ​មានសកម្មភាពដឹកជញ្ជូនដី ដីខ្សាច់ គ្រួសថ្ម​ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះឡើយ​។

ការដឹកជញ្ជូន​ដី ដីខ្សាច់ គ្រួសថ្មនេះហើយ បង្ក​ឲ្យ​ផ្លូវជាតិ ផ្លូវបេតុង​ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្ត​ទេ បានប្រែក្លាយជាផ្លូវ​ដីហុយ ដោយសារតែ​ឡានធំៗ​ដឹកជញ្ជូន​ទាំងអស់​នោះ មិនបាន​​គ្របបិទ​​បាំង​ត្រឹមត្រូវ​។​

យ៉ាងណាក៏ដោយ កាលពីព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសណ្តាប់ខណ្ឌសែនសុខ បាន​បោសសំអាត​ និង​កៀរកើបដីលើកំណាត់ផ្លូវ១០១៩ ឬមហាវិថីភ្នំពេញ-ហាណូយ ចាប់ពីចំណុចមហាវិថីឈ្នះឈ្នះ ឬផ្លូវ​ទំនប់ កប់ស្រូវ ដល់ស្តុប៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះ ពោរពេញ​ដោយ​ធូលីដី​ ដែលធ្លាក់ចេញពី​ឡាន​ដឹកដី ដឹកខ្សាច់ គ្រួសថ្មរាប់រយពាន់គ្រឿង​ ក្នុង ១ថ្ងៃៗ។​

ផ្លូវជាតិ ផ្លូវបេតុង គ្របដណ្តប់ដោយធូលីដីហុយ​ទ្រលោម បាន​កើតឡើង​យូរខែ​ឆ្នាំមកហើយ ហើយក៏មិនមែនតែ នៅមហាវិថីភ្នំពេញ-ហាណូយទេ គឺនៅមហាវិថីឈ្នះឈ្នះ ឬផ្លូវទំនប់កប់ស្រូវ លើស្ពានព្រែកព្នៅ ផ្លូវក្រវ៉ាត់ក្រុង ខាង​ផ្លូវ ៦០ម៉ែត្រ បឹងទំពន់ ឬមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ​ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ជាដើម គឺ​ពោរពេញ​ដោយដីខ្សាច់ និង​ធូលីដី ដែលធ្លាក់​មកពីឡានធំៗ បង្ក​ជាដីហុយ​ ពិបាកធ្វើដំណើរ​ជាខ្លាំង​។​

នៅខែនេះ ជាខែភ្លៀងផង គឺបែកម៉ាំ​។ នេះក៏ដោយសារតែឡានដឹកដី និងដឹកខ្សាច់ ដែលគ្មានគ្របបិទបាំង បង្ក​ឲ្យដី និងខ្សាច់ធ្លាក់រាយប៉ាយ​ពេញ​ផ្លូវ​។ មិនត្រឹមតែហុយ​ទ្រលោមទេ គឺ​ធូលីដី និងដីខ្សាច់នៅលើ​ផ្លូវជាតិ ផ្លូវបេតុង ទាំងនោះ ក៏អាចបង្កហានិភ័យ​ ជាគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ ពិសេសអ្នកធ្វើដំណើរតាមកង់ និង​ម៉ូតូ​​។

យ៉ាងណាក៏ដោយ តាមផ្លូវទាំងអស់នោះ បើសិនជា​មានកម្មវិធី​ ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវអញ្ជើញ ធ្វើដំណើរឆ្លងកាត់តាមផ្លូវ​អស់ទាំង​នោះ គឺ​ផ្លូវអស់ទាំង​នោះ ត្រូវ​គេបោសសម្អាត បាញ់ទឹកលាង​ ដោយ​គ្មានសំរាម និងគ្មាន​ធូលីដី​សោះ​ឡើយ​។ ប៉ុន្តែ​ក្នុងអំឡុងពេល​ប៉ុន្មានខែចុងក្រោយ ពេល​កូវីដរាតត្បាតនេះ សកម្មភាព​បោស សម្អាត ពិនិត្យមើលផ្លូវ ហាក់ដូចជា​ស្ងប់ស្ងាត់​ដែរ​។

