ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរំ​រំលោ.ភ​ស្ដ្រី​នៅ​ស៊ូ​ដង់​ខាងត្បូង

8 ឆ្នាំ មុន

តាម​ការ​ផ្សាយ​របស់​កាសែត​អា​មេ​រិ​កមួយ​ឈ្មោះ Global Post ថា ខណៈ នារី​ៗ Chibok របស់​នី​ហ្សេ​រី​យ៉ា​ត្រូវ​ចាប់ជម្រិត​ដោយ​ពួក​ភេរវ​ករ Boko Haram, នារី​ជនជាតិភាគតិច Yazidi ត្រូវ​ពួក​ភេរវ​ករ​រដ្ឋ​អ៊ិ​ស្លា​ម (ISIS)

តាម​ការ​ផ្សាយ​របស់​កាសែត​អា​មេ​រិ​កមួយ​ឈ្មោះ Global Post ថា ខណៈ នារី​ៗ Chibok របស់​នី​ហ្សេ​រី​យ៉ា​ត្រូវ​ចាប់ជម្រិត​ដោយ​ពួក​ភេរវ​ករ Boko Haram, នារី​ជនជាតិភាគតិច Yazidi ត្រូវ​ពួក​ភេរវ​ករ​រដ្ឋ​អ៊ិ​ស្លា​ម (ISIS) ចាប់​ធ្វើ​ជា​ទាសី​បម្រើ​ផ្លូវភេទ​នោះ ស្រី​ៗ​រាប់​ទាំង​ក្មេង​ស្រី​ជំទង់​ផង​នៅ​ស៊ូ​ដង់​ខាងត្បូង​ត្រូវ​ពួក​ប្រដាប់​អាវុធ​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ចាប់​ទាំង ហ្វូង​ៗ​ធ្វើ​ទាសី​បម្រើ​ផ្លូវភេទ​ដូច​គ្នា ។ 

«​បាត់​ខ្លួន​» បើ​រើបម្រះ​មិន​ឱ្យ​រំលោភ​តាម​សម្រួល
ចាប់ ស្រី​ៗ និង​កុមារី​សម្រាប់​ធ្វើ​ទាសី​បម្រើ​ផ្លូវភេទ ជា​បញ្ហា​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​ក្នុង​សភាពការណ៍​ប៉ះទង្គិច​ដោយ​អាវុធ​នៅ​ស៊ូ​ដង់​ខាងត្បូង ។ បទ​សម្ភាសន៍​ជា​ច្រើន​របស់​អ្នកកាសែត​នៅ​ទី​ភ្ញាក់​ងារ​សារព័ត៌មាន AFP បាន​ជួយ​ឱ្យ​រក​ឃើញ​នៅ​រដ្ឋ Unity របស់​ស៊ូ​ដង់​ខាងត្បូង ការ​ចាប់ខ្លួន និង​រំលោភ​នារី​ដោយ​ទាហាន​រដ្ឋាភិបាល និង​ពួក​ជីវពល​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​មាន​សភាព​ខ្លាំងក្លា​ហួសប្រមាណ​នា​ពេល ថ្មី​ៗ កន្លង​មក ។

ស្ដ្រី​ម្នាក់​និយាយ ត្រង់​ៗ​ប្រាប់​អ្នក​សម្ភាស​ថា នាង​ត្រូវ​ទាហាន​រដ្ឋាភិបាល​ពីរ​នាក់​ចាប់ខ្លួន​នាំ​ចូល​ជំរំ​ទ័ព ហើយ​ត្រូវ​ចងដៃ ចងជើង និង​រំលោភ​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​ពីរ​ខៃ ។

