ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ ចោទប្រកាន់អ្នកសារព័ត៌មាន ៥នាក់ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ខណៈម្ចាស់ហាង​កាហ្វេ បើកល្បែងស៊ីសង ចាប់ខ្លួនដែរ

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានសម្រេចចោទប្រកាន់​អ្នកសារព័ត៌មានគ្នា…

កណ្តាល៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានសម្រេចចោទប្រកាន់​អ្នកសារព័ត៌មានគ្នា ៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និង​អ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់ ៦នាក់ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា៣៧២ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ​។ នេះបើតាម លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល។

បន្ទាប់ពីចោទប្រកាន់ នៅល្ងាច​ថ្ងៃទី២២មិថុនានេះ ជនត្រូវចោទទាំង ៦នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល​វិញ រង់ចាំ​ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ទើបបញ្ជូនមកតុលាការ​ម្តងទៀត ដើម្បីអោយ​លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី​។

សូមបញ្ជាក់ថា អ្នកសារព័ត៌មាន​ ៥នាក់ ជ្រកក្រោមផ្លាកសារព័ត៌មាន BATI TV NEWS និង​អ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់ ៦នាក់ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងទារប្រាក់» ពីអ្នកលក់កាហ្វេ​មួយកន្លែង តែមានលួចលាក់បើកល្បែងស៊ីសង ជល់មាន់តាម​អនឡាញ​។

ទន្ទឹមនេះ ម្ចាស់ល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកតុលាការ​ជាមួយគ្នា​ផងដែរ​។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាន​អោយដឹងថា ប្រតិបត្តិការបង្ក្រាប​នេះ គឺ​បន្ទាប់ពីទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី​លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ក្រុមជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល​។

សមត្ថកិច្ច ថ្លែងថា ជនសង្ស័យប្រុសស្រីចំនួន ៦នាក់ រួមមាន ៖ ១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS ២.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន ៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប​។ ដោយឡែក ម្ចាស់ហាងកាហ្វេ ដែលបើក​ល្បែងស៊ីសង មិនត្រូវបានគេប្រាប់​ឈ្មោះឡើយ។

ករណីនេះ គេចាំមើល តើ​អ្នកសារព័ត៌មានទាំង ៥នាក់ និងម្ចាស់ហាងកាហ្វេ ត្រូវបានតុលាការសម្រេចឃុំខ្លួនទាំងអស់គ្នា ឬក៏​ឃុំតែអ្នកសារព័ត៌មាន ហើយម្ចាស់ហាងកាហ្វេរួចខ្លួន?៕ ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