ក្រៅពី​ដី និងខ្សាច់ ដែលជ្រុះលើផ្លូវទាំងអស់នោះហើយ​ ក៏នៅមាន​ឡានដឹកដី និង​ដឹកខ្សាច់ទាំង​នោះទៀតសោត បាន​​បើក​លឿនៗ ដែលអាច​​បង្កគ្រោះថ្នាក់ថែមទៀតផង​។

ករណីទាំងអស់​នេះ ទាមទារ​ឲ្យ​អាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរ​ខណ្ឌ​ស្រុកក្រុងរាជធានីខេត្ត ត្រូវតែដោះស្រាយ និងទប់ស្កាត់​ឡានដឹកដី ដឹកខ្សាច់ ដែលបង្ក​ឲ្យផ្លូវ​ជាតិ ផ្លូវកៅស៊ូ ផ្លូវបេតុង ក្លាយជាផ្លូវដីហុយ​ទ្រលោម ដែល​អាច នឹងបង្ក​គ្រោះថ្នាក់ជាយថាហេតុណាមួយ​។

​អាជ្ញាធរសមត្ថកិច្ច គួរតែ​កំណត់​ឲ្យ​ម្ចាស់ការដ្ឋាន អ្នកម៉ៅការ និងម្ចាស់​ឡាន​ដឹកដី ដឹកខ្សាច់ទាំងអស់នោះ ត្រូវទទួលខុសត្រូវ​។ ​ឡានដឹកដី ដឹកខ្សាច់ មុនចេញពីរណ្តៅដី ឬកន្លែងដឹកខ្សាច់​ ត្រូវ​បាញ់លាងសម្អាត​កង់ឡាន ហើយ​មានតង់កៅស៊ូ​គ្របបិទ​ដី និងខ្សាច់លើឡានទាំងអស់នោះ​ ដើម្បីធានាថា មិនធ្លាក់​ដី និងខ្សាច់ ឬក៏គ្រួស​ថ្ម ​មក​លើផ្លូវឡើយ នៅពេលដឹកជញ្ជូន​។ រៀងរាល់ថ្ងៃ ត្រូវមានឡានទឹក បាញ់​លាងសម្អាត​តាម​ផ្លូវ​ ដែលឡានដឹកដី ដឹកខ្សាច់ទាំងនោះ បើកឆ្លងកាត់​។​ បើមិនបានរាល់ថ្ងៃ ក៏សូម​ ១សប្តាហ៍ម្តង​ក៏បាន។

ក្នុងករណី​ម្ចាស់ការដ្ឋាន អ្នកម៉ៅការ និងម្ចាស់​ឡានដឹកដី ដឹកខ្សាច់ទាំងអស់នោះ មិនធ្វើ​ទេ គឺ​អាចចេញតែ​​​ថ្លៃ​ឈ្នួល ហើយអាជ្ញាធរ​សមត្ថកិច្ចមូលដ្ឋាន តាមខណ្ឌស្រុក​ក្រុង ឬឃុំសង្កាត់ ជាអ្នករ៉ាប់រង ដោយជួល​ភ្នាក់ងារ​បោសសម្អាតបាញ់លាង​ផ្លូវ ឬក៏ប្រើកងកម្លាំង​ប្រជាការពារ ធ្វើការងារនេះ ហើយ​ផ្តល់ប្រាក់កម្រៃសមរម្យ ដែលក្រុមហ៊ុន អ្នកម៉ៅការ និងអ្នកបើកបរឡានដឹកដី ដឹកខ្សាច់ទាំងអស់នោះ ជាអ្នកបង់ថ្លៃរាល់ការ​ចំណាយ​។​