ស្ដ្រី​ម្នាក់​ទៀត​រួម​ទាំង​ប្អូនស្រី​នាង​អាយុ​១៥​ឆ្នាំ ត្រូវ​ចាប់រំលោភ​អស់​រយៈពេល​៥​យប់ ជាប់​ៗ​គ្នា ។
ស្ដ្រី​ជា​ម្ដាយ​ម្នាក់ និង​កូនស្រី អាយុ​១២​ឆ្នាំ ត្រូវ​ចាប់​ចូល​ព្រៃ ហើយ​ត្រូវ​គេ​ព្រួត​គ្នា​រំលោភ​រហូត​ដល់​សន្លប់ ម្ដង​ៗ ។
ស្ដ្រី​ម្នាក់​ឈ្មោះ Nyabena អាយុ​៣០​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ពេល​ទាហាន​រដ្ឋាភិបាល​វាយលុក​ចូល​ភូមិ​នៅ Rubkona ។ ក្នុង​ការ​វាយលុក​នោះ ផ្ទះ​តូច​ធំ​ត្រូវ​ដុត​កម្ទេច​ចោល មនុស្ស​ប្រុស​ត្រូវ​សម្លាប់​ចោល ឯ​ស្រី​ៗ​និង​កុមា​ត្រូវ​ចាប់ខ្លួន​នាំ​ទៅ​រថយន្ដ​កងទ័ព ។ Nyabena ជា​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម ស្រី​ៗ៤០​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នៅ Mayom ។ ស្រី​ៗ​ទាំងអស់​ត្រូវ​បង្ខាំង​ទុក​ក្នុង​ជំរំ​មួយ ដែល​កម្លាំង​ជីវពល​ស្វ័យការពារ​របស់​ជនជាតិ Bul Nuer និង​កងទ័ព​រដ្ឋាភិបាល​ស៊ូ​ដង់​ខាងត្បូង ដណ្ដើម​បាន​ពី​ពួក​បះបោរ កាលពី​ខែធ្នូ ២០១៣ ។ 

Nyabena ពេល​ថ្ងៃ​ត្រូវ​គេ​ឃាំ្ល​មើល​មិន​ឱ្យទៅ​ណា ពេល​យប់​ត្រូវ​គេ​ចងដៃ​ចងជើង​ជាមួយ ស្រី​ៗ​ឯទៀត ។ «​ពេល​ជីវពល​ណា​ម្នាក់​ចង់​រួម​ភេទ​ជាមួយ​នាង​ណា គេ​មក​ស្រាយចំណង​នាង​នោះ ហើយ​ដឹក​ដៃ​ចូល​បន្ទប់ លុះ​ឆ្អែតឆ្អន់ គេ​នាំ​នាង​នោះ​ទៅ​កន្លែង​ដដែល និង​ចងដៃ​ជើង​វិញ​» Nyabena និយាយ​បណ្ដើរ​ចង្អុល​ស្នាម​ហើម​នៅ​លើ​ដៃ​បណ្ដើរ គឺជា​ស្នាម​ហើម​ដែល​បណ្ដាល​មក​ពី​ត្រូវ​គេ​ចង​យូរថ្ងៃ​ពេក​។ Nyabena បានឱ្យ​ដឹង​ទៀត​ថា ស្ដ្រី​ម្នាក់​ត្រូវ​បុរស​៤​នាក់​រំលោភ​ក្នុង​១​យប់​ជា​រឿង​ធម្មតា ។ ស្រី​ណា​សម្ដែង​អាកប្បកិរិយា​រឹងរូស​មិន​ចង់ឱ្យ​គេ​រំលោភ​មុខជា​ត្រូវ​បាត់​ខ្លួន ដោយ​គ្មាន​បន្សល់​ស្លាកស្នាម​អ្វី​ទាំងអស់ ។ ក្នុង​ចំណោម ស្រី​ៗ៤០​នាក់​ដែល​នៅ​ជាមួយ​នាង ពេល​នេះ​បាត់​ខ្លួន​អស់​១០​នាក់​ហើយ ។

ស្ដ្រី​ម្នាក់​ឈ្មោះ Nyamai អាយុ​៣៨​ឆ្នាំ ជា​ម្ដាយ​របស់​កូន តូច​ៗ៥​នាក់ ត្រូវ​ចាប់ពី​ភូមិ Koch ។ «​ពួក​វា​១០​នាក់​តម្រៀបជួរ​គ្នា​ចូល​រំលោភ​ខ្ញុំ​ក្នុង​១​យប់ ។ ពេល​ខ្ញុំ​អង្វរ​ថា​សូម​ចូល​ម្នាក់​ម្ដង​តាម​សម្រួល កុំ​ប្រជ្រៀត​ដណ្ដើម​គ្នា អី​ុ​ចឹ​ង​ខ្ញុំ​ទ្រាំ​មិន​រួច​ទេ ក៏​ត្រូវ​ពួក​វា​វាយ​ទាត់​ខ្ញុំ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​» Nyamai និយាយ​ផង​យំ​ផង ។

