ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ វ៉ាក់សាំងនឹងក្លាយជាអាវុធមួយប្រឆាំងនឹងកូវីដ១៩ ព្រមទាំងធ្វើអោយមនុស្សកាត់បន្ថយការស្លាប់ និងឈឺដោយសារកូវីដ១៩។ ក្រៅពីនោះ វានៅមានប្រយោជន៍ជាច្រើនទៀតសម្រាប់មនុស្ស នៅក្នុងការដើរហើរ និងការរស់នៅក្នុងសង្គម។ មកដល់ពេលនេះ ប្រទេស​មួយចំនួន…

ភ្នំពេញ៖ វ៉ាក់សាំងនឹងក្លាយជាអាវុធមួយប្រឆាំងនឹងកូវីដ១៩ ព្រមទាំងធ្វើអោយមនុស្សកាត់បន្ថយការស្លាប់ និងឈឺដោយសារកូវីដ១៩។ ក្រៅពីនោះ វានៅមានប្រយោជន៍ជាច្រើនទៀតសម្រាប់មនុស្ស នៅក្នុងការដើរហើរ និងការរស់នៅក្នុងសង្គម។

មកដល់ពេលនេះ ប្រទេស​មួយចំនួន ចាប់ផ្តើម​ផ្តល់​អាទិភាពដល់អ្នកចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ ដែលអាចធ្វើដំណើរ​ចូលប្រទេសរបស់គេ ចូលទស្សនាបាល់ទាត់​ពិភពលោក ចូលហាង រួមទាំង​ធ្វើដំណើរ​ទេសចរណ៍ ជាដើម។ នេះជាអត្ថប្រយោជន៍របស់អ្នកចាក់វ៉ាក់សាំង ដែលមិនត្រឹមតែបាន​បង្ការជំងឺកូវីដ១៩ តែខ្លួនឯងប៉ុណ្ណោះទេ គឺទទួល​បានសិទ្ធិជាអាទិភាពថែមទៀត​។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ប្រទេស​កាតា ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួ​ត​បាល់ទាត់​ ពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២២ បានប្រកាសថា ​អនុញ្ញាត​ឱ្យតែអ្នកគាំទ្រណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចប៉ុណ្ណោះ ចូលទស្សនាផ្ទាល់ ក្នុងកីឡដ្ឋាន នៅពេល​ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup នាឆ្នាំក្រោយ​។​

ដោយឡែក នៅ​កម្ពុជាយើង ក៏មានភោជនីយដ្ឋាន​មួយចំនួន នៅភ្នំពេញ បានប្រកាសតាមហ្វេសប៊ុក​ថា ហាង​ខ្លួន​​ ទទួល​តែភ្ញៀវណា ដែលមានចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ រួចតែប៉ុណ្ណោះ​។ នេះ​មិនមែនជាការរើសអើង​ទេ តែ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ផង និងជាការលើកទឹកចិត្ត​ ក៏ដូចជាការចូលរួម​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋខ្មែរយើង អាយុចាប់ពី ១៨ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង​ នៅពេលដល់វេនរបស់ខ្លួន​។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ ដឹក​នាំ​ដោយ​​លោក សុខ សង្វារ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​ទេស​ចរណ៍ និងក្រុ​មការងារ​ក្រសួង​សុខា​ភិបាល ដឹកនាំដោយលោក​ ឈី ហុង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានជួបពិភាក្សា​គ្នា​បន្ត អំពី​ការ​កែសម្រួល​ឯក​សារ​ទស្សនា​ទាន​កញ្ចប់​ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ​-១៩។ នេះ​ជា​លើក​ទី២​​ហើយ ដែលអ្នកជំនាញនៃក្រសួងទាំងពីរ កែសម្រួលជាមួយគ្នា ដើម្បី​ជំរុញឲ្យឯកសារនេះ មានភាពល្អប្រសើរឡើង។

ឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ជាឯកសារគោល ដែលក្រសួងទេសចរណ៍ កំពុងរៀបចំឡើង ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំ​ងឺកូវីដ១៩ រួចហើយ អាចចូល​មកទស្សនកិច្ច​នៅកម្ពុជាយើងបាន​។

កិច្ចពិភាក្សារវាងក្រុមជំនាញនៃក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល គឺដើម្បីប្រាកដថា ឯកសារនេះ មានភាពគ្រប់ជ្រុងជ្រោយក្នុងការធានានូវសុវត្ថិភាពទេសចរ និងប្រជាពលរដ្ឋពីការ​រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យមានសកម្មភាព​ទេសចរណ៍ឡើងវិញ នៅកម្ពុជា ។