បើសិនជា​ម្ចាស់ការដ្ឋាន​ អ្នកម៉ៅការ និងម្ចាស់​ឡានដឹកដី ដឹកខ្សាច់ ថ្មគ្រួស​​ទាំងអស់នោះ មិនព្រមអនុវត្តទេ គឺ​អាជ្ញាធរសមត្ថកិច្ច​ ត្រូវអនុវត្តវិធានការច្បាប់ ដោយបិទ​ការដ្ឋានសាងសង់នោះ ផ្អាកដំណើរការជីកលក់អាចម៍ដី ផ្អាកអាជីវកម្មខ្សាច់ ហើយ​ចាប់យកឡាន ដែល​បង្ក​ឲ្យមានដីហុយទាំងអស់នោះ យកទៅ​ដាក់នៅខណ្ឌស្រុកក្រុង ហើយ​ផាកពិន័យ​ ឲ្យលាងសម្អាតផ្លូវ​ឲ្យស្អាតឡើងវិញ និងឈប់​ឲ្យបើកបរ​រកស៊ី​តទៅទៀត​​។

​វិធានទាំងនេះ ជារឿងសាមញ្ញ និងអាចធ្វើបាន ប្រសិនបើ​អាជ្ញាធរសមត្ថកិច្ច អនុវត្ត​។ ខ្លាចតែអាជ្ញាធរសមត្ថកិច្ច ត្រូវរ៉ូវ​ ដើម្បីផលប្រយោជន៍​អ្វីមួយ​ ហើយក៏បិទភ្នែក​ទេ ទើប​ផ្លូវជាតិ ផ្លូវកៅស៊ូ និងផ្លូវបេតុង បន្ត​ក្លាយ​ជាផ្លូវដីហុយទ្រលោម​ ក្នុងពេល​ដែ​ល​​ថ្នាក់​ដឹកនាំ មិនបានធ្វើដំណើរ​ឆ្លងកាត់​លើផ្លូវអស់​ទាំងនោះ​។

ដោយឡែក ប្រជាពលរដ្ឋ អ្នករស់នៅតាមផ្លូវទាំងនេះ ក៏គួរតែចូលរួម​សម្អាត​មុខផ្ទះ មុខហាង មុខការ៉ាស់សាំង រៀងៗខ្លួនផង ព្រោះថា បើទុក​កំណក​ដី​ ដីខ្សាច់លើផ្លូវមុខផ្ទះ ក៏ហុយ​ចូលផ្ទះខ្លួនឯងដែរ​។ ចូលរួមបន្តិចម្នាក់ៗ ខណៈអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការដែរ​នោះ គឺផ្លូវយើង នឹងស្អាតឡើងវិញហើយ​។

តែសំខាន់ជាងគេ អាជ្ញាធរសមត្ថកិច្ចតាមរាជធានីខេត្ត ពិសេសតាមខណ្ឌក្រុងស្រុក គួរតែ​ចាត់ចែង​​​បោសសម្អាត​ដី និងខ្សាច់ចេញពីផ្លូវ ដើម្បីការពារ​​កុំ​ឲ្យមានគ្រោះថ្នាក់​ ដោយ​សារតែ​ដី និងខ្សាច់​ ជ្រុះធ្លាក់​ពី​ឡាន បម្រើ​ឲ្យ​ការដ្ឋាន​ឯកជនអស់​ទាំងនោះ។ ម្យ៉ាងខែនេះ ជាខែភ្លៀងទៀត កាន់តែអាចបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរតាមម៉ូតូ ឬកង់។ យើងគួរតែ​ការពារ ប្រសើរជាងព្យាបាល។ អនុសាសន៍សម្តេចតេជោ ដែល​បញ្ជា​ឲ្យអាជ្ញាធរ​ខេត្តរាជធានី ស្រុកខណ្ឌក្រុង «មើលផ្លូវ» នៅតែមានប្រសិទ្ធិភាពគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង​​៕​