មាន​ទាំង​ជន​រង​គ្រោះ​អាយុ​ទើបតែ​១២​ឆ្នាំ
តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត Global Post ឃើញ​កុមារី​ច្រើន​ណាស់​ត្រូវ​ចាប់​បង្ខាំង ហើយ​រំលោភ ដែល​ខ្លះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ។ ស្រី្ត​ម្នាក់​ឈ្មោះ Nyatuach មានកូន​ស្រី​ម្នាក់ និង​ចៅស្រី​២​នាក់ ត្រូវ​គេ​ចាប់​យក​ទៅ​បាត់​តាំងពី​ខែឧសភា ២០១៥ ។ សព្វថ្ងៃ​ចៅស្រី​២​នាក់ នៅ​បាត់​ខ្លួ​នៅឡើយ មាន​តែ​កូនស្រី​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ បាន​រត់​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នាង​ត្រឡប់​ទៅ​ដល់​ផ្ទះ​ជាមួយ​ជំងឺ​ធ្ងន់ ព្រោះ​ត្រូវ​រំលោភ​ខ្លាំង​ពេក ។ Nyatuach និយាយ​ទាំង​ស្រក់​ទឹកភ្នែក «​កូនស្រី​ខ្ញុំ​ក៏​ដូច​ជានា​រីឯ​ទៀត​ដែរ ពេល​មក​ដល់​ផ្ទះ​វិញ​តែង​នាំ​ជំងឺ​ហើម​ប្រដាប់​ភេទ ខូច​ប្លោក​នោម ខូច​ចុង​ពោះវៀនធំ ព្រមទាំង​ជំងឺ ផ្សេង​ៗ​ជា​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​» ។ ទាំងនេះ​ជា​ផល​វិ​បាល​នៃ​ការ​រំលោភ ផ្ទួន​ៗ និង​ហិង្សា​ផ្លូវភេទ ។ នារី​រង​គ្រោះ​ខ្លះ​ឈឺ​ធ្ងន់ ប្រើ​ការ​លែង​កើត ត្រូវ​គេ​ដោះ​លែង​ក៏​មាន ត្រូវ​សម្លាប់​ចោល​តែ​ម្ដង​ក៏​មាន ។

ស្ដ្រី​ឈ្មោះ Rebecca ទើបតែ​រក​ឃើញ​កូនស្រី អាយុ​១២​ឆ្នាំ ក្រោយ​ពេល​ភូមិ​របស់​ខ្លួន​នៅ Koch ត្រូវ​វាយប្រហារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ នាង​តូច ដើរ​ដួល​ៗ រត់​អោប​ម្ដាយ ព្រមទាំង​យំ «​ពួក​គេ​ធ្វើបាប​កូន​ឈឺ​ណាស់​ម៉ែអើយ​!»​។  Rebecca បាន​ត្រឹមតែ​ទ្រហោយំ អាណិត​កូនស្រី​ប៉ុណ្ណោះ យំ​ផងរ​ត់ទៅ​ដាំទឹក​ក្ដៅ ដើម្បី​លាយ​ទឹក​ងូត​ឱ្យ​កូនស្រី​ផង ។

មន្ដ្រី​សិទ្ធិ​មនុស្ស​ម្នាក់​និយាយ​ទាំង​ដកដង្ហើម​វែង «​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​តែ​គ្មាន​អ្នក​ណា​ដឹង​ប្រាកដ​ថា ប្រការ​អ្វី​កំពុង​កើតឡើង​នៅ Mayom ទី​ដែល ស្រី​ៗ​ជា​ច្រើន​ត្រូវ​ចាប់ខ្លួន​ទុក​រំលោភ​» ។

មន្ដ្រី​យោធា​ម្នាក់​ធ្វើការ​នៅ Bentiv ទីប្រជុំជន​រដ្ឋ Unity ប៉ាន់​ប្រមាណ​ថា ឱ្យ​តែ​មានការ​វាយលុក ម្ដង​ៗ ស្រី​ៗ​មិន​តិច​ជាង​១០០​នាក់​ទេ ត្រូវ​គេ​ចាប់​បង្ខាំង​នៅ​ជំរំ​ទុក​សម្រាប់​រំលោភ ។ នារី​រង​គ្រោះ​ដែល​រត់​រួច​មាន​តិចតួច​បំផុត ភាគច្រើន​ធ្លាក់​ជា​ទាសី​ផ្លូវភេទ ។ មាន​ភស្ដុ​តាង​ជា​ច្រើន​បង្ហាញ​ថា ការ​ចាប់ខ្លួន ស្រី​ៗ​ទាំង​ហ្វូង​យក​ទៅ​រំលោភ គឺជា​រូបភាព​ផ្ដល់​ប្រាក់ខែ​ដល់​កម្លាំង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល ព្រោះ​ពួក​នេះ​ចាប់ ស្រី​ៗ​បាន​ច្រើន​ជាង​ទាហាន​រដ្ឋាភិបាល​ទៅ​ទៀត ៕