​ការ​កំណត់​​កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជា ការចូល​ហាង​ និង​ការចូល​ទស្សនាការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ពិភពលោក​ ឆ្នាំ២០២២ គឺជាការផ្តល់​អាទិភាព​លើវ៉ាក់សាំង​។ សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ទាមទារ​ឲ្យ​ចាក់វ៉ាក់សាំង​ឲ្យ​បានគ្រប់ៗគ្នា ទើប​អាច​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ប្រទេស​ ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់​ៗ​ ឬក៏ត្រូវទៅដើរលេងកម្សាន្ត​ នៅក្រៅប្រទេស​ ជាដើម​។

វ៉ាក់សាំងក៏ត្រូវបាន​គេផ្តល់​ជាអាទិភាព សម្រាប់បេក្ខជន ដែលត្រូវប្រឡងចូល​ជាមន្ត្រី​រាជការ ចាំបាច់​ជាអ្នកចាក់វ៉ាក់សាំងរួចរាល់​។ ក្នុងវិស័យ​ឯកជនជាច្រើនទៀត ពិសេស​នៅរោងចក្រ​កាត់ដេរ ក៏បានតម្រូវ​ឲ្យបុគ្គលិកកម្មករនិយោជិត ត្រូវតែចាក់វ៉ាក់សាំង​ឲ្យបានរួចរាល់ ទើបអនុញ្ញាត​ឲ្យចូលធ្វើការងារផងដែរ​។

ក្នុងអំឡុងពេលនេះ នៅប្រទេស​ជឿនលឿន​ បានចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋគេបានច្រើន ហើយ ដូចជានៅបារាំង នៅអាមេរិក ជាដើម ហាក់ដូចជា លែង​បារម្ភ​ពីការឆ្លងរាលដាល​កូវីដ១៩ ក្នុងសហគមន៍​តទៅទៀតហើយ។ នៅបារាំង ក៏ដូចជា​នៅប្រទេស​អឺរ៉ុបជាច្រើនទៀត​ បាន​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ លែងពាក់ម៉ាស ហើយអាចចូលរួម​មើលការប្រកួត​បាល់ទាល់​យ៉ាងសប្បាយ​ឡើងវិញ ក្នុងពេលប្រកួត​បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប Euro​ ២០២០​ នាពេលនេះ​។

នៅកម្ពុជាយើង នៅពេលនេះ យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ក៏បានធ្វើឡើង​នៅភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងបាន​ពង្រី​ក​ទៅកាន់បណ្តាខេត្ត​ជាច្រើនទៀត ខណៈដែលវ៉ាក់សាំង មកជាបន្តបន្ទាប់​ តាមរយៈការបញ្ជាទិញ​ពី​ប្រទេសចិន​។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែមិថុនា នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងបាន ៣ ៤១៦ ​០៧៥​នាក់​​ហើយ​។ តាមផែនការ​កម្ពុជា ត្រូវចាក់វ៉ាក់សាំង ដល់ប្រជាជន​អាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឲ្យបានយ៉ាងហោចណាស់ ១០លាននាក់​។

ដូច្នេះ​នៅពេលដល់វេន​ ត្រូវចាក់វ៉ាក់សាំង សូម​ប្រជាពលរដ្ឋយើង ត្រូវប្រញាប់ប្រញាល់​ទៅចាក់វ៉ាក់សាំង​តាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច​។ វ៉ាក់សាំង ការពារ​កុំ​ឲ្យឆ្លងកូវីដ ហើយបើ​ឆ្លង អ្នកចាក់វ៉ាក់សាំងរួច ក៏​មិនធ្វើទុក្ខ​ធ្ងន់ធ្ងរ​នោះឡើយ​។ វ៉ាក់សាំង​ ចាប់ផ្តើមក្លាយជាអាទិភាព​ ក្នុងការធ្វើដំណើរចេញក្រៅប្រទេស ចូលរួមទស្សនាការប្រកួតបាល់ទាត់ ហើយ​កម្ពុជាយើង ក៏​កំពុងរៀបចំ​កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ដូចបណ្តាប្រទេសជាច្រើនទៀតផងដែរ​។

យ៉ាងណាក៏ដោយ ពេល​ចាក់វ៉ាក់សាំងរួច ក៏ម្នាក់ៗ នៅតែត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​វិធានការទប់ស្កាត់ និងការពារការឆ្លងកូវីដ ពិសេសតាមវិធានការ​ ៣ការពារ និង៣កុំ ជាប់ជាប្រចាំ នៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងផងដែរ​៕